មរតកជនរងគ្រោះ ក្រោយការបង្រ្កាបបាតុកម្មដើម្បីប្រាក់ខែ ១៦០ដុល្លា
បើទោះបីជា ព្រឹត្តិការណ៍ នៃការបង្រ្កាបទៅលើកម្មករទាមទារប្រាក់ខែ១៦០ដុល្លា នៅមុខរោងចក្រយ៉ាក ជីន និងនៅសួនកាណាឌីយ៉ា បានកន្លងទៅជាង៣ខែហើយក៏ដោយ តែការឈឺចាប់ និងស្លាកស្នាមរបួសបានបន្សល់ទុកអោយពួកគេ។ ខាងក្រោមនេះជាកិច្ចសម្ភាសខ្លីៗជាមួយជនរងគ្រោះ ដែលបានទទូលនូវមរតកយ៉ាងសោកសៅ បន្ទាប់ពីការបង្រ្កាបប្រកបដោយឈាម របស់កងកម្លាំងអាជ្ញាធរ។
កម្មកររងគ្រោះ មកទទួលថវិការឧបត្ថម្ភ នៅសហភាពការងារកម្ពុជា ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.infO/ C. Nita)
ជីវិត - «ថវិកាប៉ុណ្ណឹង ទោះចិញ្ចឹមកូន ក៏មិនរស់ដែរ និយាយរួមខ្ញុំចង់បានជិវិតប្តីខ្ញុំមកវិញ ព្រោះជីវិតប្តីខ្ញុំមិនអាចប្តូរនឹងលុយបានទេ» នេះជាការៀបរាប់របស់អ្នកស្រី ខាត់ សំនៀង ភរិយារបស់ជនរងគ្រោះដល់ជីវិត លោក គឹម ផល្លាភ ក្នុងព្រឹត្តិការណ៍ទាមទារប្រាក់ខែ១៦០ដុល្លា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤។ ស្វាមីរបស់អ្នកស្រី និងជាកម្មករនៅរោងចក្រហ្វតក្លរី នៅផ្លូវវ៉េងស្រេង បានស្លាប់បាត់បង់ជីវិត នៅពេលដែលបានចូលរួមទាមទារតវ៉ាជាមួយកម្មករដទៃទៀត ដើម្បីជំរុញអោយរដ្ឋាភិបាល និងនិយោជកពិចារណាឡើងវិញនូវការចរចា តម្លើងប្រាក់ខែ១៦០ដុល្លា ដើម្បីការរស់សមរម្យរបស់កម្មករ។
ក្រោយមរណៈភាពរបស់ លោក គឹម ផល្លាភ បានបន្សល់អោយភរិយា រួមនិងប្រុសអាយុទើបតែពីរខែ ជួបនូវបញ្ហាលំបាកជាច្រើន ដោយសារលោកជាជំហររបស់គ្រួសារ។ ក្រោយពីអត់ស្វាមីទៅ អ្នកស្រីខាត់ សំនៀង ជាកម្មកររោងចក្រសាន់តិច បានថ្លែងពីបញ្ហាដែលអ្នកស្រីត្រូវប្រឈមមុខ ជាពិសេសការខ្វះខាតជីវភាព ដោយកាលពីមុនពេលស្វាមីបានជួយទុក្ខធុរៈគ្នាទៅវិញទៅមក និងជួយរកប្រាក់ចំណូលខ្លះ។ ឥលូវអត់ពីស្វាមី អ្នកស្រីទៅត្រូវរកប្រាក់តែម្នាក់ឯងដើម្បីចិញ្ចឹមកូន។ កម្មការិនីរូបនេះ បានរៀបរាប់បន្តថា «កាលពីមុនធ្លាប់មានប្តីជំនួសដៃជើងបាន អត់ប្តីទៅហើយមានកូនទៀត អញ្ចឹងវាពិបាក ខ្លះមុខខ្វះក្រោយ ហើយខ្ញុំធ្វើការក៏មិនទាន់កើត ព្រោះខ្ញុំទើបតែកូនខ្ចីរួច ចូលធ្វើការមិនទាន់បាន»។
ស្រ្តីមេម៉ាយទាំងវ័យក្មេងរូបនេះ បានថ្លែងថា«សុំអោយរាជរដ្ឋាភិបាលទទួលខុសត្រូវលើជិវិតខ្ញុំ និងកូនខ្ញុំដែលកើតបានពីរទើបតែពីខែ នៅពេលដែលគេធំដឹងក្តី តើជិវិតគេពិបាកយ៉ាងណានៅពេលដែលគ្មានប៉ា។ ហើយសុំអោយរដ្ឋាភិបាលរកខុសត្រូវនិង រកអ្នកដែលសំលាប់ប្តីខ្ញុំផ្តន្ទាទោសតាមច្បាប់ និងផ្តល់ជាសំណងដើម្បីឲ្យខ្ញុំចិញ្ចឹមកូន។»
សម្រាប់កញ្ញា វ៉ុន ស្រីអូន មកពីស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កម្មការិនីនៅរោងចក្រយូស៊ីនិត ក្នុងថ្ងៃនៃការបង្រ្កាបរបស់សមត្ថកិច្ច កញ្ញាត្រូវបានគេបាញ់ចំជើង។ រហូតមកដល់ពេលនេះ ជើងរបស់កញ្ញាដែលត្រូវគ្រាប់កាំភ្លើងនៅតែ មានអាការៈឈឺចាប់ ហើយកញ្ញាក៏ត្រូវការប្រាក់ដើម្បីទិញថ្នាំផងដែរ។ ដោយសារតែជីវភាពខ្លះខាត កញ្ញាត្រូវបង្ខំចិត្តចូលធ្វើការជាថ្មី នៅរោងចក្រដដែល។
រីឯលោក មួន សុមាន ធ្វើការនៅរោងចក្រកាណាឌីយ៉ា អាគារ៥បេ ត្រូវបានអាជ្ញាធរវាយទាត់ធាក់យ៉ាងដំណំ និងមានរបួសស្ទើរពេញរាងកាយ បានអោយដឹងថា លោកត្រូវបានទាហានមានគ្នាបីនាក់ ព្រួតវាយទៅលើរូបលោករួមជាមួយមិត្តភក្តិម្នាក់ទៀត។ កម្មករមកពីខេត្តកំពុងស្ពឺរូបនេះបន្តថា«នៅពេលហ្នឹងខ្ញុំមិនសង្ឃឹមថារស់ទេ វាយខ្ញុំពីក្រោយឡើងធ្លាក់ឈាម ហើយភ្នែកខ្ញុំឡើងប៉ោង»។
ក្រោយពីការបង្រ្កាប ទៅលើកម្មករទាមទារប្រាក់ខែ១៦០ដុល្លា កាលពីដើមខែមករា បានបន្សល់ទុកអោយ អតីតកម្មកររោងចក្រកាណាឌីយ៉ារូបនេះ ពិការភ្នែកខាងឆ្វេង។ ភ្នែកខាងឆ្វេងដែលមានសភាពងងឹតនៅឡើយ មួន សុមាន បញ្ជាក់ថា «ពេទ្យគេថាអត់អាចជាផង ខ្ញុំទៅដល់ពេទ្យគៀនឃ្លាំងទៀត គេថាទោះវះកាត់ចាក់ថ្នាំម្ជុលមួយរយ ក៏អត់ជាដែរ»។ អ្វីដែលធ្វើអោយលោក ជួបការលំបាកថែមមួយកំរិតទៀត ទៅលើការរស់នៅប្រចាំថ្ងៃនោះ គេរូបលោក ត្រូវបានខាងរោងចក្របញ្ឈប់ដោយគ្មានមូលហេតុ។ សម្រាប់ជាជំហានបន្ទាប់ ដើម្បីរកប្រាក់ទ្រទ្រង់ជីវភាព និងព្យាបាលជំងឺ លោកមានតែត្រូវដើររករោងចក្រផ្សេងធ្វើ តែលោកមិនដឹងថា រោងចក្រផ្សេងនឹងទទួលលោកចូលធ្វើការឬយ៉ាងណានោះទេ។
លោក សុមាន យល់ថាការបង្រ្កាបរបស់សមត្ថកិច្ចដែលគ្រាន់តែទាមទារប្រាក់ខែ១៦០ដុល្លា ជារឿងព្រៃផ្សៃណាស់៖ «កម្មករគ្នាគ្មានអ្វីទាំងអស់ ដៃទទេ កងរាជអាវុធហត្ថដូចជាប៉លីស ទាហាន មានសុទ្ធតែដំបងឆក់សុទ្ធកាំភ្លើង បាញ់ស្រស់តែម្តង។ ខ្ញុំមិននឹកស្មានថា ខ្ញុំទាមទារប្រាក់ខែសុំតែមួយរស់ រាជរដ្ឋាភិបាលដាក់កងកម្លាំងមកធ្វើបាបកម្មករអញ្ចឹងទេ។»
ចំណែកឯកម្មករម្នាក់ទៀតឈ្មោះ លាស់ ពៅ មកពីរោងចក្រហ្វតក្លរី ក៏ទទួលវាសនាមិនខុសគ្នាពីលោក មួន សុមាន ដែរ ព្រោះត្រចៀកខាងឆ្វេងរបស់លោកម្ខាង ដែលត្រូវសមត្ថកិច្ចបាញ់ចំ ពេលនេះស្តាប់លែងលឺហើយ។ ជាប្រជាពលរដ្ឋពីខេត្តកំពង់ឆ្នាំង លោក លស់ ពៅ បានប្រាប់អោយដឹងទៀតថា លោក នៅមិនទាន់អាចចូលធ្វើការបាននៅឡើយទេ ដោយសារត្រចៀកនៅឈឺចាប់ខ្លាំង។ តែសម្រាប់កម្មកររូបនេះ ជីវភាពមិនជាប៉ះពាល់ប៉ុន្មានទេ ដោយសារមានជំនួយពីបងប្អូននៅក្រៅស្រុក និងក្នុងស្រុកជួយឧបត្ថម្ភ៕
----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១០ មេសា ២០១៤