ហ៊ុន សែន ចង់បំបែក សម រង្ស៊ី និង កឹម សុខា?
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពគ្នា លើចំណុចគន្លឹះច្រើនហើយ ក្រោយការសន្ទនាផ្ទាល់រវាងលោក និងលោកសម រង្ស៊ី តែនៅមានបញ្ហាមួយចំនួន នៅបន្តខ្វែងគំនិតគ្នានៅឡើយ ហើយបញ្ហាទាំងនោះអាចបន្តជាប់គាំង ប្រសិនបើលោកកឹម សុខា បង្ហាញឥរិយាបថរឹងទទឹង។ ជាការលើកឡើង ដែលធ្វើឲ្យយល់ថា លោកនាយករដ្ឋមន្ត្រីកំពុងអនុវត្តន៍ យុទ្ធវិធីបំបែកបំបាក់ រវាងមេដឹកនាំប្រឆាំងទាំងពីររូប។
លោក ហ៊ុន សែន នៅពេលលោកនៅជកបារីនៅឡើយ។ (រូបថត ឯកសារ)
នយោបាយ - លោកហ៊ុន សែន បានលើកឡើងថា លោកបានស្នើទៅលោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ជំរុញឲ្យលោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ គម្បីកុំមានការរឹងរួសខ្លាំងពេកក្នុងការចរចា ខណៈលោកសម រង្ស៊ី ជាប្រធានគណបក្ស ឬថ្នាក់ដឹកនាំ ហេតុអ្វីមិនអាចសម្រេចបាន ហើយចាំបាច់សុំការសម្រេចពីថ្នាក់ក្រោម?
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៅវិទ្យាស្ថានអប់រំថ្ងៃទី១០ មេសា នេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថាក្រោយការចរចារតាមទូរស័ព្ទរវាងរូបលោក និងលោកសម រង្ស៊ី គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពគ្នាលើការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ និងការកែទម្រង់ការបោះឆ្នោត។ តែចំណុចសំខាន់គឺការកំណត់ពេលបោះឆ្នោតឡើងវិញ នៅជាបញ្ហានៅឡើយ ដោយមិនទាន់មានការបរិច្ឆេតច្បាស់លាស់នៅឡើយ។
ទន្ទឹមនឹងនេះលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានសម្តែងការព្រួយបារម្ភថា ប្រសិនបើការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដើរដល់ភាពទាល់ច្រកជាថ្មី នោះមិនមែនជាកំហុសរបស់លោកសម រង្ស៊ី និងលោកនោះទេ តែអាចជាកំហុសរបស់លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលបង្ហាញអាកប្បកិរិយារឹងទទឹង។
ភ្លាមៗនេះ គេនៅមិនទាន់ឃើញប្រតិកម្មត្រូវបានធ្វើ ពីសំណាក់គណបក្សសង្គ្រោះជាតិ ដើម្បីឆ្លើយតបនឹងការលើកឡើងរបស់លោក ហ៊ុន សែន នោះនៅឡើយ។
តែក្នុងកិច្ចសន្ទនាជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្រ្តីមួយរូបរបស់គណបក្សសង្រ្គោះជាតិបានថ្លែងថា គណបក្សសង្រ្គោះជាតិមិនមែនជាក្រុមហ៊ុនឯកជននោះទេ តែជាគណបក្សប្រជាធិបតេយ្យមានតម្លាភាព តាមរយៈការពិគ្រោះយោបល់គ្នា ហើយគណបក្សនេះ ក៏មិនមែនជាកេរដំណែលរបស់លោក កឹម សុខា និងលោក សម រង្ស៊ី ដែរ។
មន្រ្តីដដែលនោះបន្ថែមថា ដូច្នេះរាល់ការសម្រេចិត្តរបស់គណបក្ស គឺត្រូវឈរលើគោលការណ៍«កុងសង់ស៊ីស» គឺការឯភាពគ្នា រវាងថ្នាក់ដឹកនាំកំពូលៗរបស់គណបក្ស ដែលមានសិទ្ធិធ្វើសេចក្តីសម្រេចចិត្តផ្នែកនយោបាយ។ មន្រ្តីរូបនេះបញ្ជាក់ថា៖ «វាទៅទាំងបាច់ ទាំងចង្កោម ក៏ត្រូវមកសួរគណៈអចិន្រ្តៃយ៍ដែរ ទាំងកម្លាំងផ្ទៃក្នុង និងមហាជន បើគេមិនជួយ ក៏គណបក្សហ្នឹង លោក សម រង្ស៊ី និងលោក កឹម សុខា ធ្វើតែឯងមិនបានដែរ៕»
-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ មេសា ២០១៤