ម៉ាឡេស៊ីអ៊ែរឡាញ លប់ចោលល្បែងប្រកួតប្រជែង ដ៏អាក្រក់មួយ
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៣ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 04, 2014
- ប្រធានបទ: គ្រោះយន្ដហោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ផ្នែកអ្នកបង្កើតល្បែងប្រកួតប្រជែងនេះ មិនបានគិតដល់ទេថា វិញ្ញាសារដែលពួកគេបានដាក់ចុះមក បង្កឲ្យមានប្រតិកម្មខ្លាំងក្លាដូច្នេះឡើយ។ ប្រតិកម្មរហូតដល់ធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ ប្រកាសលប់ចោលការប្រកួតប្រជែងនេះ ដែលមានបំណងចង់ប្រគល់សំបុត្រធ្វើដំណើរដោយមិនគិតថ្លៃ ទៅដល់អ្នកដែលឆ្លើយត្រូវនឹងសំនួរ។
សំនួរនោះ គឺអ្នកចូលរួមត្រូវសរសេរជាបញ្ជីមួយ នៃទិសដៅធ្វើដំណើរដែលខ្លួនចង់ទៅ មុននឹង«ស្លាប់»។ បណ្ដាញទូរទស្សន៍របស់បារាំងមួយ បាននិយាយថា នេះជាការល្បងប្រាជ្ញាដ៏អាក្រក់មួយ ខណៈពេលដែលក្រុមហ៊ុន បានជួបគ្រោះថ្នាក់យន្ដហោះ ដល់ទៅពីរដង ស្លាប់មនុស្សដល់ទៅជាង៥០០នាក់ តែក្នុងរយៈពេលត្រឹមតែ៤ខែប៉ុណ្ណោះ។
ការបង្កើតល្បែងនេះឡើង ដើម្បីចង់ផ្ដល់ឱកាស ទៅឲ្យអតិថិជនរបស់ខ្លួនសារជាថ្មី ដោយសារតែតាំងពីជួបព្រឹត្តិការណ៍ផ្ទួនៗគ្នានេះហើយ ក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសម៉ាឡេស៊ីមួយនេះ បានកំពុងជួបប្រទះ នូវវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ រូបថតជាច្រើន ត្រូវបានបង្ហោះផ្សព្វផ្សាយ ពាសពេញបណ្ដាញសង្គម បង្ហាញកៅអីទំនេរសឹងតែទាំងអស់ នៅក្នុងយន្ដហោះ ម៉ាឡេស៊ីអ៊ែរឡាញ។ ក្រុមហ៊ុនក៏បានប្រកាសផងដែរ ពីការបញ្ឈប់បុគ្គលិក ៦០០០នាក់ ប្រមាណជា១ភាគបី នៃបុគ្គលិកទាំងអស់។
ប៉ុន្តែការបង្កើតល្បែងប្រកួតប្រជែង ដែលសម្រាប់តែអតិថិជន ជាតិអូស្ត្រាលី និងញ៉ូ ហ្សេឡេននោះ បានបង្កឲ្យមានការវាយតបត្រឡប់មកវិញ យ៉ាងជូរចត់ ដោយសារតែល្បែងនេះ បានបង្ហាញសំនួរដែលមិនបានគិតពីខ្លួនឯង។ បណ្ដាញផ្សាព្វផ្សាយជាច្រើន របស់ប្រទេសទាំងនោះ បានលើកមកធ្វើការប្រៀបធៀបថា៖ «តើពិតជាមហាសមុទ្រឥណ្ឌាខាងត្បូង (តំបន់ដែលយន្ដហោះទីមួយ បានធ្លាក់បាត់ខ្លួន?) និងតំបន់សង្គ្រាមនៅប្រទេសអ៊ុយក្រែន (តំបន់ដែលយន្ដហោះទីពីរ ត្រូវបានបាញ់ទម្លាក់?) នោះមែនឬ ជាទិសដៅធ្វើដំណើរដ៏ថ្លៃថ្លា ដែលអ្នកដំណើរទាំងឡាយក្នុងពិភពលោក ចង់ធ្វើដំណើរជាមួយម៉ាឡេស៊ីអ៊ែរឡាញ?»៕