ទារកអាយុ១០ខែ ត្រូវបង្ខំឲ្យស្រោចទឹកកកពីលើ ដើម្បីចូលរួម Ice Bucket Challenge
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៣ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 04, 2014
- ប្រធានបទ: ចាក់ទឹកកក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើយុទ្ធនាការ «Ice Bucket Challenge» កំពុងធ្វើដំណើរទៅហួសព្រំដែនរបស់វាឬ? នៅក្នុងប្រទេសកម្ពុជា មនុស្សមួយចំនួនបានគិតថា និមិត្តរូបនៃការចាក់ទឹកនេះ អាចជាការខ្ជះខ្ជាយមួយ។ ហើយមនុស្សមួយចំនួនទៀត ដែលមិនសូវជា«បរទេសនិយម» ក៏បានច្រានចោលនូវយុទ្ធនាការ ដែលកំពុងបង្អើលពិភពលោក ឲ្យធ្វើតាមគ្នាតៗនោះដែរ។
ដោយឡែក លោក រ៉ឺជី ស្តេវ៉ា (Reggie Stewart) ជនជាតិអាមេរិកាំងមកពីរដ្ឋតិចសាស បានបង្ហោះតាំងពីប៉ុន្មានថ្ងៃហើយ នូវវីដេអូមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានបង្ហាញឲ្យឃើញថា លោកបានចាក់ទឹកកកយ៉ាងត្រជាក់ ពីក្នុងធុងដ៏ធំមួយ ស្រោចទៅលើចៅស្រីរបស់លោក ដែលទើបនឹងមានអាយុ១០ខែប៉ុណ្ណោះ។ បើទោះជាលោកបានអះអាងថា លោកបានធ្វើនៅក្នុងរង្វង់ នៃយុទ្ធនាការ «Ice Bucket Challenge» នេះក៏ដោយ តែទង្វើរបស់លោក បានបង្កឲ្យផ្ទុះជាសង្គ្រាមសម្ដីឡើង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។
លោក រ៉ឺជី ស្តេវ៉ា អាចជាសកម្មជនមិនចេះរាថយមួយ នៃយុទ្ធនាការ«ងូតទឺកកក» ដ៏ល្បីល្បាញនេះ។ ប៉ុន្តែអ្វីដែលបានពញ៉ាក់អារម្មណ៍ឲ្យមនុស្សគ្រប់គ្នា មិនសូវសប្បាយចិត្តនោះ ដោយសារតែលោកបានយកទារិកាអាយុ១០ខែ មកចូលរួមជាមួយ។ លោក ស្តេវ៉ា បានចាក់ស្រោចទឹកកក ទៅលើខ្លួនលោក តែបានធ្លាក់ស្រោចទៅលើ នាងតូចឈ្មោះ អារីយ៉ា (Aria) ដែលដាក់ឲ្យអង្គុយនៅក្នុងរទេះរុញ (ឲ្យទារករៀនដើរ)។
«ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងណាស់។ វាបានធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក ទាំងក្ដៅក្រហាយ។ នេះជាអ្វីដែលខ្ញុំអាចនិយាយ។» ឪពុករបស់ទារិកា លោក ខ្លូត ដាកួរ បានប្រតិកម្មឡើងនៅតាមកញ្ចក់ទូរទស្សន៍ Fox26។ លោកបានបន្ថែមទៀតថា «វាជាទារុណកម្មមួយ ព្រោះថាកូនស្រីខ្ញុំនៅជាទារកនៅឡើយ។ នាងមិនទាន់យល់ពីអ្វីទេ។»
បើទោះជាវីដេអូបានបញ្ចប់ទៅ មុនប្រតិកម្មរបស់ អារីយ៉ា ក៏ដោយ តែបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងអារម្មណ៍«រន្ធត់»ជំនួសនាងតូច ហើយរឿងនេះបានដឹងភ្លាមដល់អាជ្ញាធរ។ នគរបាលមួយក្រុមបានទៅដល់ផ្ទះរបស់លោក រ៉ឺជី ស្តេវ៉ា ដើម្បីពិនិត្យមើលឲ្យច្បាស់ពីសុវត្ថិភាពរបស់ទារិកា។ ប៉ុន្តែមកទល់នឹងពេលនេះ មិនមានបទចោទប្រកាន់ណាមួយ ត្រូវបានដាក់បន្ទុក ទៅលើជីតាចិត្តអាក្រក់នេះនៅឡើយ៕
វីដេអូលោក រ៉ឹជី ស្តេវ៉ា៖