បារាំង៖ វាយ​ទារក​ខ្លួន​ឯង​រហូត​ស្លាប់ រួច​ប្រាប់​អាជ្ញាធរ​ថា​បាត់​ខ្លួន

បន្ទាប់ពីត្រូវបាននគរបាលឃាត់ខ្លួន ជាបណ្ដោះអាសន្ន ដើម្បីទុកស៊ើបអង្កេតនោះមក ឪពុកម្ដាយរបស់ទារក បានសារភាព ហើយបាននាំអ្នកស៊ើបអង្កេត ទៅកាន់កន្លែងដែលពួកខ្លួន បានកប់កូនតូចដ៏អភ័ព ដាក់ក្នុងស្បោងផ្លាស្ទីកមួយ។ អនិច្ចារ ...
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី៣១ សីហា ២០១៤
  • កែប្រែចុងក្រោយ: September 01, 2014
  • ប្រធានបទ: ហិង្សាលើទារក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជើងទារក (មិនមែនជាជើងរបស់ទារករងគ្រោះនោះទេ)។ (រូបថត MONOROOM.info/ D.KEO)

ម្ដាយឪពុក របស់ទារក ឡ័ន (Loan) ដែលទើបនឹងត្រូវបាន គេរកឃើញសាកសពនៅថ្ងៃអាទិត្យទី៣១ ខែ​សីហានេះ បានសារភាពថា កូនខ្ចីរបស់ខ្លួន បានរងគ្រោះនឹងអំពើហិង្សាដ៏ខ្លាំងក្លា តាំងពីច្រើនថ្ងៃមកហើយ មុននឹងអ្នកទាំងពីរនេះ បានមកប្ដឹងអាជ្ញាធរ ពីការបាត់ខ្លួនរបស់កូន។

លោករដ្ឋអាជ្ញានៃសាធារណរដ្ឋបារាំង ប្រចាំតំបន់ ហ្គេរ៉េ (Guéret) បានថ្លែងពន្យល់ថា «បើតាមការ​ស៊ើប​អង្កេតជាជំហានដំបូង បានបង្ហាញថា ទារកត្រូវបានដឹកយកទៅកប់ នៅក្បែរបឹងមួយ ដោយឪពុកម្ដាយ​ទាំង​ពីរ»។ ទារកត្រូវបានខ្ចប់ ទៅក្នុងស្បោងផ្លាស្ទីក មុននឹងកប់ទៅក្នុងដី។

លោករដ្ឋអាជ្ញាបានបន្ថែមទៀតថា បន្ទាប់មក ឪពុកម្ដាយបានត្រឡប់មកកាន់គេហដ្ឋានវិញ ហើយ​បង្កើត​ជា​សាច់រឿងមួយ ដើម្បីប្ដឹងទៅនគរបាលពីការបាត់ខ្លួនរបស់កូន។ ទារកប្រហែលជាបានស្លាប់ តាំងពីដើម​សប្ដាហ៍មុននេះ ប៉ុន្តែហេតុការណ៍ទើបនឹងបានបែកធ្លាយ នៅប៉ុន្មានថ្ងៃមុននេះ។

ឪពុក ដែលមានមុខរបរជាជាងកំបោរ បានសម្រេចចិត្តសារភាព ហើយបានទទួលស្គាល់ថា ខ្លួនធ្លាប់​បាន​ប្រើអំពើហិង្សា ហើយករណីនេះបានអះអាងបញ្ជាក់ដូចគ្នាដែរ ដោយស្ត្រីជាម្ដាយ។ ប៉ុន្តែលោករដ្ឋអាជ្ញា ចង់​រកឃើញឲ្យកាន់តែច្បាស់ទៀតថា នាងជាម្ដាយក៏ធ្លាប់វាយកូនខ្ចីរបស់ខ្លួនដែរ។ លោកនិយាយថា៖ «សកម្មភាពរ​បស់អ្នកទាំងពីរ មានការជាប់សង្ស័យច្រើនជាងអ្វី ដែលពួកគេបានសារភាពប្រាប់យើង»។

តើនេះអាចជាករណី នៃអំពើហិង្សាដោយអចេតនាមួយ ដែលបានបណ្ដាលឲ្យស្លាប់ដោយចៃដន្យឬ? លោក​រដ្ឋអាជ្ញាបានបដិសេធការដាក់ទណ្ឌកម្ម ទៅលើទារកអាយុ៤ខែ ដូចការលើកឡើងនេះ។ «ជាកូនខ្ចីដ៏តូចមួយ ដែលគេត្រូវតែថ្នមថ្នាក់ឲ្យបានខ្លាំងបំផុត បើយោងទៅនឹងបញ្ហាសុខភាពដែលកូនខ្ចីនេះមាន ដូចជាភាព​មិន​ប្រក្រតី នៃការរីកលូតលាស់របស់បេះដូង ដែលតម្រូវឲ្យមានការវះកាត់ តាំងពីខែកក្កដាកន្លងមក»។

សាកសពទារក ត្រូវបានបញ្ជូនទៅពិនិត្យ កោសល្យវិច្ច័យ ដើម្បីដឹងឲ្យពិតប្រាកដ ពីស្លាកស្នាមឬមូលហេតុ ដែលឈានទៅដល់មរណភាព។ រីឯឪពុកម្ដាយទាំងពីររូប ត្រូវបានលោករដ្ឋអាជ្ញាសម្រេច ឲ្យនៅឃុំ​ខ្លួន​ដើម្បីទុកស៊ើបអង្កេត ជាបន្តទៅទៀត ដោយសារតែអ្នកទាំងពីរទើបនឹងសារភាព នៅយប់ថ្ងៃអាទិត្យមុននេះ​ប៉ុណ្ណោះ។ អ្នកទាំងពីរ បានក្លាយជាជនសង្ស័យខ្លាំងជាងគេ តាំងពីថ្ងៃសៅរ៍បន្ទាប់ពីនគរបាល បានឃាត់ខ្លួន​ពួកគេ ដើម្បីធ្វើការសួរនាំ។ លោករដ្ឋអាជ្ញា បាននិយាយពីភាពមិនសមហេតុផល និងរឿងដែលមិនពិត ដែល​អ្នកទាំងពីរបានរាយការណ៍ ដែលជំរុញឲ្យមានការសង្ស័យកាន់តែខ្លាំងឡើង នៅចំពោះ​អ្នកស៊ើប​អង្កេត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...