ភ្លេចខ្លួនមួយភ្លែត ចោរលួចម៉ូតូបាត់ នៅព្រែកអញ្ចាញ
- ដោយ: ក. ស្រីនាង អត្ថបទ៖ នាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២០ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 21, 2015
- ប្រធានបទ: ចោរកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្លេចមើលមួយភ្លែត ត្រូវចោរលួចម៉ូតូបាត់! តើចោរមានជំនាញ ខាងលួចរហ័ស ឬនៅប្រទេសកម្ពុជា សម្បូរចោរដល់ថ្នាក់ ទុកអ្វីប្រហែសបន្តិច ក៏ត្រូវចោរលួចបាត់ឬ?
នេះ ជាករណីចោរលួចម៉ូតូមួយគ្រឿង ដែលកើតឡើង នៅវេលាម៉ោង៤ និង៥០នាទី ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងហាងលក់កាហេ្វបាយ ឈ្មោះ «ម្លប់ស្វាយបាយមាន់ស្រែ» ស្ថិតនៅតាមផ្លូវលេខ៦ ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
លោក សេង សុថា ជាម្ចាស់ម៉ូតូហុងដាឌ្រីម សេរី ២០១៣ មានស្លាកលេខ បាត់ដំបង ១០ ៨២៧១ មានវ័យ ៤៦ឆ្នាំ បានឲ្យដឹងថា ជារៀងរាល់ព្រឹក លោកបានអូសម៉ូតូចេញពីបន្ទប់ មកទុកខាងក្រៅ ហើយគាត់បានរៀបសាច់អាំង និងតុការហ្វេដើម្បីលក់។ លោករៀបរាប់ថា លោកបានភ្លេចខ្លួនមួយភ្លែត ស្រាប់តែចោរលួចយកម៉ូតូនោះ ទៅបាត់។
រីឯមន្ត្រីសមត្ថកិច្ចនៅតំបន់នោះ បានទទួលស្គាល់ថា បានឲ្យដឹងថា មានសង្ឃឹមតិចតួចណាស់ ដែលអាចរកឃើញមុខសញ្ញាចោរ និងយកម៉ូតូមកវិញ។ លោក សម សុផល់ ជាមេប៉ុស្តិ៍ឃុំព្រែកអញ្ចាញ បានសន្និដ្ឋានថា ពួកចោរទាំងនោះបានតាមឃ្លាំមើលជា យូរមកហើយ ទើបហ៊ានចូលលួចបែបណ្នឹង។
ពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ក៏បានបញ្ជាក់ដែរថា នៅក្នុងករណីនេះ ក្រុមសមត្ថកិច្ចបានត្រឹម តែមកធ្វើកំណត់ហេតុ និងសន្យាតាមដានជនសង្ស័យតែប៉ុណ្ណោះ។ នាពេលកន្លងមក មានម៉ូតូបាត់ជាញឹកញាប់ នៅក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល និងផ្សារនានាក្នុងស្រុក តែលទ្ធផលនៅតែដដែល គឺរកជនប្រព្រឹត្តិ មិនដែលឃើញទេ៕