ចាក់សម្លាប់អ្នកគ្រូ២៨កាំបិត សង្ស័យឃាតករជាគ្រូបង្រៀនដូចគ្នា
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ២០ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 21, 2015
- ប្រធានបទ: មនុស្សឃាត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យុវតីម្នាក់ ត្រូវបានរកឃើញដេកស្លាប់ យ៉ាងអាណោចអាធម នៅនឹងដងផ្លូវដ៏ស្ងាត់មួយ ដោយការចាក់ជាច្រើនកាំបិត។ ជនរងគ្រោះ ដែលគេស្គាល់ថាឈ្មោះ ផែន សុផានី អាយុ២៣ ឆ្នាំ ជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ នៅសាលាប៊ែលធីអន្តរជាតិ សាខាក្រុងតាខ្មៅ។ ករណីនេះ ត្រូវបានគេប្រទះឃើញសាកសព ឈានដល់បង្កការភ្ញាក់ផ្អើល ដល់ក្រុមសមត្ថកិច្ច នាវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៥ ក្នុងចំណុច ភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ក្រោយពីធ្វើកោសល្យវិច័យ មន្រ្តីសមត្ថកិច្ចបានឲ្យដឹងថា របួសដោយកាំបិត នៅលើខ្លូនស្រ្តីរងគ្រោះ មានចំនួន២៨កន្លែង។ ភ្លាមៗសមត្ថកិច្ចបានសន្និដ្ឋានថា ស្រ្តីរងគ្រោះស្លាប់ ដោយសារឃាតកម្មគុំនុំ (សងសឹក) ត្រូវជនមិនស្គាល់មុខធ្វើឃាត នៅពេលនាងធ្វើដំណើម្នាក់ឯង នៅតាមដងផ្លូវដ៏ស្ងាត់នេះ។ ស្រ្តីម្ចាស់បន្ទប់ជួល របស់យុវតីរងគ្រោះ បានបញ្ជាក់ថា នាងមិនបានមកសម្រាក នៅក្នុងបន្ទប់ តាំងពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា មកម្លេះ។ នេះបើតាមការស្រាវជ្រាវ របស់ក្រុមសមត្ថកិច្ចមូលដ្ឋាន។
ក្រោយពីទទួលបានតម្រុយទាំងនេះ សមត្ថកិច្ចបានស្រាវជ្រាវ ឈានដល់ឃាត់ខ្លួន យុវជនម្នាក់ឈ្មោះ រុំ សុងហេង ភេទប្រុស អាយុ២១ឆ្នាំ ដែលជាគ្រូបង្រៀន នៅសាលាប៊ែលធីដូចគ្នា មានទីលំនៅភូមិលេខ១ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។ សមត្ថកិច្ចបញ្ជាក់ថា ដោយយោងលើវត្ថុតាង មានសម្លៀកបំពាក់ប្រលាក់ឈាម និងស្នាមដាច់មុតនៅប្រអប់ដៃស្តាំ របស់ជនសង្ស័យផងនោះ មន្រ្តីសមត្ថកិច្ចបានឃាត់ខ្លូន ជននេះភ្លាមៗ។
បច្ចុប្បន្នកំពុងធ្វើការស្រាវជ្រាវ ស្វែងរកមុខសញ្ញាជនសង្ស័យបន្ថែម ដែលប្រព្រឹត្តឃាតកម្មដ៏រន្ធត់មួយនេះ ដើម្បីចាប់ឲ្យមកទទួលទោស តាមច្បាប់។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ករណីនេះ ជារណីឃាតកម្មគ្រោងទុកជាមុន ព្រោះនារីរងគ្រោះ និងជនសង្ស័យ ជាគ្រូបង្រៀននៅសាលាជាមួយគ្នា៕