អតីតអ្នកច្បាប់ថា បណ្ដឹងរឿង«ក៥»ប្រឆាំង ហ៊ុន សែន-ហេង សំរិន មិនអាចធ្វើបាន
- ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០៨ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 08, 2017
- ប្រធានបទ: កិច្ចសម្ភាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បណ្ដឹងរបៀបនេះ អាចធ្វើទៅបាន លុះត្រាមានការព្រមព្រៀង រវាងអង្គការសហប្រជាជាតិ ជាមួយនឹងរដ្ឋាភិបាលខ្មែរមួយ ដែលមិនមែន ជារដ្ឋាភិបាលដឹកនាំដោយរដ្ឋាភិបាល លោក ហ៊ុន សែន (ដូចទៅនឹងករណីសាលាក្ដីវិសាមញ្ញ ដែលកំពុងកាត់ទោស មេដឹកនាំខ្មែរក្រហម សព្វថ្ងៃ)។ គេមិនអាចដាក់ពាក្យបណ្ដឹង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «ក៥» នេះ ចូលទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ហៅកាត់ តាមភាសាអង់គ្លេស «ICC» ឬភាសាបារាំង «CPI») បានទេ ដោយហេតុថា សាលាក្ដីអន្តរជាតិមួយនេះ គ្មានយុត្ថាធិការ ដើម្បីចាត់ការទៅលើសំនុំរឿង ដែលបានកើតឡើង មុនថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០២ (ថ្ងៃដែលអនុសញ្ញាក្រុង រ៉ូម ទាក់ទងនឹងការបង្កើតសាលាក្ដីនេះ បានចូលជាធរមាន) នោះឡើយ។
ខាងលើនេះ ជាសេចក្ដីសង្ខេបមួយ ពីការលើកឡើងរបស់អតីតមន្ត្រីច្បាប់ខ្មែរ លោក ព្រហ្ម គិត ដែលសព្វថ្ងៃកំពុងរស់នៅ ក្នុងតំបន់ភាគខាងត្បូង នៃប្រទេសបារាំង។ អតីតមន្ត្រីរូបនេះ បានផ្ដល់កិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដើម្បីបកស្រាយឲ្យឃើញ ពីទិដ្ឋភាពច្បាប់អន្តរជាតិ ថាតើអាចទៅរួចឬទេ ជុំវិញការលើកឡើង កាលពីពេលថ្មីៗនេះ របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលអះអាងថា កំពុង«កសាងសំណុំរឿង ដើម្បីឲ្យតុលាការអន្តរជាតិ តាមចាប់ ហ៊ុន សែន និង ហេង សំរិន យកទៅកាត់ទោស តាមច្បាប់អន្តរជាតិ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សលោក» ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «ក៥»។
ប្រធានគណបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន ចេញពីការចាប់ចង របស់អាជ្ញាធរខ្មែរ បានសរសេរនៅលើទំព័រ ហ្វេសប៊ុក របស់លោក កាលពីថ្ងៃអង្គារម្សិលម៉ិញ ចោទលោក ហ៊ុន សែន និងលោក ហេង សំរិន ថាជា«ឃាតករ ជាប់ពាក់ព័ន្ធ ក្នុងការសម្លាប់រង្គាល មកលើពលរដ្ឋខ្មែរ កាលពីសម័យផែនការ "ក៥"» និងថា លោកទាំងពីរ «បានអនុវត្ត ផែនការ ក៥ តាមបញ្ជាពីយួន ដែលចង់ឲ្យខ្មែរសម្លាប់ខ្មែរ តទៅទៀត បន្ទាប់ពី ប៉ុល ពត»។
លោក សម រង្ស៊ី បានសរសេរបន្តថា៖ «យើងកំពុងតែកសាងសំណុំរឿង ដើម្បីឲ្យតុលាការអន្តរជាតិ តាមចាប់ ហ៊ុន សែន និង ហេង សំរិន យកទៅកាត់ទោសតាមច្បាប់អន្តរជាតិ ពីបទឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សលោក គឺការសម្លាប់រង្គាល ឬការកែនពលរដ្ឋស្លូតត្រង់ដោយបង្ខំ បញ្ជូនទៅឲ្យស្លាប់ ក្នុងទ្រង់ទ្រាយធំ ដូចកាល ៤-១០ ឆ្នាំក្រោយពីរបប ប៉ុល ពត»។
តុលាការអន្តរជាតិនោះ នៅឯណា?
«ចង់ប្ដឹងលោក ហ៊ុន សែន និងលោក ហេង សំរិន ឡើងទៅតុលាការអន្តរជាតិ? ថាតើតុលាការអន្តរជាតិ នៅឯណា?» នេះ ជាសំណួររបស់លោក ព្រហ្ម គិត ដែលចោទសួរត្រឡប់មកវិញ មុននឹងបន្តដូច្នេះ៖ «បើថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលយើងហៅថា "CPI" (ហៅតាមភាសាបារាំង) នេះ គឺមិនអាចទៅរួចទេ ព្រោះតុលាការនេះគ្មានយុត្ថាធិការ ឬអំណាចទៅចាត់ការ លើរឿងរ៉ាវដែលកើតឡើង នៅមុនខែកក្កដា ឆ្នាំ២០០២នោះឡើយ»។
ផ្ទុយទៅវិញ តុលាការអន្តរជាតិ ដែលមានលក្ខណៈវិសាមញ្ញមួយ អាចនឹងកើតឡើង ដើម្បីចាត់ការលើ«ផែនការ ក៥»នេះបាន ប្រសិនជាអង្គការសហប្រជាជាតិ យល់ព្រមឲ្យមាន ដោយយោងទៅលើស្ថានទំងន់ទោស ដែលមាននៅក្នុងអំពើឧក្រិដ្ឋនោះ ដូចករណីសាលាក្ដីវិសាមញ្ញ សម្រាប់កាត់ទោស ទៅលើមេដឹកនាំខ្មែរក្រហមសព្វថ្ងៃអញ្ចឹង។ ហើយការយល់ព្រមនេះ ក៏ត្រូវមានការព្រមព្រៀង ពីប្រទេសសាមីដែរ។ លោក ព្រហ្ម គិត បានពន្យល់ ដោយលើកយកករណី នៃការកាត់ទោស ទៅលើមេដឹកនាំខ្មែរក្រហម មកបញ្ជាក់ថា បើប្រទេសសាមី គេថា គ្មានអំពើឧក្រិដ្ឋនេះកើតឡើងទេ ក៏អង្គការសហប្រជាជាតិ មិនអាចរំលោភលើអធិបតេយ្យភាព របស់ប្រទេសសាមីនោះ រួចហើយទៅបង្កើតសាលាក្ដីវិសមញ្ញមួយ ទាំងប្រថុយប្រថាននោះដែរ។
ដូច្នេះ វាមានភាពចាំបាច់ សម្រាប់រដ្ឋាភិបាល នៃប្រទេសសាមី ដែលត្រូវមានឆន្ទះនយោបាយ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ដែលជាពលរដ្ឋរបស់ខ្លួន នៅក្នុងហេតុការណ៍មួយ នៃប្រវត្តិសាស្ត្រ។ លោក ព្រហ្ម គិត បានបន្តថា៖ «រដ្ឋាភិបាលនោះ គឺប្រាកដជាមិនមែន រដ្ឋាភិបាលរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះឡើយ។ លោក ហ៊ុន សែន មិនល្ងង់ទៅយល់ព្រម ឲ្យបង្កើតតុលាការវិសាមញ្ញមួយឡើង ដើម្បីយកមកកាត់ទោសខ្លួនលោកនោះទេ។»។
គ្រួសារជនរងគ្រោះ ត្រូវអស់សង្ឃឹមឬ?
យ៉ាងណា អតីតមន្ត្រីច្បាប់ចំណាស់រូបនេះ បានបញ្ជាក់ថា ជនរងគ្រោះ ឬគ្រួសារជនរងគ្រោះ នៅក្នុង«ផែនការ ក៥» ដែលសព្វថ្ងៃរស់នៅឯបរទេស (ឧទាហរណ៍ អាមេរិក បារាំង ឬអូស្ត្រាលី) អាចដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការនៃប្រទេស ដែលខ្លួនកំពុងរស់នៅនោះ ដើម្បីឲ្យតុលាការនៃប្រទេសនោះ រកយុត្តិធម៌ឲ្យខ្លួន ឬអាចឈាន ទៅស្វែងរកជនទទួលខុសត្រូវ ក្នុងរឿងនេះ មកផ្ដន្ទាទោសបាន (ច្បាប់ប្រទេសខ្លះ អនុញ្ញាតឲ្យចាត់ការ ក្នុងសំនុំរឿងប្រហាក់ប្រហែលនេះ ដោយមិនចាំបាច់ ថាជនរងគ្រោះ ជាពលរដ្ឋ ឬមានសញ្ជាតិរបស់ប្រទេសនោះទេ)។
លោក ព្រហ្ម គិត បានថ្លែងបន្តថា ជាការពិតហើយ លោក ហ៊ុន សែន និងលោក ហេង សំរិន ដែលរស់នៅក្នុងប្រទេសកម្ពុជា ពិតជាមិនស្ថិតក្រោមចំណាត់ការច្បាប់ របស់ប្រទេសទាំងនោះទេ។ ប៉ុន្តែ ប្រសិនជាតុលាការនៃប្រទេសណាមួយ ដែលម្ចាស់បណ្ដឹងបានប្ដឹង បានរកឃើញថា លោកទាំងពីរមានទោសមែន នោះតុលាការអាចចេញដីកាឲ្យចាប់ខ្លួនពួកគាត់ ហើយដីកានេះ នឹងមានសុពលភាព នៅក្នុងប្រទេសនោះផ្ទាល់ និងប្រទេសផ្សេងទៀត ដែលមានកិច្ចព្រមព្រៀមបត្យាប័នជាមួយ។
អតីតមន្ត្រីខ្មែរ បានលើកជាឧទាហរណ៍ថា ជនរងគ្រោះក្នុងផែនការ ក៥ ដាក់ពាក្យបណ្ដឹង ក្នុងប្រទេសបារាំង - លុះតុលាការរកឃើញថា លោក ហ៊ុន សែន ឬលោក ហេង សំរិន មានទោសក្នុងរឿងនេះមែន តុលាការបារាំងអាចចេញដីកា ឲ្យចាប់ខ្លួន នៅលើទឹកដីបារាំង។ ហើយបន្ទាប់មករដ្ឋាភិបាលបារាំង នឹងស្នើរទៅប្រទេសផ្សេងទៀត ដែលបានធ្វើ«កិច្ចព្រមព្រៀង បញ្ជូនជនមានទោស (បត្យាប័ន)» ជាមួយបារាំង ដើម្បីតាមចាប់លោកទាំងពីរ មកអនុវត្តន៍ទោស នៅក្នុងប្រទេសបារាំង។
សូមជម្រាបជូនថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមានការទទួលស្គាល់ ពីអង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើង តាមរយៈអនុសញ្ញាក្រុង រ៉ូម (ប្រទេសអ៊ីតាលី) ក្នុងឆ្នាំ១៩៩៨ តែអនុសញ្ញានេះ ចាប់មានសុពលភាព និងការអនុវត្តន៍ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០២នេះប៉ុណ្ណោះ ពោលគឺ៤ឆ្នាំ ក្រោយការចុះហត្ថលេខា។ នៅពេលចាប់ផ្ដើមដំបូង ប្រទេសចំនួន ៦០ បានផ្ដល់សច្ចាប័ន លើអនុសញ្ញាខាងលើ។ តែរហូតមកដល់ថ្ងៃទី ៤ ខែមិនា ឆ្នាំ២០១៦នេះ ប្រទេសដែលបានចូល ជាសមាជិកអនុសញ្ញា មានចំនួនឡើងដល់ ១២៤ប្រទេស។
តុលាការព្រហ្មទណ្ឌអន្តរជាតិ (ឬតុលាការឧក្រិដ្ឋកម្មអន្តរជាតិ) នេះ ខុសគ្នា ពីសាលាក្ដីយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡេអេ (ប្រទេសហូឡង់) ដែលជាស្ថាប័នអន្តរជាតិមួយទៀត បង្កើតឡើងតាំងពីឆ្នាំ ១៩៤៥ និងមានអំណាច ត្រឹមតែផ្ដល់យោបល់ ទៅលើជម្លោះរវាងរដ្ឋ និងរដ្ឋប៉ុណ្ណោះ៕