ក្រុមហ៊ុន​យួន​សុំ​ដូរ​ដី​មិន​បាន ប្តឹង​ពលរដ្ឋ​ខ្មែរ​ឡើង​តុលាការ!

សុំទិញ សុំដូរដីព្រៃ មិនបាន ក្រុមហ៊ុនវៀតណាមមួយនេះ បានប្តឹងពលរដ្ឋចំនួនប្រាំនាក់ ឡើងតុលាការ ចោទប្រកាន់ ចំនួន«បី»បទល្មើស រួមមាន ការគម្រាមកំហែង, ធ្វើឲ្យខូចខាតដោយចេតនា និងញុះញុង ឲ្យមានការតវ៉ាទាមទារ រឿងដីធ្លី។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២៤ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 26, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនវៀតណាមឈ្មោះ «ដូវទឺសៃហ៊្គន បិញភឿក» នៅខេត្តក្រចេះ បានប្តឹងប្រជាពលរដ្ឋខ្មែរភាគតិច ចំនួន​ប្រាំ​នាក់ បន្ទាប់ពីក្រុមហ៊ុននេះ បានព្យាយាមបញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ ដោយប្រគល់ជាប្រាក់ ប្រគល់ជាម៉ូតូ និងដោះដូរជាដីជាដើម តែប្រជាពលរដ្ឋទាំងអស់មិនព្រម ព្រោះមិនចង់បាត់បង់ ដីព្រៃទំនៀមទំលាប់ ព្រៃផ្នូរ​ខ្នោចពីដូចតា របស់ពួកគាត់។ ពាក្យបណ្ដឹង ដែលតម្រូវឲ្យព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ ធ្វើការ​កោះ​ហៅពលរដ្ឋ ជនជាតិដើមភាគតិច ទាំង៥នាក់នោះ មកធ្វើការសាកសួរ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥​កន្លង​មកនេះ។

លោក ឃី យ៉ន់ ដែលជាជនម្នាក់ ក្នុងចំណោម​ជនរងបណ្ដឹង​ទាំងប្រាំនាក់ បានប្រាប់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ថា លោកត្រូវបានព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ ហៅសាកសួរនាំ តាមពាក្យបណ្តឹង របស់​ក្រុមហ៊ុន​វៀតណាមមួយនេះ ដែលមានសំណាង ទទួលបានដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាលលោក ហ៊ុន សែន ស្ថិត​ក្នុង​ភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

ពលរដ្ឋជនជាតិដើមភាគតិត លោក ឃី យ៉ន់ បានថ្លែងរៀបរាប់ថា ចំពោះការកោះហៅ និងសាកសួរដោយ​តុលាការ​នោះ មិនមានការកំហែង ការគម្រាម ឬការបំភ័យណាមួយ ពីភាគីតុលាការឡើយ។ ដោយឡែក ចំពោះ​បទល្មើសទាំង«បី» ដែលចោទប្រកាន់ ដោយតំណាងក្រុមហ៊ុនវៀតណាមនោះ ប្រជាពលរដ្ឋទាំងអស់ អាច​ធ្វើ​ជា​សាក្សី និងដឹងឭបាន ថាគ្មានករណី ដូចការចោទប្រកាន់នោះឡើយ។ ផ្ទុយទៅវិញ មានតែខាង​ក្រុមហ៊ុន​ប៉ុណ្ណោះ ដែលបាននឹងកំពុងរំលោភបំពាន ដីកម្មសិទ្ធិកេរ្ដ៍ដូនតា នៃជនជាតិដើមនោះ។

យោងតាមដីកាដោយឡែកៗពីគ្នា ចុះថ្ងែទី១៨ ខែសីហា ឆ្នាំ២០១៥ របស់សាលាដំបូងខេត្តក្រចេះ ដែលបាន​តម្រូវ​ឲ្យប្រជាពលរដ្ឋចំនួនប្រាំនាក់ មកបង្ហាញខ្លួន មុខតុលាការ ក្នុងថ្ងៃទី២២ ខែកញ្ញា ដើម្បីបំភ្លឺតាម​បទចោទ​ប្រកាន់ របស់ក្រុមហ៊ុនវៀតណាម ពីបទគំរាមគំហែង ធ្វើអោយខូចខាត និងញុះញុង។ ក្នុងដីកាកោះ ដែលចុះ​ហត្ថលេខាដោយព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត លោក ធុច បញ្ចសន្តិភាព ទាំងនោះ បានសរសេរ​ចោទ​ប្រកាន់ ប្រជាពលរដ្ឋទាំងប្រាំរូប ថាជា«ជនសង្ស័យ» និងបង្គាប់ឲ្យបង្ហាញខ្លួន នៅចំពោះមុខតុលាការ។

ចំពោះការចោទប្រកាន់ ថាក្រុមហ៊ុនវៀតណាមមួយនេះ បានរំលោភដីព្រៃទំនៀមទំលាប់ ព្រៃថ្នូរខ្នោចពីដូចតា របស់​ពលរដ្ឋខ្មែរជនជាតិដើមភាគតិច ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីអភិបាល​ស្រុក​ចិត្របុរី លោក សួន ញ៉ាក់ បានទេ ដោយមិនអាចភ្ជាប់ទំនាក់ទំនងបាន។ តែតាមការអះអាងរបស់លោក ឃី យ៉ន់ ថាលោកអភិបាលស្រុកចិត្របុរី បានប្រកាស កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥នេះថា ដីចំនួន១២០០ហិចតា ត្រូវប្រគល់ឲ្យប្រជាពលរដ្ឋ ជនជាតិដើមភាគតិចបន្តគ្រប់គ្រង។

លោក ឃី យ៉ន់ បានបញ្ជាក់បន្ថែមថា លោកនឹងប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ទាំងអស់ បានសម្រេច​ចិត្ត ដើម្បីឡើងទៅកាន់ស្រុក និងខេត្ត ដើម្បីបង្ហាញ និងបញ្ជាក់ លើផ្ទៃដីចំនួន១២០០ហិចតាទាំងនេះ ជាមួយគ្នា​នឹង​ការស្នើសុំ ទៅកាន់ស្រុក និងខេត្ត ដើម្បីឲ្យចេញលិខិត​រដ្ឋបាលផ្លូវការមួយ ជូនទៅសាលាដំបូងខេត្ត ដើម្បី​បាន​ជ្រាបថា ដីទាំង១២០០ហិចតានោះ ជារបស់ប្រជាពលរដ្ឋ មិនមែនជារបស់ក្រុមហ៊ុនឡើយ។ ហើយស្នើ ឲ្យ​មាន​ការលើកលែង ការចោទប្រកាន់ មកលើប្រជាពលរដ្ឋ ទាំងប្រាំនាក់ជាស្ថាពរ។

ប្រធានកម្មវិធីសិទ្ធិមនុស្ស និងដីធ្លី លោក សឿន ជុំសុធន មកពីអង្គការខ្មែរកម្ពុជាក្រោម បានប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា ប្រជាពលរដ្ឋជនជាតិភាគតិច ប្រមាណជា១០០គ្រួសារ រស់នៅក្នុងភូមិប្អៀរ ឃុំថ្មី ស្រុក​ចិត្របុរី ខេត្តក្រចេះនេះ កំពុងរងគ្រោះនឹងបញ្ហាដណ្ដើមយកដីព្រៃរបស់ពួកគេ ព្រោះ​កិច្ចផ្តល់ដីសម្បទាន​សេដ្ឋកិច្ច ដោយរាជរដ្ឋាភិបាល ទៅឲ្យក្រុមហ៊ុនវៀតណាម ដោយគ្មានការត្រួតពិនិត្យ និងតាមដានអ្វីឡើយ។

មន្ត្រីសិទ្ធិមនុស្សរូបនេះ បានថ្លែងឡើងថា៖ «ជាមួយនឹងការបាត់បង់ដី និងមិនទាន់មានដំណោះស្រាយជាក់​លាក់ ពីអាជ្ញាធរមូលដ្ឋាននេះ ពួកគាត់ (ពលរដ្ឋ) ក៏ត្រូវបានភាគីក្រុមហ៊ុនវៀតណាម ប្តឹងឡើងតុលាការ ក្នុងចេតនា​បំភិត​បំភ័យ ផ្នែកអារម្មណ៍ ដើម្បីកុំឲ្យប្រជាពលរដ្ឋ ហ៊ានធ្វើការតវ៉ា ឬទាមទារតទៅទៀត។ យ៉ាងណា ប្រជា​ពលរដ្ឋ​ដែលរង ការចោទប្រកាន់ទាំងនោះ បានទទួលការពារតាមផ្លូវច្បាប់ ដោយមានមេធាវី មកពីអង្គការ​អាដហុក ជាមេធាវីការពារ។»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...