កឹម សុខា មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ ទាក់​ទង​ករណី​ប្រពន្ធ​ចុង

លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា និងដែលត្រូវបានរងនូវពាក្យបន្តឹងផ្ទួនៗចំនួនបី បានបដិសេធ មិនចូលខ្លួនទាក់ទិនទៅនិងដីការកោះរបស់សាលាដំបូងរាជធានីភ្នំពេញ ឲ្យចូលបំភ្លឺនៅថ្ងៃទី១៩ ខែកក្កដា នេះទេ ពាក់ព័ន្ធនឹងដើមបណ្តឹង ដែលអះអាងថាជាប្រពន្ធចុង បានប្តឹងទាមទារប្រាក់១ម៉ឺនដុល្លារ ដោយលោកជាប់រវល់ឃោសនាបោះឆ្នោត។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: July 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា និងដែលត្រូវបានរងនូវពាក្យបន្តឹងផ្ទួនៗចំនួនបី បានបដិសេធ មិនចូលខ្លួនទាក់ទិនទៅនិងដីការកោះរបស់​សាលាដំបូង​រាជធានីភ្នំពេញ ឲ្យចូលបំភ្លឺនៅថ្ងៃទី១៩ ខែកក្កដា នេះទេ ពាក់ព័ន្ធនឹងដើមបណ្តឹង ដែលអះអាងថាជាប្រពន្ធចុង បានប្តឹង​ទាមទារប្រាក់១ម៉ឺនដុល្លារ ដោយលោកជាប់រវល់ឃោសនាបោះឆ្នោត។


លោកកឹម សុខា ក្នុងពេលលោកចុះទៅឃោសនាបោះឆ្នោត។ (រូបថត គណបក្ស)

មេធាវីរបស់លោក កឹម សុខា គឺលោក ចាន់ ចេង បានថ្លែងថា លោកចៅក្រម ពេជ្រ ម៉ារ៉ែន បានកោះហៅ លោក កឹម សុខា ឲ្យចូលបំភ្លឺនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ទាក់ទងទៅនឹងបណ្តឹងរបស់អ្នកស្រី កែវ សុផាន់ណារី ដែលប្តឹងទាមទារប្រាក់​ឧបត្ថម្ភ ពីលោក កឹម សុខា ដែលជាកូនក្តីរបស់លោក ចំនួន ១ម៉ឺនដុល្លារ។ លោកបានឲ្យដឹងទៀតថា ៖ «កូនក្តីខ្ញុំនឹងមិនទៅ​បង្ហាញមុខនៅតុលាការ តាមដីការកោះទេ ដោយសារកំពុងជាប់រវល់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ហើយម្យ៉ាង​ត្រូវ​ការពេល ដើម្បីទទួលស្វាគមន៍ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលនឹងមកដល់នៅថ្ងៃទី១៩ ខែកក្កដា​នេះ​ដែរ»។

លោកមេធាវីបានបញ្ជាក់ថា តុលាការបានកោះហៅកូនក្តីរបស់លោកនៅកំឡុងពេលនេះ ដោយសារតែប្រជាប្រិយភាព កូនក្តីរបស់លោកកំពុងកើនឡើង នៅកំឡុងពេលឃោសនាបោះឆ្នោតនេះ លោកបានផ្ញើលិខិតសុំពន្យាពេល ទៅតុលាការ​នៅ​ថ្ងៃនេះ ដើម្បីស្នើសុំពន្យារហូតដល់ក្រោយការបោះឆ្នោត។ លោកបានពន្យល់ថា ៖«កូនក្តីរបស់ខ្ញុំ ជាអ្នកនយោបាយដ៏​មានប្រជាប្រិយ ដូច្នេះកូនក្តីរបស់ខ្ញុំមិនអាចបង្ហាញមុខ តាមដីកាកោះរបស់តុលាការបានទេ ពីព្រោះជាពេលយុទ្ធនាការ​បោះឆ្នោត នេះមិនមែនជាការគេចវេសទេ គាត់នឹងមិនធ្វើឲ្យតុលាការរាំងស្ទះនីតិវិធី ប៉ុន្តែដោយសារតែគាត់មានការរវល់»។

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មិនអាចទាក់ទងបានទេ ប៉ុន្តែនាពេលកន្លងមក លោកធ្លាប់បាន​បដិសេធដាច់ខាត ទៅនឹងការចោទប្រកាន់នេះ លោកតែងតែនិយាយថា លោកមិនមានទំនាក់ទំនង​ជាមួយស្រ្តីនេះជា​ប្តី​ប្រពន្ធទេ។ លោកបានឲ្យដឹងថា ៖ «ការចោទប្រកាន់នេះ ពាក់ព័ន្ធនឹងនយោបាយ ដែលរៀបចំដោយបក្សកាន់អំណាច»។

លោក ខៀវ សំបូរ មេធាវីការពារក្តីឲ្យ អ្នកស្រី កែវ សុផាន់ណារី ដែលអះអាងថា ជាប្រពន្ធលួចលាក់របស់លោក គឹម សុខា បានបញ្ជាក់ថា ពួកគេនឹងបង្ហាញខ្លួននៅតុលាការតាមដីកាកោះ ដើម្បីបង្ហាញភស្តុតាងបន្ថែមទៀត ហើយកូនក្តីរបស់លោក ប្តឹងទៅតុលាការដើម្បីទាមទារប្រាក់១ម៉ឺនដុល្លារ ពីលោក កឹម សុខា ដើម្បីចិញ្ចឹមជីវិត និងកូនពីរនាក់។ លោកបានបន្ថែមថា ៖ «កូនក្តីរបស់ខ្ញុំ គឺស្នើឲ្យលោកកឹម សុខា បង្ហាញមុខនៅតុលាការ តែបើគាត់មិនបង្ហាញមុខ ជាលើកទីពីរនៅតុលាការ មាន​ន័យថា គាត់ទទួលស្គាល់ការទាមទាររបស់យើង»។

អ្នកស្រី កែវ សុផាន់ណារី ដែលជាដើមបណ្តឹងបានឲ្យដឹងថា អ្នកស្រីមានភស្តុតាងគ្រប់គ្រាន់ តែបើការទាមទាររបស់អ្នកស្រី​បរាជ័យ អ្នកស្រីនឹងបន្តរឿងក្តីប្រឆាំងនឹងលោក កឹម សុខា ទៅសាលាឧទ្ទរណ៍។ អ្នកស្រីបានឲ្យដឹងថា ៖«ខ្ញុំមិនចប់ទេ ដោយសារតែវាជាការពិត ខ្ញុំត្រូវការឲ្យគាត់ទទួលខុសត្រូវកូន និងប្រាក់ចិញ្ចឹមកូន»។

សូមរម្លឺកថា លោកកឹម សុខា បានកំពុងជាប់នូវពាក្យបណ្តឹងចំនួនបី ដោយបណ្តឹងទី១ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ របស់​អ្នកទោសរួចពីការស្លាប់ក្នុងគុកទួលស្លែង ទាក់ទិនទៅនិងការលើកឡើង ថាគុកទួលស្លែងជាគុកសប្បនិម្មិត និងបណ្តឹង​២​ផ្សេងទៀត របស់អ្នកស្រី កែវ សុផាន់ណារី ដែលប្តឹងទាមទារប្រាក់ឧបត្ថម្ភកូន និងអ្នកស្រី សម ផល្លា ជាម្តាយប្រពន្ធចុង​លោកកឹម សុខា ដែលបានប្តឹងអំពីអំពើហឹង្សារដែលបានប្រព្រឹត្តិនៅខេត្តព្រៃវែង។

បណ្តឹងផ្ទួនៗប្រឆាំងនឹងលោកកឹម សុខា ត្រូវបានអ្នកវិភាគស្ថានការណ៍ក្នុងប្រទេសកម្ពុជាថាជារឿង នយោបាយច្រើន​ជាង​ផ្លូវច្បាប់ ក្នុងពេលដែលការបោះឆ្នោតជាតិគ្រោងនឹង ខិតជិតមកដល់នៅថ្ងៃទី២៨ខែកក្កដាខាងមុននេះ ហើយគណបក្ស​សង្គ្រោះជាតិ ជាគូប្រកួតប្រជែងដ៏ខ្លាំង មួយជាមួយគណបក្សគ្រប់គ្រងអំណាចសព្វថ្ងៃ៕

----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...