ប្រធានក្រុមលីវើភូល ស្តេវិន ចឺរ៉ាដ បន្តកិច្ចសន្យា២ឆ្នាំទៀត
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 16, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានក្រុមហង្សក្រហមលីវើភូល (Liverpool) និងជាប្រធានក្រុមតោកំណាច ជម្រើសជាតិអង់គ្លេសផង កីឡាករ ស្តេវិន ចឺរ៉ាដ (Steven Gerrard) បានចុះកិច្ចសន្យា២ឆ្នាំទៀតនៅក្នុងកីឡាដ្ឋានអេនហ្វៀល (Anfield) ដែលនឹងបញ្ចប់នៅឆ្នាំ២០១៥។
កីឡាករ ស្តេវិន ចឺរ៉ាដ បញ្ចេញក្បាច់សប្បាយរីករាយ នៅពេលខ្លួនបានជ័យជំនះ។ (រូបថត Reuters)
កិច្ចសន្យាចាស់របស់ខ្សែបម្រើវ័យ៣៣ឆ្នាំរូបនេះ បានបញ្ចប់កាលពីចុងរដូវកាលមុន ប៉ុន្តែលោកគ្រូបង្វឹក ប្រេនដិន រ៉ដចឺ (Brendan Rodgers) នៅតែចាត់ទុកកីឡាកររូបនេះ ជាកីឡាករដ៏សំខាន់បំផុតរបស់ក្រុម និងឲ្យគាត់បន្តជួយក្រុម២ឆ្នាំទៀត មុនពេលដែលគាត់ត្រូវចូលនិវត្តន៏។
ការបន្តកិច្ចសន្យាថ្មីនេះ មានន័យថាចឺរ៉ាដ នឹងបញ្ចប់អាជីពនៅក្នុងក្លិបលីវើភូល ហើយមានន័យថា អាជីពជាកីឡាករបាល់ទាត់មួយជីវិតរបស់គាត់ លេងឲ្យតែក្រុមហង្សក្រហមតែមួយគត់។
ចឺរ៉ាដ ដែលបានចូលលេងឲ្យលីវើភូល តាំងតែពីឆ្នាំ១៩៩៨ បានប្រាប់ដល់គេហទំព័ររបស់ក្លិបថា៖ «នេះជាពត៌មានដ៏អស្ចារ្យមួយ។ ខ្ញុំគិតថា អ្នកទាំងអស់គ្នាដឹងហើយថា តើវាមានន័យយ៉ាងណាសម្រាប់ខ្ញុំ។ ខ្ញុំបាននៅទីនេះ អស់ពេលជាយូរណាស់ហើយ ខ្ញុំពិតជារីករាយណាស់ ហើយគ្រួសាររបស់ខ្ញុំទាំងអស់ ក៏រំភើបរីករាយដូចគ្នាដែរ។»
កីឡាករដែលមានភក្តីភាព ជាមួយក្រុមហង្សក្រហមបំផុតរូបនេះ បានបន្តថា៖ «វាធ្វើឲ្យខ្ញុំដឹងថាក្លិបនៅតែត្រូវការខ្ញុំ នៅតែផ្តល់កិត្តិយសឲ្យខ្ញុំ ហើយខ្ញុំក៏ចង់នៅទីនេះជារៀងរហូត។ ខ្ញុំរីករាយណាស់ ដែលបានបន្តកិច្ចសន្យាបានរួចរាល់។ វាកើតឡើង ក្នុងពេលមួយដ៏ត្រឹមត្រូវ មុនពេលដែលរដូវកាលថ្មីចាប់ផ្តើម ដូច្នេះខ្ញុំនឹងអាចផ្តោតអារម្មណ៏លេង ឲ្យបានល្អបំផុត តាមដែលខ្ញុំអាចធ្វើបាន។»
ចឺរ៉ាដ បានចូលលេងឲ្យក្រុមលីវើភូលឈុតធំដំបូង នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្នុងការប្រកួតព្រីមែលីក (Premier League) ជាមួយក្រុម ប្លែកបឺន រ៉ូវើ (Blackburn Rovers)។ មកដល់បច្ចុប្បន្នគាត់រកគ្រាប់បាល់បញ្ចូលទីបាន ១៥៩គ្រាប់ឲ្យក្លិប និងចូលលេងបានចំនួនសរុបប្រមាណ ៦៣០ប្រកួត។
អតីតគ្រូបង្វឹកក្រុមលីវើភូល លោកឃិននី ដាងក្លីស (Kenny Dalglish) បាននិយាយកាលពីឆ្នាំ២០១២ថា៖ «នៅសម័យកាលនេះ ពុំមានកីឡាករច្រើនទេ ដែលលេងឲ្យក្លិបតែមួយ ក្នុងអាជីពរបស់គេ ជាពិសេសកីឡាករខ្លាំងៗដូចជា ចឺរ៉ាដ។ បើអ្នករីករាយនៅទីណា ដែលអ្នកកំពុងលេង អ្នកនឹងពេញចិត្តនូវអ្វីដែលអ្នកកំពុងធ្វើ និងពេញចិត្តនៅជាមួយក្រុម ហើយខ្ញុំគិតថា គ្មានហេតុអ្វីដែលត្រូវផ្លាស់ប្តូរនោះទេ៕»
ពេលកីឡាករ ចឺរ៉ាដ ចុះហត្ថលេខា ជាមួយប្រធានក្រុមបាល់ទាត់។ (រូបថត Liverpool FC)
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ