អេមើតុន នឹងធ្វើជាប្រធានក្រុមអូស្ត្រាលី ប្រកួតជាមួយម៉ែនញូ
- ដោយ: វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣
- កែប្រែចុងក្រោយ: July 15, 2013
- ប្រធានបទ: បាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករវ័យ ៣៤ឆ្នាំរូបនេះ បច្ចុប្បន្នលេងឲ្យក្រុមស៊ីដនី អេហ្វស៊ី (Sydney FC) បន្ទាប់ពីគាត់ចំណាយពេលអស់៩ឆ្នាំ នៅក្នុងកីឡាដ្ឋាន អេវ៉ូដផាក (Ewood Park)។ ជាមួយនឹងបទពិសោធដ៏ច្រើនរបស់គាត់ នៅក្នុងប្រទេសអង់គ្លេសនេះ បានធ្វើឲ្យលោកគ្រូបង្វឹក អេនចេ ផូសតេកូកឡូ (Ange Postecoglou) សម្រេចចិត្តឲ្យរូបគាត់ ដឹកនាំតារាឆ្នើមប្រចាំលីកអូស្ត្រាលី ក្នុងការប្រកួតនាកីឡាដ្ឋាន អេអិនស្ស៊ិដ (ANZ Stadium)។
អេមើតុន ដែលបានចូលលេងឲ្យក្រុមប្លែកបឺន ប្រមាណជិត២៥០ប្រកួត បាននិយាយថា គាត់ពិតជារីករាយ និងមានកិត្តិយសខ្លាំងណាស់ ដែលបានធ្វើជាប្រធានក្រុម ក្នុងការប្រកួតជាមួយក្រុមដ៏ធំបំផុតរបស់ពិភពលោក (ម៉ែនញូ) និងជាក្រុមដ៏មានប្រជាប្រិយភាពបំផុត។
ខ្សែបម្រើរូបនេះ បាននិយាយនៅលើគេហទំព័រ របស់សហព័ន្ធបាល់ទាត់ ប្រទេសអូស្ត្រាលី (FFA) ថា៖ «វាជាកិត្តិយសដ៏ធំធេងបំផុត ដែលខ្ញុំជាប់ឈ្មោះជាប្រធានក្រុម របស់តារាឆ្នើម ជម្រើសមកពីក្រុមខ្លាំងៗ ប្រទេសអូស្ត្រាលី ដែលវានឹងក្លាយជាយប់ ដ៏ពិសេសមួយ សម្រាប់បាល់ទាត់ប្រទេសអូស្ត្រាលី។»
គាត់បានបន្តថា៖ «មានកីឡាករល្អៗជាច្រើន នៅក្នុងក្រុមនេះ ហើយវាពិតជារំភើប ដែលបានដឹកនាំសមាជិកក្រុម នៅមុខហ្វូងមនុស្សប្រមាណ ៨៤០០០នាក់។ ម៉ែនឆេស្ទើ យូណៃធីត ជាក្រុមបាល់ទាត់ដ៏ធំមួយ ហើយយើងទាំងអស់គ្នា កំពុងតែរងចាំយ៉ាងអន្ទះសារ សម្រាប់ការប្រកួតមួយនេះ។»
រីឯគ្រូបង្វឹក លោកផូសតេកូកឡូ បាននិយាយថា ដោយសារតែ អេមើតុនមានបទពិសោធន៏ច្រើននៅក្នុងលីកកំពូលប្រទេសអង់គ្លេស ទើបគាត់ក្លាយជាបេក្ខភាពដ៏សាកសមបំផុត ក្នុងការពាក់ក្រវ៉ាត់ដៃប្រធានក្រុម។
គ្រូបង្វឹករូបនេះ បានពន្យល់ថា៖ «អេមើតុន ជាកីឡាករដែលមានបទពិសោធន៏ដ៏ច្រើនបំផុត សម្រាប់យើង ហើយគាត់ធ្លាប់លេងក្នុងការប្រកួតធំៗ ឬការប្រកួតកំរិតមួយខ្ពស់ ដូច្នេះវាពិតជាអស្ចារ្យ ដែលបានរូបគាត់ធ្វើជាប្រធានក្រុម។ ជាពិសេស គាត់កីឡាករដែលពុំសូវមានភាពឆេវឆាវ និងមានភាពមានការគោរពខ្ពស់ ចំពោះគូប្រកួត។ ការប្រកួតជាមួយ ក្រុមម៉ែនញូ ជាឱកាសដ៏ធំបំផុត ដូច្នេះគាត់ក៏ជាបេក្ខជនដ៏សាកសមបំផុតដែរ ក្នុងការដឹកនាំក្រុមនៅលើទីលានប្រកួត៕»