កម្ពុជា៖ សង្គមស៊ីវិលនៅតែរិះគន់ ការឃុំខ្លួនបណ្តោះអាសន្នដោយតុលាការ
ការឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងតុលាការកម្ពុជា ត្រូវបានគេមើលឃើញថា នៅមានភាពមិនប្រក្រតីនៅឡើយ។ បញ្ហាទាំងនេះ ត្រូវបានមជ្ឈដ្ឋានមហាជនមើលឃើញថាបានកើតឡើងសឹងតែជាទូទៅ និងជាពិសេស នៅក្នុងដំណើរការនីតិវិធីរបស់តុលាការនាពេលកន្លងមក។
សាលាដំបូងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Bory)
កំណត់ត្រាមួយចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ ចេញផ្សាយដោយ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបង្ហាញនូវភាពមិនប្រក្រតីគួរឲ្យបារម្ភ នៅក្នុងដំណើរការនីតិវិធី នៃការឃុំខ្លួនរបស់តុលាការកម្ពុជា។ កំណត់ត្រា ដែលមានចំណងជើងថា ការអនុវត្តន៍ការឃុំខ្លួនបណ្តោះអាសន្ន នៅក្នុងតុលាការកម្ពុជានោះ បានលើកឡើងពីករណីជាក់ស្តែងមួយចំនួន ដែលតុលាការបានប្រើឆន្ទានុសិទ្ធិក្នុងការកំណត់ពីការឃុំខ្លួនបណ្តោះអាសន្ន ត្រូវបានធ្វើទាំងបំពាន ហើយច្បាប់មិនត្រូវបានអនុវត្តន៍ដោយត្រឹមត្រូវ និងករណីឃុំខ្លួនបណ្តោះអាសន្នខ្លះទៀត ដែលពាក់ព័ន្ធនឹងរឿងនយោបាយ។
លោក ឌុច ពិសិដ្ឋ មន្រ្តីគម្រោងសង្កេតការណ៍សវនាការ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា៖ «នៅក្នុងនីតិវិធីច្បាប់ បានចែងជម្រើសក្រៅពីការឃុំខ្លួនជនសង្ស័យ ជាបណ្តោះអាសន្ន តែតុលាការបែជាធ្វើការឃុំខ្លួនជនសង្ស័យទៅវិញ ខណៈដែលវាជាបទល្មើសតូចតាច និងខ្លះទៀតមានវិមតិសង្ស័យ»។ មន្ត្រីរូបនេះ បានលើកយកករណី អ្នកស្រី យ៉ោម បុប្ផា មកបញ្ជាក់ ដោយលើកឡើងថា តុលាការអាចផ្តល់ឱកាសឲ្យអ្នកស្រីអាចនៅក្រៅឃុំបាន។ តែផ្ទុយទៅវិញ តុលាការបែជាសម្រេចឃុំខ្លួន ជាបណ្តោះអាសន្នទៅវិញ។
សាកសួរសុំប្រតិកម្មដោយមនោរម្យព័ងអាំងហ្វូ នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន បានបញ្ជាក់ថា៖ «តុលាការកម្ពុជាងាយនឹងការឃុំខ្លួន ជាជាងការអប់រំ និងផ្តល់ឱកាសឲ្យជនសង្ស័យក្នុងការកែខ្លួន»។ លោកបន្តថា ច្បាប់កម្ពុជាពុំទាន់ចែងច្បាស់អំពីនីតិវិធី ធានាឲ្យនៅក្រៅឃុំ ខណៈករណីមួយចំនួនចាំចាប់ត្រូវឃុំខ្លួន គេបែជាមិនឃុំខ្លួន។
សូមរំលឹកថា លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ជាប់ខេត្តស្វាយរៀង ដែលបានប្រើកាំភ្លើងបាញ់លើកម្មការិនីរោងចក្របីនាក់ ឲ្យរងរបួសជាទម្ងន់ ក្នុងពេលកម្មការិនីទាំងនោះតវ៉ាពីសិទ្ធិការងារ កាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១២កន្លងមកនោះ នៅតែបន្តមានសេរីភាពរហូតមកដល់ពេលនេះ បើទោះជាច្បាប់ចាំបាច់ត្រូវឃុំខ្លួនលោកជាបណ្តោះអាសន្នក្តី។
សំណុំរឿងលោក ឈូក បណ្ឌិត ត្រូវបានគេមើលឃើញជាទូទៅថា តុលាការហាក់ដូចជាមានការស្ទាក់ស្ទើរ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ដោយមានការរុញទៅរុញមករវាងតុលាការខេត្តស្វាយរៀង និងសាលាឧទ្ធរណ៍ ហើយថែមទាំងធ្លាប់ទម្លាក់ចោល នូវបទចោទប្រកាន់នោះទៀតផង ខណៈដែលមានការរិះគន់យ៉ាងខ្លាំងពីគ្រប់មជ្ឍដ្ឋាន។ ការស្ទាក់ស្ទើរនេះ ត្រូវបានសាធារណជនទូទៅរិះគន់ថា ដោយសារតែតុលាការ រងអន្តរាគមន៍ពីអ្នកនយោបាយដ៏មានឥទ្ធិពល។
កំណត់ត្រាខាងលើ បានដកស្រង់សេចក្ដីរាយការណ៍មួយ របស់កាសែតភ្នំពេញប៉ុសិ៍្ត កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ មករំលឹកថា មានមន្ត្រីបួនរូបមកពីក្រសួងរៀបចំដែនដី ដែលបានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយទទួលប្រាក់សំណូក ចំនួនពីរលានដុល្លារអាមេរិក ហើយក្រោយមកមានសេចក្តីបញ្ជាក់ពីតុលាការថា បន្តឲ្យមានសេរីភាព ដោយមិនមានការឃុំខ្លួនជាបណ្តោះអាសន្នអ្វីឡើយ។ តែផ្ទុយទៅវិញ មានប្រជាពលរដ្ឋមួយចំនួនត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ន ចំពោះបទល្មើសដែលមិនមានលក្ខណៈធ្ងន់ធ្ងរ ដោយសារតែពួកគេ គ្មានការជួយសម្រួលខាងផ្នែកនយោបាយ ឬអ្នកមានអំណាចណាមួយនៅពីក្រោយ។
ភាពខុសគ្នានេះ ធ្វើឲ្យគេកាន់តែយល់ថា តុលាការកំពុងតែវិនិច្ឆ័យក្ដីលើសំនុំរឿងទាំងនោះ តាមរបៀបពីរផ្សេងគ្នា ដោយមិនផ្អែកលើស្មារតីនៃច្បាប់ និងភស្តុតាង តែបែជាផ្អែកទៅលើឋានៈសង្គម ប្រាក់កាស និងនិន្នាការនយោបាយរបស់ជនសង្ស័យនោះទៅវិញ។
------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ