ពាក្យ«ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ» ដែល​ដុត​ឲ្យឆេះ

ពាក្យស្លោក ឬសារនយោបាយ ដែលមានខ្លឹមសារថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា សំដែងការកើតទុក្ខមិនសុខចិត្ត និងព្រមានប្ដឹងម្ចាស់ពាក្យស្លោកនេះ ទៅកាន់​តុលាការ។ ចុះ​ប្រសិន​ជា​ប្រជា​ពលរដ្ឋ ជា​អ្នក​លើក​ឡើង​វិញ តើ​គណបក្ស​កាន់​អំណាច នឹង​ទៅ​ប្ដឹង​នរណា?
ពាក្យ«ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ» ដែល​ដុត​ឲ្យឆេះ
លោក ហ៊ុន សែន បិតភ្នែកមួយចំហៀង ដើម្បីសម្លឹងមើលវត្ថុអ្វីមួយ ដែលលោកបង្ហាញនៅក្នុងដៃ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ មិនា ២០១៧
  • កែប្រែចុងក្រោយ: March 07, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពាក្យស្លោកឬ​សារនយោបាយ ដែលមានន័យបញ្ឆិតបញ្ឆៀង ផ្អៀងផ្អង ចងជាការប្រមាថ ញុះញង់ ប្រុង​នឹង​បង្ក​ហេតុ មិន​អាច​យក​មក​លេង នៅក្នុងសង្វៀន នៃការប្រកួតប្រជែងនយោបាយ នៅក្នុងប្រទេសកម្ពុជា​បានទេ ជា​ពិសេស​ពាក្យ​ពេជ្រ​ទាំង​ឡាយណា ដែលចេញពីគណបក្សសង្គ្រោះជាតិ ដៃគូប្រកួតដ៏ធំមួយ របស់​គណបក្ស​កាន់​អំណាច។ បើនៅតែ​ហ៊ាន​រឹងទទឹង គណបក្សប្រជាជនកម្ពុជា ដែលមានអតីតភាព កើតចេញ​​ពី​គណបក្ស​កុម្មុយនីស​ឥណ្ឌូចិន របស់​លោក ហូ ជីម៉ិញ បានព្រមានរួចជាស្រេច ថានឹងប្ដឹងម្ចាស់ពាក្យស្លោក ដែលមាន​ន័យ​ថា «ដូរ​​មេ​ឃុំ​​បម្រើ​​បក្ស ដាក់​មេ​ឃុំ​​បម្រើ​រាស្ត្រ»​នេះ ទៅកាន់តុលាការ។

ប៉ុន្តែ គេក៏ត្រូវនិយាយដែរ ពីប្រសិទ្ធិភាព​នៃប្រតិកម្មយ៉ាងរហ័ស របស់អ្នកនាំពាក្យគណ​បក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ព្រមាននេះ យ៉ាងទាន់ហន់ តែប៉ុន្មានម៉ោង​(ឬនាទី)​​ប៉ុណ្ណោះ នៅ​ក្រោយ​ការ​ថ្លែង​​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា ដែល​សំដែង​ឲ្យដឹង ពី​ការ​​ខឹង​​ក្រេវ​​ក្រោធរបស់លោក​ ជុំវិញ​ពាក្យ​ស្លោក​​​ខាង​លើ កាលពីរសៀលថ្ងៃទី៦ ខែមិនាម្សិលម៉ិញ។

នៅក្នុងសេចក្ដី​ថ្លែងការណ៍​នោះ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​ចាត់​ទុក​ខ្លឹម​សារ នៃឃ្លា​"ដូរ​មេឃុំ​បម្រើ​​បក្ស ដាក់​​មេ​ឃុំ​​បម្រើរាស្ត្រ" របស់​បក្ស​ប្រឆាំង​ថា មាន​ចរិត​ញុះញង់ បង្កហេតុ និង​ប្រមាថ​មើល​ងាយ​​​ធ្ងន់ធ្ងរ​ ដល់​មន្ត្រី​​ឃុំ​-សង្កាត់​​ទូទាំង​​ប្រទេស។ គណបក្សប្រជាជនកម្ពុជា បានអះអាងទៀត​ថា មន្ត្រី​មូលដ្ឋានទាំងនោះ​ ដែល​ខ្លះ​បាន​កាន់​តំណែង តាំងពី​របប​កុម្មុយនីស (សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា)​ ​មក ​បាន​«​ខិតខំ​​បម្រើ​​រាស្ត្រ ស្រប​​​តាម​​តួនាទី​​របស់​​ខ្លួន ដោយ​​មិន​​មាន​​ការ​​រើស​​អើង​​​និន្នាការ​​នយោបាយ​សោះឡើយ»។

ថ្លែងចំពោះនិស្សិតរាប់ពាន់នាក់ កាលពីរសៀលម្សិល លោក ហ៊ុន សែន បានថ្លែងឡើងដាក់កំហិតដូច្នេះ​ថា៖ «ហើយ​កុំ​ណា អាពាក្យដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ។ ចាំមើលអាមេឃុំបម្រើរាស្ត្រ មុខ​មេ​ឃុំ​ហ្នឹង វា​យ៉ាង​ម៉េច? (...) ៣៨ឆ្នាំ នៃការបម្រើប្រជាជន បើមិនមានគោលនយោបាយត្រឹមត្រូវ សួរថាបាន​[ដូចសព្វ​ថ្ងៃ]​ឬទេ?»។

បន្ទាប់ពីទាមទារ ​ឲ្យគណបក្សម្ចាស់ពាក្យស្លោកខាងលើ ឆាប់ធ្វើការ​កែតម្រូវ ទៅលើសារ​នយោបាយ​នេះ ដើម្បី​​រក្សា​​បរិយាកាស​​ល្អ និង​សន្តិសុខ​របស់​ប្រទេសនោះ គណបក្សប្រជាជនកម្ពុជា នៅ​បាន​ព្រមាន​បន្ថែម តាមរយៈសេចក្ដីថ្លែងការណ៍ ដដែល​នោះ​ថា គណបក្សសូម«រក្សាសិទ្ធិប្ដឹងទៅតុលាការ ស្របតាមច្បាប់ជាធរមាន»។

ជាប្រតិកម្មតប​វិញ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់ និងជាតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ បាន​លើក​ឡើង​ថា គណបក្សប្រជាជនកម្ពុជា អាចហាមមិនឲ្យគណបក្សសង្គ្រោះជាតិ យកពាក្យស្លោកនេះ មក​ប្រើ​បាន តែគណបក្សកាន់អំណាច​ដុះស្លែ​មួយ​នេះ មិនអាចហាម​ប្រជាពលរដ្ឋ មិនឲ្យយកយក​ពាក្យ​នេះ មក​ប្រើ​បាន​នោះ​ឡើយ។ លោក អេង ឆៃអ៊ាង បានសរសេរ​ពន្យល់ នៅលើគណនេយ្យ​ហ្វេសប៊ុក ​របស់​លោក​ថា៖ «ព្រោះ​ពាក្យ​នេះ កើត​ចេញ​ពី​ប្រជា​ពលរដ្ឋ»។

មន្ត្រីគណបក្សប្រឆាំងរូបនេះ បានថ្លែងបន្ត ហាក់ដូចជាចង់កាត់បន្ថយកម្ដៅមកវិញ យ៉ាងដូច្នេះថា៖ «ពាក្យ​ស្លោក​នេះ [គ្រាន់​តែ]ជាការ​ជំរុញ និងលើកទឹកចិត្តឲ្យមេឃុំ ដែលទទួលបានការគាំទ្រ​​ពីប្រជា​ពលរដ្ឋ​​នៅ​ពេល​បោះ​ឆ្នោត ធ្វើការងារ​បម្រើ​ប្រជាពលរដ្ឋ កុំឲ្យ​បម្រើ​បក្ស តែ​ប៉ុណ្ណោះ»។

«ខ្លាចដល់ថ្នាក់យល់សប្ដិ ឃើញប្ដឹង...»

ប៉ុន្តែសម្រាប់ក្រុមអ្នកឃ្លាំមើលវិញ បានចំអកឲ្យលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាវិញ យ៉ាង​ចាស់​ដៃ។ លោក មឿន តុលា នាយក​ប្រតិបត្តិ​​នៃ​មជ្ឈមណ្ឌល​​សម្ព័ន្ធ​​ការងារ​និង​​សិទ្ធិ​មនុស្ស​ (Central) បាន​សរសេរ​ដោយ​មិន​ចំ​មុខ នៅលើ​បណ្ដាញ​សង្គមថា៖ «ដល់​ពេល​ត្រូវខ្លាច សូម្បីពាក្យ​មួយ​ឃ្លា ក៏ត្រូវដេក​យល់​សប្តិ ឃើញ​ថា​ប្តឹង​ដែរ!»។

ចំពោះលោក គល់ បញ្ញា នាយកប្រតិបត្តិ​អង្គការ​ខុមហ្វ្រែលវិញ បានចាត់ទុកការប្រើប្រាស់ភាសា ឬ​ពាក្យ ដើម្បី​ការ​«ផ្លាស់​ប្ដូរ» នៅ​ក្នុង​ពេល​បោះឆ្នោត​ម្ដងៗ គឺជារឿងធម្មតា​មួយ នៅក្នុងសង្គម​ប្រជាធិបតេយ្យ។ លោក គល់ បញ្ញា បានសរសេរ​នៅលើ​គណនេយ្យ​ហ្វេសប៊ុក​របស់​លោក នៅមុននេះ​បន្តិច​ថា៖ «ការបោះឆ្នោត គឺនិយាយ​ទៅ​ដល់ "ជម្រើស (Choice)" រវាង រក្សាដដែល ឬដូរ។ ការឃោសនា​របស់​បេក្ខជន និង/ឬគណបក្ស​មក​ប្រកួត ​បាន​ប្រើ​ពាក្យ​ស្លោក "ដូរ" ជាធម្មតា​ទៅ​ហើយ​នៅ​ប្រទេស​ខ្លះ រហូត​[ដល់​ប្រើ]ពាក្យ​ស្លោក​ជម្រុញ [ឲ្យ]ដូរ​ការ​ដឹកនាំ ពី​បុរស​មកស្ត្រី ឬពី​ចាស់​មកយុវជន។»។

នាយកប្រតិបត្តិអង្គការជំនាញ​ខាងបោះឆ្នោត​រូបនេះ បានពន្យល់បន្ត​ទៀតថា៖ «រហូតដល់ឥឡូវ បេក្ខជន និង​/ឬ​គណបក្ស​ភាគ​ច្រើន លែង​ប្រើ​ពាក្យ​ស្លោក "ដូរ" ព្រោះវាមិន​គ្រប់គ្រាន់ ក្នុងការ​ទាក់ទាញ​ម្ចាស់ឆ្នោត ខណៈ​ពាក្យ​ស្លោក​ផ្សេងៗ ត្រូវ​បាន​បង្កើត​[ឡើង ដើម្បី]ភ្ជាប់ទស្សនៈនៃការដូរ។ ឧទាហរណ៍ នៅអាមេរិក បេក្ខជន​ប្រធា​នា​ធិបតី អូបាម៉ា ប្រើ​ពាក្យ​ស្លោក "យើងអាច! (Yes We can)" លោក ត្រាំ ប្រើ[ពាក្យស្លោក] "អាមេរិក​អស្ចារ្យ​ឡើង​វិញ! (Make America Great Again)" ខ្លះ​[ទៀត] ថា "រុងរឿង​ទាំង​អស់​គ្នា! (Prosperity together)"។ល។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...