កីឡាករប្រធានក្រុមបាល់ទាត់អ៊ឺតាលីមួយរូប ដេកស្លាប់ដោយគាំងបេះដូង
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៤ មីនា ២០១៨
- កែប្រែចុងក្រោយ: March 04, 2018
- ប្រធានបទ: បាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មរណភាពរបស់កីឡាករ ដាវីដ អាស្តូរី (Davide Astori) អាយុ៣១ឆ្នាំ «ទំនងជាបណ្ដាល មកពីអាការៈគាំងបេះដូង ជាធម្មតាមួយ»។ នេះ ជាការអះអាងរបស់រដ្ឋអាជ្ញា ប្រចាំតំបន់ នៃប្រទេសអ៊ីតាលី លោក «Antonio de Nicolo» ដែលត្រូវបានសារព័ត៌មាន «Corriere della Sera» យកមកចុះផ្សាយបន្ត នៅរសៀលថ្ងៃអាទិត្យនេះ។
លោក «Antonio de Nicolo» បានបន្តថា វាជារឿងចម្លែកណាស់ ដែល«ហេតុការណ៍បែបនេះ បានកើតឡើង ដោយគ្មានស្លាកស្នាមអ្វីសោះ នៅក្នុងក្របខណ្ឌនៃអាជីពមួយ ដែលតែងត្រួតពិនិត្យ យ៉ាងជាប់លាប់ ដោយគ្រូពេទ្យប្រចាំក្រុមនោះ»។
កីឡាករត្រូវបានប្រទះឃើញស្លាប់ នៅក្នុងបន្ទប់សណ្ឋាគារមួយ នាក្រុង «Udine - ភាគខាងកើតអ៊ីតាលី» ខណៈក្រុមបាល់ទាត់ ហ្វីយ៉ូរ៉ង់ទីណា (Fiorentina) ត្រូវជួបប្រកួត ក្នុងថ្ងៃអាទិត្យនេះ ជាមួយក្រុមបាល់ទាត់ នៅទីនោះ ក្នុងក្របខណ្ឌដណ្ដើមជើងឯកបូកពិន្ទុ «Serie A» របស់ប្រទេសអ៊ីតាលី។ សាកសពរបស់កីឡាករ ត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច័យ កាលពីរសៀលមុននេះ នៅឯមន្ទីរពេទ្យនៃក្រុង «Udine»។
បើតាមសារព័ត៌មាន «Gazzetta dello Sport» អ្នកដែលរកឃើញរូបកាយស្ដូកស្ដឹង របស់កីឡាករមុនគេ គឺគ្រូពេទ្យធ្វើម៉ាស្សា របស់ក្រុមបាល់ទាត់ ដែលបានចូលទៅក្នុងបន្ទប់របស់កីឡាករ បន្ទាប់ពីគ្រូពេទ្យរូបនោះ បានសង្កេតឃើញថា កីឡាករមិនបានចុះ ទៅទទួលទានអាហារពេលថ្ងៃ ជាមួយនឹងកីឡាកររួមក្រុមនោះមក។
កីឡាករបានលារចាកលោក ដោយបន្សល់ទុក នូវកូនស្រីម្នាក់អាយុ២ឆ្នាំ និងភាពអាឡោះអាល័យយ៉ាងធំធេង នៅក្នុងពិភពបាល់ទាត់ របស់ប្រទេសអ៊ីតាលី។ ការប្រកួតទាំងអស់ ដែលគ្រោងធ្វើក្នុងថ្ងៃអាទិត្យនេះ ត្រូវបានលើកទៅប្រកួត នៅពេលក្រោយ។ ក្រុមហ្វីយ៉ូរ៉ង់ទីណាផ្ទាល់ បានសរសេរនៅលើទំព័រទ្វីសធើរ ប្រកាសពីមរណភាព របស់កីឡាករខ្លួនថា៖
«ក្រុមហ្វីយ៉ូរ៉ង់ទីណា មានភាពក្ដុកក្ដួលដ៏ធ្ងន់ធ្ងរ ដែលត្រូវប្រកាស ពីមរណភាពនៃកីឡាករប្រធានក្រុមរបស់ខ្លួន គឺកីឡាករ ដារីដ អាស្ដូរី បន្ទាប់ពីកីឡាករបានរងគ្រោះ នូវអាការៈដ៏ទាន់ហន់មួយ»។
ដោយចូលហ្វឹកហាត់ទាត់បាល់ដំបូង ជាមួយក្រុម «AC Milan» កីឡាករ ដាវីដ អាស្តូរី បានចុះកិច្ចសន្យា ទាត់ជាលក្ខណៈអាជីព ជាមួយក្រុម «Cagliari Calcio» និងក្រុម «AS Rome» មុននឹងចូលទៅទាត់ ឲ្យក្រុម ហ្វីយ៉ូរ៉ង់ទីណា នៅឆ្នាំ២០១៥។ នៅក្នុងក្រុមជម្រើសជាតិវិញ កីឡាករត្រូវបានកោះហៅ ដើម្បីចេញទាត់ តំណាងឲ្យប្រទេសអ៊ីតាលី បានចំនួន១៤ដង៕