ហ៊ុន ម៉ាណែត ទទួលស្គាល់មានជំនួយការច្រើនជាង២០នាក់
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 24, 2017
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខុសគ្នាបន្តិច ត្រង់ថា «បុគ្គលិក មន្ត្រីរាជការ» រាប់សិបពាន់ម៉ឺននាក់ នៅក្នុងអង្គភាព ឬស្ថាប័នរដ្ឋនីមួយៗនោះ គ្មានការតែងតាំង ឲ្យក្លាយជា«ជំនួយការ» ដោយ«អនុក្រិត្យ» ចុះហត្ថលេខាដោយលោក ហ៊ុន សែន ដូច«ជំនួយការ»ទាំង២២រូប របស់លោក ហ៊ុន ម៉ាណែត មេបញ្ជាការនៃមេបញ្ជាការដ្ឋានជាតិកម្លាំងពិសេស ប្រឆាំងភេរវកម្ម នៃគណៈកម្មាធិការជាតិ ប្រឆាំងភេរវកម្ម ដែលហៅកាត់ថា «គ.ជ.ប.ភ» នោះឡើយ។
តែសម្រាប់លោក ហ៊ុន ម៉ាណែត បុរសមានភ័ពសំណាង ពាក់ផ្កាយបី អាយុ៣៩ឆ្នាំ និងជាកូនប្រុសច្បង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ បានចាត់ទុកថា រាល់បុគ្គលិក មន្ត្រីរាជការទាំងឡាយ នៅក្នុងអង្គភាព ឬស្ថាប័នរដ្ឋមួយ គឺសុទ្ធតែជា«ជំនួយការ»របស់មេដឹកនាំអង្គភាព ឬស្ថាប័ននោះរួចជាស្រេច។ ការលើកឡើងរបស់លោក ត្រូវបានធ្វើឡើង ក្នុងសារមួយ បង្ហោះលើបណ្ដាញសង្គមក្នុងព្រឹកនេះ ទទួលស្គាល់ថា លោកពិតជាមាន«ជំនួយការ» ច្រើនជាង២០នាក់នោះ ដូចការចុះផ្សាយ របស់សារព័ត៌មានក្នុងស្រុកនោះមែន។
លោកឧត្ដមសេនីយ៍វ័យក្មេង បានសរសេរថា៖ «ដូចដែលបានបញ្ជាក់ច្បាស់ នៅក្នុងឯកសារ(អនុក្រិត្យ)នោះ នាយទាហានដែលត្រូវបានតែងតាំង គឺជាជំនួយការ របស់មេបញ្ជាការកងឯកភាព (ជំនួយការប្រធានអង្គភាព) ដែលមានន័យថា នាយទាហានទាំងនោះ គឺជាជំនួយការក្នុងក្របខ័ណ្ឌតួនាទី និងភារកិច្ចរបស់ខ្ញុំ មិនមែនជាជំនួយការរបស់ខ្ញុំ ក្នុងលក្ខណៈជាបុគ្គល (ឬជាឯកជន) នោះទេ»។ (...) នាយទាហានជំនួយការទាំងនោះ មានភារកិច្ចជួយមេបញ្ជាការ លើការងារជំនាញផ្សេងៗជាច្រើន តាមតម្រូវការរបស់អង្គភាព ដូចជាការងារហ្វឹកហ្វឺន។ល។»។
លោក ហ៊ុន ម៉ាណែត ដែលមានមុខតំណែងរដ្ឋ ដល់ទៅ៦មុខតំណែង នៅក្នុងក្រសួងការពារជាតិនោះ បានបន្តអះអាងថា៖ «ខ្ញុំសូមបញ្ជាក់ជូនថា ក្នុងតួនាទីជាមេបញ្ជាការ ដែលមានភារកិច្ចដឹកនាំការងារ របស់អង្គភាពបំពេញភារកិច្ចជូនជាតិ ខ្ញុំមិនត្រឹមមានជំនួយការ តែជាង ២០នាក់នេះទេ គឺមានច្រើនជាងនេះទៀត ហើយស័ក្តិមានតាំងពីថ្នាក់ឧត្តមសេនីយ៏ (មេបញ្ជាការរង) ដល់ពលបាល។ ពោល គឺនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅក្នុងអង្គភាពគឺជាជំនួយការ (សេនាធិការ) របស់ខ្ញុំដែលជាមេបញ្ជាការអង្គភាព ដើម្បីបំពេញភារកិច្ច បានជោគជ័យ ពីព្រោះមេបញ្ចាការអង្គភាពរូបណាក៏ដោយ ក៏មិនអាចបំពេញភារកិច្ចគ្រប់មុខ ដោយខ្លួនឯងនោះទេ ដូច្នេះចាំបាច់ ត្រូវមាននាយទាហាន នាយទាហានរង និងពលទាហានផ្សេងៗជាច្រើន ដើម្បីជួយក្នុងកិច្ចការនេះ។»។
បើអញ្ចឹងទៅវិញទេ គេត្រូវយល់ថា អ្វីទៅជា«ឋានន្តរស័ក្តិ» នៃមុខតំណែង«ជំនួយការ»? ហើយបើគ្រប់គ្នា រាប់ចាប់តាំងពីបុគ្គលិកតូចតាច រហូតដល់អនុប្រធានអង្គភាព ឬស្ថាប័នរដ្ឋមួយ សុទ្ធតែជា«ជំនួយការ» ដោយស្វ័យប្រវត្តិ របស់ប្រធានអង្គភាព និងស្ថាប័ននោះ ចុះចាំបាច់អីលោក ហ៊ុន សែន ចេញអនុក្រិត្យចុះថ្ងៃទី២ ខែកញ្ញ ឆ្នាំ២០១៤ តែងតាំង«ជំនួយការ»ទាំង២២រូប ឲ្យលោក ហ៊ុន ម៉ាណែត?
» អានអត្ថបទដែលទាក់ទង៖ ហ៊ុន សែន ធ្លាប់តែងតាំងមន្ត្រីយោធា២២រូប ធ្វើជាជំនួយការឲ្យកូនប្រុស
សូមបញ្ជាក់ដែរថា សារព័ត៌មានដើមត្នោត បានទម្លាយអនុក្រិត្យខាងលើ មកផ្សាយជាសាធារណៈ នៅថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ លើគេហទំព័ររបស់ខ្លួន ទៅតាមការទាមទារ របស់លោក ហ៊ុន ម៉ាណែត ខ្លួនលោកផ្ទាល់ ដែលបានប្រតិកម្ម ទៅនឹងការចេញផ្សាយ កាលពីមួយថ្ងៃមុន របស់សារព័ត៌មានដដែល ទាក់ទងនឹងរឿងនេះ ដោយមិនបានភ្ជាប់មកជាមួយ នូវអនុក្រិត្យរបស់ឪពុកលោកនោះទេ។ អត្ថបទព័ត៌មាននៅថ្ងៃពុធនោះ ត្រូវបានលោក ហ៊ុន ម៉ាណែត សំដែងការភ្ញាក់ផ្អើល និងសរសេរនៅលើទំព័រ ហ្វេសប៊ុករបស់លោក ទំនងចង់មានន័យបដិសេធថា លោកគ្មានជំនួយការ រហូតដល់ចំនួនដូច្នេះឡើយ។ កូនប្រុសច្បង របស់នាយករដ្ឋមន្ត្រី បានទាមទារឲ្យសារព័ត៌មានបង្ហាញពីភស្ដុតាង និងថាតើជំនួយការទាំងនោះ មានឈ្មោះអ្វីខ្លះ៕