ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីជាអមតៈ បើតាម CPP
- ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី២១ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 21, 2015
- ប្រធានបទ: បន្តអំណាច
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជាប់ឆ្នោត កាលពីថ្ងៃសៅរ៍ ជាប្រធានគណបក្សប្រជាជនកម្ពុជានោះមក ភ្លាមៗនៅពាក់កណ្ដាលអាធ្រាត ថ្ងៃដដែល សេចក្ដីថ្លែងការណ៍មួយរបស់គណបក្សនេះ បានបញ្ជាក់ឲ្យដឹងសារជាថ្មី ពីជំហរជាឱឡារិកថា លោក ហ៊ុន សែន នៅតែបន្តធ្វើ ជានាយករដ្ឋមន្រ្តីដដែល និងជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់អាណត្តិក្រោយៗទៀត។
បើមានពាក្យចចាមអារ៉ាម...
សេចក្ដីថ្លែងការណ៍នោះ បានសរសេរខ្លួនឯងថា បន្ទាប់ពីសន្និបាតជ្រើសរើសប្រធាន និងអនុប្រធានគណបក្សប្រជាជនកម្ពុជា «ក៏មានលេចឭ ពាក្យចចាមអារ៉ាមបំពុល ក្នុងសាធារណមតិថា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងឈប់ធ្វើជានាយករដ្ឋមន្រ្តីទៀតហើយ»។
ហើយការកាន់តំណែង ជានាយករដ្ឋមន្ត្រី និងបន្តបេក្ខភាពជានាយកមន្ត្រី សម្រាប់អណត្តិក្រោយៗទៀត របស់លោក ហ៊ុន សែន នោះ ក៏ត្រូវបានសេចក្ដីថ្លែងការណ៍នោះ អះអាងដែរ ថាបានអនុលោម «ទៅតាមសេចក្តីសម្រេចចិត្ត របស់មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សជាបន្តបន្ទាប់កន្លងមក»។
កាលពីថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៥ សន្និបាតមួយរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានជ្រើសតាំងលោក ហ៊ុន សែន ជាប្រធានគណបក្ស ជំនួសលោក ជា ស៊ីម ដែលទើបនឹងធ្វើអនិច្ចកម្ម ក្នុងជន្មាយុ៨២ឆ្នាំ។ ចំណែករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង និងប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ត្រូវជ្រើសតាំង ឲ្យក្លាយជាអនុប្រធានគណបក្ស តែមិនបានកំណត់ថា តើនរណាម្នាក់ជា អនុប្រធានទី១ ឬទី២ នោះទេ។
នេះ ជាលើកទីមួយ ដែលគណបក្សប្រជាជនកម្ពុជា មានអនុប្រធានគណបក្ស ចំនួន២រូប និងជាអ្វី ដែលបានជំរុញ ឲ្យមានការជជែកវែកញ៉ែក ក្នុងចំណោមអ្នកតាមដាន ស្ថានការណ៍នយោបាយកម្ពុជា យ៉ាងផុលផុស។
សម្រាប់លោក ហ៊ុន សែន ខ្លួនលោកវិញ លោកធ្លាប់បានប្រកាស កាលពីថ្ងៃទី២៩ ខែមេសាថា លោកនឹងធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីដដែល សម្រាប់អណត្តិទី៦ខាងមុខទៀត។ ប៉ុន្តែបុរសខ្លាំងរបស់ប្រទេសកម្ពុជា ដែលកាន់អំណាចក្នុងតំណែងនេះ តាំងពី៣ទសវត្សន៍មកហើយនោះ មិនបានប្រាថ្នាចង់ធ្វើជានាយករដ្ឋមន្ត្រី រហូតដល់លោក មានអាយុ៩០ឆ្នាំនោះឡើយ។ នេះបើតាមការថ្លែងអះអាង ដោយខ្លួនលោកផ្ទាល់ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ ដោយហេតុថា ការចូលរួមកម្មវិធីជារៀងរាល់ថ្ងៃ បានធ្វើឲ្យលោកហត់នឿយ៕