រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​មិន​ទាន់​សម្រេច​មក​កម្ពុជា ផ្ទុយ​ពី​សំដី ហ៊ុន សែន

ផ្ទុយពីការអះអាង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីប៉ុន្មានថ្ងៃមុននោះ រដ្ឋមន្ត្រីការបរទេសជប៉ុន មិនទាន់បានសម្រេចថា នឹងមកធ្វើទស្សនកិច្ច នៅកម្ពុជានៅឡើយទេ។ នេះ បើតាមការអះអាង របស់មន្ត្រីទូតជប៉ុន ប្រចាំនៅកម្ពុជា ដែលត្រូវបានស្រង់សំដី ដោយវិទ្យុអាស៊ីសេរី មកផ្សាយបញ្ជាក់ កាលពីម្សិលម៉ិញ។
រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​មិន​ទាន់​សម្រេច​មក​កម្ពុជា ផ្ទុយ​ពី​សំដី ហ៊ុន សែន
ពីឆ្វេងទៅស្ដាំ៖ លោក កងតារ៉ូ សូនូរ៉ា ទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 31, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទីប្រឹក្សាប្រចាំស្ថានទូតជប៉ុន នៅកម្ពុជា លោក ហ៊ីរ៉ូណូរី ស៊ុយស៊ូគី (Hironori Suzuki) បានអះអាងថា រដ្ឋាភិបាលនៃប្រទេសជប៉ុន នៅមិនទាន់សម្រេច អំពីដំណើរទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន កូណូ តារ៉ូ (KONO Taro) ទៅកាន់​ប្រទេស​ណាមួយ នៅ​ឡើយ​ទេ រហូតមកដល់​ពេល​នេះ។ លោក ហ៊ីរ៉ូណូរី ស៊ុយស៊ូគី បានថ្លែងដូច្នេះ នៅក្នុងសារអេឡិចត្រូនិកមួយ ផ្ញើរទៅឲ្យវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៩ ខែមីនា។

ការអះអាងរបស់មន្ត្រីស្ថានទូតជប៉ុន មានលក្ខណៈផ្ទុយគ្នា ពីការប្រកាស​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែង ជាសាធារណៈ កាលពីប៉ុន្មានថ្ងៃមុន អះអាងពីជំនួបរវាងលោក និងប្រមុខការទូតជប៉ុន ថានឹងត្រូវធ្វើឡើង នៅសប្ដាហ៍ក្រោយ ដោយមានត្រៀមរបៀបវារៈ នៃជំនួបនោះរួចជាស្រេចថែមទៀត និងគ្មានរបៀបវារៈ ដែលជជែកពីបញ្ហាបក្សប្រឆាំង នៅកម្ពុជានោះទេ។ 

ថ្លែងក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ ដល់​និស្សិត​​សាកលវិទ្យាល័យ ​អាស៊ី​-​អឺរ៉ុប កាលពី​ថ្ងៃទី២៧ ខែ​មីនា កន្លងមកនេះ លោក ហ៊ុន សែន បានប្រកាសថា៖ «ហើយ​ខ្ញុំ​ប្រាប់​លោក​ឯង​ថែមទៀត ថ្ងៃអាទិត្យ អាទិត្យ​ក្រោយនេះ រដ្ឋមន្ត្រីការបរទេស​ជប៉ុន នឹង​មក​ជួប​ជាមួយ​ខ្ញុំ​ទៀត ប៉ុន្តែ​មិនមែន​ប្រធានបទ​ហ្នឹង​ទេ។ ជួប​ហើយ​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ ចុះហត្ថលេខា លើ​ការ​ផ្ដល់​ជំនួយ​របស់​ជប៉ុន​ឲ្យ​កម្ពុជា។ រួចហើយ ជួប​ហើយ​ខ្ញុំ​នឹង​ស៊ី​បាយ ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន ពិភាក្សា​ប្រធានបទ​ផ្សេង មិនមែន​រឿង​លោក​ឯង​ទេ»។

ការលើកឡើងរបស់លោក ហ៊ុន សែន ជាចម្លើយបដិសេធ នូវលទ្ធភាពណាក៏ដោយ ដែលឈានទៅចរចា ដោះស្រាយវិបត្តិនយោបាយ នៅកម្ពុជា ដែលលើកឡើង នៅចំពោះរូបលោកផ្ទាល់ ដោយលោក កង់តារ៉ូ សូនូរ៉ា (Kentaro SONOURA) ទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន។ នៅក្នុងដំណើរទស្សនកិច្ច រយៈពេលខ្លីនៅកម្ពុជា កាលពីចុងសប្ដាហ៍មុន លោក កង់តារ៉ូ សូនូរ៉ា បានជួបជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដោយមិនភ្លេចបញ្ជាក់ផងទេ ពីជំហររបស់ប្រទេសជប៉ុន ដែលចង់ឃើញការបោះឆ្នោតជាតិ នាពេលខាងមុខ នៅកម្ពុជា មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

តែការអះអាង របស់មន្ត្រីជាន់ខ្ពស់ជប៉ុន ត្រូវបានលោក ហ៊ុន សែន បកស្រាយបែបផ្សេងទៅវិញ។ នៅក្នុងពិធីចែកសញ្ញាប័ត្រដដែលនោះ បុរសខ្លាំងកម្ពុជា បាននិយាយ ពីជំហរជប៉ុន ជំនួសជប់ុនដូច្នេះថា៖ «ជប៉ុន ​គេ​មិន​មក​ធ្វើ​រឿង​ឆ្កួតៗ​ នោះ​ទេ​។ ជប៉ុន​គេ​ស្គាល់​ឯករាជ្យ អធិបតេយ្យ​របស់​ខ្មែរ​ ច្បាស់​ណាស់ (...) គេ​មាន​កិច្ច​ពិភាក្សា​នយោបាយ ​របស់​គេ ហើយ​មិនមែន​ជា​ប្រធានបទ ​របស់​លោក​ឯង​ទេ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...