រដ្ឋាភិបាលព្រមាន មិន​ដោះ​ស្រាយ​ជំលោះ​ដីធ្លី ដែល​បក្ស​នយោយ និង​សង្គម​ស៊ីវិល​លូក​ដៃ

« បើចង់ឲ្យខ្ញុំជួយដោះស្រាយ បញ្ហាដីធ្លី សូមកុំឲ្យមាននយោបាយឡូកឡំ។ … បើមានអ្នកនយោបាយ ចូលឡូកឡំ អង្គការក្រៅ​រដ្ឋាភិបាល ឬបក្សនយោបាយចូលឡូកឡំហើយ ខ្ញុំនឹងមិនដោះស្រាយទេ។ សូមបង្កកទុកមួយកន្លែង ព្រោះបើកាលណា មាន​នយោបាយចូលឡូកឡំហើយ ដោះមិនចេញទេ។ ដោះងាប់ទាំងខ្លួនទៀត ក៏ដោះមិនចេញដែរ។ អីចឹងទេ ខ្ញុំសូមជូនសារ បើថា ចង់ឲ្យខ្ញុំជួយដោះស្រាយ កុំឲ្យអ្នកនយោបាយចូលឡូកឡំ កុំឲ្យអង្គការ ក្រៅរដ្ឋាភិបាលប្រឆាំង ចូលឡូកឡំឲ្យសោះ» នេះបើតាមការអះអាងរបស់ លោកនាយករដ្ឋមន្ត្រី។
Loading...
  • ដោយ: ត្នោតខ្មែរ
  • កែប្រែចុងក្រោយ: November 24, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសទៅកាន់ប្រជាពលរដ្ឋ ដែលមានជម្លោះដីធ្លីថា លោកនឹងមិនជួយដោះស្រាយ ជម្លោះដីធ្លីណា ដែលមានគណបក្សនយោបាយ ពិសេសគណបក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាល ចូលឡូកឡំក្នុង​ជម្លោះឡើយ។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុង ពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ ។


លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

«បើចង់ឲ្យខ្ញុំជួយដោះស្រាយ បញ្ហាដីធ្លី សូមកុំឲ្យមាននយោបាយឡូកឡំ។ (…) បើមានអ្នកនយោបាយ ចូលឡូកឡំ អង្គការក្រៅ​រដ្ឋាភិបាល ឬបក្សនយោបាយចូលឡូកឡំហើយ ខ្ញុំនឹងមិនដោះស្រាយទេ។ សូមបង្កកទុកមួយកន្លែង ព្រោះបើកាលណា មាន​នយោបាយចូលឡូកឡំហើយ ដោះមិនចេញទេ។ ដោះងាប់ទាំងខ្លួនទៀត ក៏ដោះមិនចេញដែរ។ អីចឹងទេ ខ្ញុំសូមជូនសារ បើថា ចង់ឲ្យខ្ញុំជួយដោះស្រាយ កុំឲ្យអ្នកនយោបាយចូលឡូកឡំ កុំឲ្យអង្គការ ក្រៅរដ្ឋាភិបាលប្រឆាំង ចូលឡូកឡំឲ្យសោះ» នេះបើតាមការអះអាងរបស់ លោកនាយករដ្ឋមន្ត្រី។

ក្នុងករណីនេះផងដែរ លោកនាយករដ្ឋមន្រ្តី ចង់សំដៅទៅគ្រប់អ្នកនយោបាយ ទាំងអស់។ ជាក់ស្តែង លោកបានលើកឡើងថា មន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជាម្នាក់គឺ លោក ឌឿន សុវណ្ណ ជាឧត្តមសេនីយ៍ឯកផ្កាយបី និងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាដីធ្លី នៅខេត្តពោធិ៍សាត់ ត្រូវបានរដ្ឋាភិបាល ចាត់វិធានការដកតំណែង រួចបញ្ជូនសំណុំរឿងទៅកាន់ តុលាការផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា «អង្គការក្រៅរដ្ឋាភិបាលខ្លះ ក៏មានការក្លែងឯកសារ និងស្នាមមេដៃ ក្នុង​រឿងដីធ្លី ហើយនៅពេលរដ្ឋាភិបាល រកឃើញកំហុស ក៏ជាប់ទោស។ ហើយដល់ជាប់ទោស តាំងចាប់ផ្តើមរកអន្តរាគមន៍ ហើយខ្ញុំ ខ្ញុំប្រាប់ហើយថា កម្ពុជាអត់មាន អ្នកទោសនយោបាយទេវ៉ើយ! មានតែអ្នកនយោបាយ ជាប់ទោសព្រហ្មទណ្ឌតែប៉ុណ្ណោះ។» លោកនាយករដ្ឋមន្ត្រី ក៏បានបន្ថែមទៀតថា កន្លងមកក៏មានការកាត់ទោស លើមេប៉ូលិស ទាហាន ថ្នាក់ឧត្តមសេនីយ៍ និងមន្ត្រី​រដ្ឋាភិបាលជាច្រើននាក់ ដោយដាក់ពន្ធនាគារ ដូចករណីអ្នកនយោបាយ ដែលបានធ្វើខុសច្បាប់ផងដែរ។

លោកស្រី ពង្ស ឈីវហ្គិច នាយិកាអង្គការ ការពារសិទ្ធិមនុស្ស លីការដូ ប្រចាំនៅកម្ពុជា បានសំដែងការសោកស្តាយ ដោយ​រដ្ឋាភិបាល​បានលើកឡើងយ៉ាងនេះ។ «កន្លងមកសង្គមសុីវិល ក៏បានចូលរួមចំណែកដោះស្រាយបញ្ហា បានមួយចំនួនដែរ។ ប្រជាពលរដ្ឋ បានបោះឆ្នោតជូនរដ្ឋាភិបាល ដើម្បីឲ្យជួយដោះស្រាយបញ្ ហាទាំងឡាយ តែបែជារដ្ឋាភិបាល ប្រកាសយ៉ាងនេះ ទៅវិញ។ សូមរដ្ឋាភិបាលចាត់ទុកសង្គមសុីវិល ជាដៃគូរមួយល្អផង។ បើសិនរដ្ឋាភិបាលមិនដោះស្រាយទេ តើអ្នកណាចេញ​មុខដោះស្រាយ?» លោកស្រី បានប្រត្តិកម្ម ដោយបន្លែមថាខាងសង្គមសុីវិល គ្រាន់តែមានទួនាទី ជួយគាំទ្រ ជួយតាមផ្លូវច្បាប់ ក្នុងការស្នើរសំណុំ រឿងទៅសមត្ថកិច្ច ដើម្បីឲ្យជួយដោះស្រាយប៉ុណ្ណោះ ។

គួររំលឹកផងដែរថា លោក បារ៉ាក់ អូបាម៉ា ក៏បានលើកឡើង ពីបញ្ហារំលោភសិទ្ធិមនុស្ស នៅកម្ពុជា ជម្លោះដីធ្លី ការចាប់ឃុំឃាំង លោក ម៉ម សូណង់ដូ ការបោះឆ្នោត និងករណីរបស់ មេដឹកនាំគណបក្សប្រឆាំង ជាដើមផងដែរ កាលពីជំនួបរវាងលោក នឹងលោកហ៊ុន សែន កាលពីល្ងាចថ្ងៃ ទី១៩ វិច្ឆិកា ២០១២ កន្លងមកនេះ៕

------------------------------------------------------
ដោយ៖ ជា ប៊ុនធឿន ថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...