បារាំង-សង្គ្រាមប្រធានបក្សនយោបាយស្ដាំនិយម៖ បរាជ័យនៃការសម្រុះសម្រួល
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: November 27, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅចំពោះមុខ ភាពមិនទុកចិត្តរបស់ គូរជម្លោះរបស់លោកហ្រ្វង់ស៊័រ ហ្វីយ៉ុង គឺលោកហ្សង់ ហ្វ្រង់ស៊័រ កូប៉េនោះ អ្នកសម្រុះសម្រួល លោកអាឡាំង ហ្សីប៉េ បានដោះដៃលែងរវីរវល់នឹង បញ្ហានេះបន្តទៀត។ រីឯលោក ហ្រ្វង់ស៊័រ ហ្វីយ៉ុង បានប្ដឹងទៅតុលាការ។ ជាជម្លោះដែលមានជម្រៅកាន់តែជ្រៅទៅ ហើយអាចនឹងឈានទៅ សម្លាប់គណបក្សស្ដាំនិយមមួយនេះរបស់បារាំងទៀតផង។
លោក ហ្សង់ ហ្វ្រង់ស៊័រ កូប៉េ និងលោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង។ រូបថត របស់គណបក្ស UMP។
សូមអានអត្ថបទមុនរបស់ មនោរម្យព័ងអាំងហ្វូ ដែលបានបកស្រាយពីជម្លោះនេះ និងដើមហេតុទាំងឡាយរបស់វា។
ការសម្របសម្រួល បានទទួលបរាជ័យ
ជំនួបរវាងគូជម្លោះទាំងពីរ នៅក្រោមការសម្របសម្រួល របស់លោកអាឡាំង ហ្សីប៉េ (Alain Juppé) បានបញ្ចប់ទៅ ដោយប្រើរយះពេលតែ៤៥នាទីប៉ុណ្ណោះ។ ប៉ុន្តែនៅក្រោយបន្ទាប់ពីកិច្ចប្រជុំនោះ អាជ្ញាកណ្ដាល ដែលជាចៅហ្វាយក្រុងប៊កដូផងនោះ បានដោះដៃលែងរវល់ នឹងជម្លោះក្នុងបក្សនយោបាលរបស់លោកតទៅទៀត។ លោកបាននិយាយាក្នុងសេចក្ដីប្រកាសថា «លក្ខខ័ណ្ឌទាំងឡាយដែលបានដាក់ចុះមក ដើម្បីការសម្របសម្រួលនេះ មិនត្រូវបានគេទទួលយកទាំងអស់ទេ»។
រីឯលោក ហ្រ្វង់ស៊័រ ហ្វីយ៉ុង (François Fillon) នៅក្នុងអត្ថបទអន្តរាគមរបស់លោកភ្លាមៗនោះ បានលើកឡើងជាអាថ៌ពី «កង្វល់នឹងរកច្រកចេញ នៃភាពទាល់ច្រកមួយ ជាអ្វីដែល ហ្សង់ ហ្វ្រង់ស៊័រ កូប៉េ កំពុងពន្លិចគណបក្សរបស់យើងនោះ ខ្ញុំនឹងប្ដឹងឡើងទៅតុលាការ»។ ចំណែកខាងអ្នកស្និតនឹង លោកហ្សង់ ហ្វ្រង់ស៊័រ កូប៉េ (Jean-François Copé) វិញ បាននិយាយពី «និតិវិធីស្វែងរកយុត្តិធម៌នៅក្នុងបក្ស ដែលនឹងមិនត្រូវបានគេបង្អាក់ដំណើររបស់វាទេ៖ គណកម្មាធិការឧទ្ទរណ៍នៅតែធ្វើការរបស់ខ្លួន ជាធម្មតា»។
មតិអ្នកស្និតនឹងលោកហ្វីយ៉ុង និងអ្នកដែលស្និតនឹងអតីតប្រធានាធិបតី នីកូឡា ស្សាកូហ្សី បានងាកមកសម្លឹងរកមើល លោកអតីតប្រធានាធិបតី ដើម្បីចូលមកអន្តរាគមន៍ក្នុងជម្លោះនេះ។ តែគំនិតនេះ ត្រូវបានច្រានចោល ដោយក្រុមអ្នកស្និតនឹងលោក កូប៉េ។
ហ្សង់ ហ្វ្រង់ស៊័រ កូប៉េ ប្រធានគណបក្សអោយខាងតែបាន
ដូចអ្វីដែលលោក កូប៉េ ធ្លាប់និយាយាទៅកាន់អ្នកកាសែតយ៉ាងដូច្នេះ «ត្រឹមត្រូវហើយដែលថា ខ្ញុំជាអ្នកឈ្នះក្នុងការបោះឆ្នោតនេះ» ហើយជ័យជំនះនេះ ត្រូវបានបញ្ជាក់ជាថ្មី ដោយគណកម្មាធិការឧទ្ទរណ៍របស់គណបក្សថែមទៀត នៅរសៀលថ្ងៃច័ន្ទទី២៦វិច្ឆិកា កន្លងមកនេះ។ តែជាការសម្រេច របស់គណកម្មាធិកាឧទ្ទរណ៍មួយ ដែលក្រុមលោកហ្វីយ៉ុងបានច្រានចោល និងបានចោទថា ជាការសម្រេចចិត្ត«មិនស្របច្បាប់» របស់ក្រុមគណកម្មាធិការ ដែល«ស្និតនឹងលោក កូប៉េ»។
បន្ទាប់ពីការសម្រេចរបស់ គណកម្មាធិការឧទ្ទរណ៍នេះ លោក កូប៉េ បានចេញសេចក្ដីប្រកាសមួយ កាលពីយប់ថ្ងៃច័ន្ទដដែល ដើម្បី «ការបង្រួបបង្រួម»គណបក្ស ហើយបានបញ្ជាក់ថា គណបក្សត្រូវការលោក ហ្វីយ៉ុង។ ជាការអំពាវនាវ ដែលធ្វើអោយគេស្រមៃថា លោកកូប៉េ កំពុងបើកដៃទៅរកគូជម្លោះ និងប្រហែលអាចហៅបាន នូវអ្នកដែលស្និតនឹងលោក ហ្វីយ៉ុង ម្នាក់ឬពីរនាក់ មកចូលរួមជាមួយនឹងលោក។ តែអ្នកវិភាគបានពន្យល់ថា ទាំងនេះ គឺដើម្បីបញ្ចេញនូវរូបភាព នៃ«ការផ្សះផ្សារគណបក្ស» របស់លោកកូប៉េ។
ដំណោះស្រាយតាមតុលាការ
ជាដំណើររឿងមួយវែងឆ្ងាយ និងត្រូវប្រើរយះពេលយូរ។
ដូចទៅនឹងអ្វី ដែលលោកបាននិយាយទុកជាមុនមកហើយ លោកហ្វ្រង់ស៊័រ ហ្វីយ៉ុង បានដាក់ពាក្យបណ្ដឹងមួយទៅតុលាការ នៅព្រឹកថ្ងៃច័ន្ទ ហើយក្រោយបន្ទាប់មក មានការស្នើសុំដោយតុលាការ អោយប្រមូលទុកឯកសារទាំងឡាយ ដែលទាក់ទងនឹងការបោះឆ្នោត កន្លងមកនេះ។ តែអ្វីៗមិនដូចជាព្រៀងទុកនោះទេ ព្រោះខាងគណបក្ស បានស្នើសុំអោយតុលាការពន្យាពេលនិតិវិធី នៃការប្រមូលឯកសារនេះ។
អ្នកវិភាគបាននិយាយថា ដំណោះស្រាយតាមផ្លូវតុលាការ នឹងគ្មានផលល្អ សម្រាប់ភាគីជម្លោះទាំងសងខាង និងសម្រាប់គណបក្សនោះទេ ព្រោះច្រើនណាស់ តុលាការបានត្រឹមបង្គាប់អោយ ធ្វើការបោះឆ្នោតឡើងវិញតែប៉ុណ្ណោះ។ ជាពិសេសទៅទៀត ក្នុងពេលរងចាំការសម្រេចរបស់តុលាការនេះ លោកហ្វ្រង់ស៊័រ ហ្វីយ៉ុង ក៏គួរតែយល់ដែរថា លោកហ្សង់ ហ្វ្រង់ស៊័រ កូប៉េ នឹងនៅជាប្រធានគណបក្សដដែល។ ដូច្នេះដំណោះស្រាយតាមផ្លូវតុលាការ មិនមែនជាជម្រើសមួយ ដែលល្អជាងដំណោះស្រាយ តាមផ្លូវនយោបាយ នោះទេ។
ការបោះឆ្នោតឡើងវិញ ជាជម្រើសមួយ
សម្រាប់អ្នកស្និតនឹងលោកហ្វីយ៉ុង និងអ្នកនិយមកណ្ដាល ការបោះឆ្នោតឡើងវិញ ជាជម្រើសតែមួយ សម្រាប់បញ្ចប់ជម្លោះ។ អតីតប្រធានាធិបតី លោកនីកូឡា ស្សាកូហ្សី ក៏លើកឡើងដែរ ថាការបោះឆ្នោតឡើងវិញ ជា«ជម្រើសដែលល្អជាងគេ»។ តែជាជម្រើស ដែលខាងលោកកូប៉េ វាយតម្លៃថា «គ្មានភាពទទួលខុសត្រូវ ខាតពេលវេលា និងខាតប្រាក់»។
ភាពទ័លច្រក ដែលអាចនឹងបំបែកគណបក្ស សម្ព័ន្ធចលនាប្រជាជន (UMP) ជាពីរ។ នៅព្រឹកថ្ងៃអង្គារទី២៧វិច្ឆិកានេះ ក្រុមអ្នកស្និតនឹងលោក ហ្វីយ៉ុង នឹងប្រជុំគ្នានៅសភាជាតិ ដើម្បីនឹងជជែកប្រមើលមើល ពីជម្រើសដែលពួកខ្លួន ត្រូវរើសយក។ ជម្រើសដែលអាចផ្ដល់ ផលអវិជ្ជមានដល់គណបក្ស៕