តុលាការ​ហៅ​អតីត​ប្រធានាធិបតី​បារាំង ទៅ​សាក​សួរ​ក្នុង​រឿង​ហិរញ្ញវត្ថុ

លោកអតីតប្រធានាធិបតី ត្រូវបានគេសង្ស័យថា បានទទួលទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់ ពីមហាសេដ្ឋីនីនៃយីហោគ្រឿងក្រអូប «ឡូរ៉េអាល់» ម្នាក់ឈ្មោះ លីលីយ៉ាន ប៊េតង់គួ (Liliane Bettencourt) ដើម្បីមកទំនុកបំរុងយុទ្ធនាការឃោសនា ជ្រើសរើសប្រធានាធិបតី កាលពីឆ្នាំ២០០៧ ដែលកាលពីសម័យកាលនោះ គូរប្រជែងរបស់លោក គឺលោកស្រី សេហ្គោឡែន រ៉ូយ៉ាល់ (Ségolène Royal) មកពីគណបក្សសង្គមនិយម។ តុលាការសង្ស័យថា លោកនីកូឡា ស្សាកូហ្សី បានឆ្លៀតឱកាស ដែលលោកស្រី ប៊េតង់គួ មានសតិមិនគ្រប់គ្រាន់ (ឬបាត់ការចងចាំ) ដើម្បីទទួលបានទឹកប្រាក់ដ៏សន្ធឹកសន្ធាប់ទាំងនោះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: November 23, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតប្រធានាធិបតី នៃសាធារណរដ្ឋបារាំង លោកនីកូឡា ស្សាកូហ្សី ត្រូវបានតុលាការទីក្រុងប៊កដូរ ហៅទៅសាកសួរ នៅលើ​សំនុំ​រឿងសង្ស័យ ពីការទទួលហិរញ្ញវត្ថុ ពីមហាសេដ្ឋីនីម្នាក់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០០៧។


លោកនីកូឡា ស្សាកូហ្សី នៅត្រូកាដេរ៉ូ ជិតទួអេហ្វែល ពេលធ្វើយុទ្ធនាការឃោសនា
បោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១២នេះ។ រូបថត របស់គណបក្ស UMP។

គេមិនដឹងថា តើការសាកសួរនោះមានលក្ខណៈបែបណា និងទម្រង់បែបម៉េច ហើយគេនៅមិនដឹងថា លោកអតីតប្រធានាធិបតី នីកូឡា ស្សាកូហ្សី នឹងត្រូវតុលាការឃាត់ខ្លួន ដើម្បីស៊ើបអង្កេតបន្ថែមឬយ៉ាងណានោះទេ។ តែលោកអតីតប្រធានាធិបតី បានមក​ដល់វិមានយុត្តិធម៌នៃទីក្រុងប៊ក​ដូ (Bordeaux) តាំងពីព្រឹកព្រលឹម ថ្ងៃព្រហស្បត្តិ៍ទី២២វិច្ឆិកាមកម្លេះ។

លោកអតីតប្រធានាធិបតី ត្រូវបានគេសង្ស័យថា បានទទួលទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់ ពីមហាសេដ្ឋីនីនៃយីហោគ្រឿងក្រអូប «ឡូរ៉េអាល់» ម្នាក់ឈ្មោះ លីលីយ៉ាន ប៊េតង់គួ (Liliane Bettencourt) ដើម្បីមកទំនុកបំរុងយុទ្ធនាការឃោសនា ជ្រើសរើស​ប្រធានាធិបតី កាលពីឆ្នាំ២០០៧ ដែលកាលពីសម័យកាលនោះ គូរប្រជែងរបស់លោក គឺលោកស្រី សេហ្គោឡែន រ៉ូយ៉ាល់ (Ségolène Royal) មកពីគណបក្សសង្គមនិយម។ តុលាការសង្ស័យថា លោកនីកូឡា ស្សាកូហ្សី បានឆ្លៀតឱកាស ដែលលោកស្រី ប៊េតង់គួ មានសតិមិនគ្រប់គ្រាន់ (ឬបាត់ការចងចាំ) ដើម្បីទទួលបានទឹកប្រាក់ដ៏សន្ធឹកសន្ធាប់ទាំងនោះ។

លោកស្សាកូហ្សី ដោយមានអមពីមេធាវីលោក ទីជែរី អ៊ែស៊ូង (Thierry Herzog) ផង បានទៅដល់តុលាការនៅម៉ោង ០៩ម៉១៥ព្រឹក ដើម្បីអោយ ចៅក្រមស៊ើបង្កេតឈ្មោះ ហ្សង់ មីឆែល ហ្សងទី (Jean-Michel Gentil) បានសាកសួរដេញដោល ។ ប្រភពស្និតនឹង​តុលាការ បាននិយាយថា ជាការសាកសួរធម្មតា និងប្រកបដោយការគោរពគ្នាទៅវិញទៅមក ដូចគ្នាទៅនឹងសាកសួររបស់ចៅក្រម ទៅមនុស្សដែលត្រូវបានកោះហៅយ៉ាងដូច្នេះ។

តែអតីតប្រធានាធិបតី ច្រានចោលរាល់ការចោទប្រកាន់ ហើយបានចេញពីតុលាការមកវិញ នៅល្ងាចថ្ងៃដដែលនេះ បន្ទាប់ពី​ឆ្លង​កាត់ការសាកសួរ អស់រយះពេល១២ម៉ោងនោះមក។ លោកស្សាកូហ្សី ត្រូវបានគេឃើញធ្វើដំណើរ តាមរថយន្ដចាកចេញពី វិមាន​យុត្តិធម៌នៃទីក្រុងប៊កដូ នៅម៉ោង០៩ម៉៤០នាទីយប់ ដោយមានការអបដំណើរដោយមេធាវីរបស់លោកផង។

ឆ្លើយតបនឹងការសាកសួររបស់វិទ្យុក្នុងស្រុក (RTL) មេធាវីរបស់អតីតប្រធានាធិបតី លោក ទីជែរី អ៊ែស៊ូង បានលើកពីភាពពេញចិត្ត​ពេញថ្លើម​របស់លោក យ៉ាងដូច្នេះថា «សម្រាប់ខ្ញុំ ជាជោគជ័យមួយរបស់ប្រព័ន្ធយុត្តិធម៌ (...) ជាសំនុំរឿង ដែលមិនគួរមាន និង​លែង​មានតទៅទៀត។ សរុបមក ជាទីបញ្ចប់នៃរាល់ការសង្ស័យ ដែលបានផ្សាយទាំងគ្មានឬសគល់ ច្បាស់លាស់ តាមប្រព័ន្ធផ្សព្វផ្សាយកន្លងមក។»

សូមបញ្ជាក់ថា លោកនីកូឡា ស្សាកូហ្សី ជាអតីតប្រធានាធិបតីទីពីរហើយ បន្ទាប់ពីលោកហ្សាក់ ឆៀរ៉ាក់ (Jacques Chirac) ដែល​ត្រូវប្រព័ន្ធយុត្តិធម៌ ហៅទៅសាកសួរ នៅក្នុងរបបសាធារណរដ្ឋបារាំងទី៥នេះ។ មតិសាធារណជនយល់ថា លោកស្សាកូហ្សី លែង​ជាប្រធានាធិបតី​ទៀតហើយ ដូច្នេះលោកជាពលរដ្ឋសមញ្ញម្នាក់ ដូចប្រជាជនទូទៅដែរ។ ជារឿងធម្មតា ដែលនៅក្នុងប្រទេស​ប្រជាធិបតេយ្យ មនុស្ស​គ្រប់រូបណាក៏ដោយ ត្រូវទទួលទោសនៅចំពោះមុខច្បាប់ បើតុលាការរកឃើញថាមានកំហុសុ។ ថ្ងៃនេះ​ធ្វើ​មិនបាន តែជនល្មើសមិន​ប្រាកដថា នឹងរួចខ្លួនមួយជីវិតនោះទេ៕

------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...