អ៊ីស្ត្រាអែល-​ប៉ាឡេស្ទីន៖ ការ​អបអរសាទរ ក្រោយ​ពី​បទ​ឈប់​បាញ់​ចូល​ជា​​ធរមាន

កិច្ចព្រមព្រៀងឈប់បាញ់ ដែលបានធ្វើឡើងរវាងពួកហាម៉ាស និងអ៊ីស្រ្តាអែល កាលពីថ្ងៃពុធនោះ ទំនងបានចូលជាធរមាន នៅថ្ងៃព្រហស្បត្តិ៍ស្អែកឡើង តែសភាពតានតឹង នៅតែគ្រប់ដណ្ដប់នៅឡើយ បន្ទាប់ពីប្រឈមមុខដាក់គ្នា អស់រយះពេល៨ថ្ងៃមកនោះ។ ខាងនគរបាលអ៊ីស្រ្តាអែល បានរាយការណ៍ថា បន្ទាប់ពីកិច្ចឈប់បាញ់បានចូលជាធរមាន នៅយប់ម៉ោង០៨ថ្ងៃពុធទី ២១វិច្ឆិកាមកនោះ មានរ៉ុក្កែតចំនួនជា១២ ត្រូវបានបាញ់ចេញពីតំបន់ហ្គាស្សា តែត្រូវចាប់កំទេចបានដោយ ប្រព័ន្ធចាប់ម៉ីស៊ីលរបស់អ៊ីស្ត្រាអែល។ ចំណែកខាងប៉ាឡេស្ទីនវិញ ក៏បានរាយការណ៍មកដែរថា មានការបំផ្ទុះមួយនៅកណ្ដាលតំបន់ហ្គាស្សានោះ តែថាមិនមានធ្វើអោយរងគ្រោះ ដល់នរណាម្នាក់ឡើយ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: November 24, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាបទឈប់បាញ់ បានចូលជាធរមានហើយក៏ដោយ ក៏គូរបដិបក្ខទាំងសងខាង នៅរក្សាទុកនូវម្រាមដៃរបស់ខ្លួន នៅក្នុងកៃ កាំភ្លើងដដែលនៅឡើយ។


អន្តរាគមតាមផ្លូវអាកាសរបស់អ៊ីស្ត្រាអែល ទៅលើតំបន់ហ្គាស្សា។ រូបថត Hatem Moussa/ AP។

កិច្ចព្រមព្រៀងឈប់បាញ់  ដែលបានធ្វើឡើងរវាងពួកហាម៉ាស និងអ៊ីស្រ្តាអែល កាលពីថ្ងៃពុធនោះ ទំនងបានចូលជាធរមាន នៅថ្ងៃ ព្រហស្បត្តិ៍ស្អែកឡើង តែសភាពតានតឹង នៅតែគ្រប់ដណ្ដប់នៅឡើយ បន្ទាប់ពីប្រឈមមុខដាក់គ្នា អស់រយះពេល៨ថ្ងៃមកនោះ។

ខាងនគរបាលអ៊ីស្រ្តាអែល បានរាយការណ៍ថា បន្ទាប់ពីកិច្ចឈប់បាញ់បានចូលជាធរមាន នៅយប់ម៉ោង០៨ថ្ងៃពុធទី ២១វិច្ឆិកាមក​នោះ មានរ៉ុក្កែតចំនួនជា១២ ត្រូវបានបាញ់ចេញពីតំបន់ហ្គាស្សា តែត្រូវចាប់កំទេចបានដោយ ប្រព័ន្ធចាប់ម៉ីស៊ីលរបស់អ៊ីស្ត្រាអែល។ ចំណែកខាងប៉ាឡេស្ទីនវិញ ក៏បានរាយការណ៍មកដែរថា មានការបំផ្ទុះមួយនៅកណ្ដាលតំបន់ហ្គាស្សានោះ តែថាមិនមានធ្វើអោយ​រងគ្រោះ ដល់នរណាម្នាក់ឡើយ។

អ្នកធ្វើការបោសសំអាតទីក្រុង បានឆ្លៀតឱកាសនៅថ្ងៃព្រហស្បត្តិ៍ទី២២វិច្ឆិកា ដើម្បីលាងសំអាត និងរៀបចំបណ្ដាផ្លូវនានា ក្នុង​ទីក្រុងហ្គាស្សា ហើយហាងលក់ទំនិញក៏ចាប់ផ្ដើមបើកទ្វាដំណើរការវិញដែរ។ នៅផ្នែកខាងត្បូងអ៊ីស្ត្រាអែល សាលារៀនទាំងឡាយ នៅតែបិទទ្វារបស់ខ្លួននៅឡើយ ដោយនៅតែខ្លាច នូវការវាយលុកណាមួយជាយថាហេតុ។ សម្លេងស៊ីរ៉ែន បានបន្លឺឡើងនៅពេល​ព្រឹកព្រលឹម តែកងទ័ពបានបញ្ជាក់ថា ជាការប្រកាសអាសន្នខុសមួយ។

ពួកហាម៉ាស សន្យាថានឹងគោរពបទឈប់បាញ់

មេចលនាហាម៉ាសលោក ខាលេដ ម៉េឆាអាល់ (Khaled Méchaal) បានសន្យាថា ក្រុមរបស់លោកនឹងគោរពបទឈប់បាញ់ ប្រសិន​ជារដ្ឋាភិបាលអ៊ីស្ត្រាអែលគោរពដូចគ្នា «បើគេមិនគោរពបទឈប់បាញ់ទេ យើងនៅមានម្រាមដៃនៅក្នុងកៃនៅឡើយ»។

ចំណែកឯនាយករដ្ឋមន្ត្រីអ៊ីស្រ្តាអែលវិញ បានបង្ហាញពីការយល់ព្រមរបស់លោក ក្នុងបទឈប់បាញ់រយះពេលវែងមួយ តែមិនបាន​បោះបង់ចោល ការប្រយុទ្ធដែលអាចមានសភាពខ្លាំងជាងមុន ក្នុងពេលអនាគតនោះទេ។ លោកនាយករដ្ឋមន្ត្រីអ៊ីស្ត្រាអែល ប៊េនចាមីន នេតានយ៉ាហ៊ូ (Benyamin Netanyahou) បានប្រកាសថា «ខ្ញុំដឹងថា ពលរដ្ឋខ្លះចង់បាន ប្រតិកម្មនៃកងកម្លាំង​ប្រដាប់​អាវុធ មានលក្ខណៈខ្លាំងជាងមុន និងប្រហែលជាយើង នឹងត្រូវអនុវត្តបែបនេះ» ខណៈលោកនឹងត្រូវ ប្រឈមនឹងការបោះឆ្នោត សម្រាប់អាណត្តិថ្មី នៅខែមករាខាងមុខ។

«បទឈប់បាញ់» ដែលក្រុមគណបក្សប្រឆាំង នៃប្រទេសអ៊ីស្ត្រាអែល មិនយល់ស្របតាម ដោយបាននិយាយថា «គេមិនត្រូវចុះកិច្ច​ព្រមព្រៀង ជាមួយនឹងពួកភេវរជនទេ»។

ការមិនយល់ស្រប លើការលើកចេញ នូវការតាំងនៅ

ការមិនយល់ស្របជាច្រើន បានលេចឡើង ទៅលើលក្ខខ័ណ្ឌនៃបទឈប់បាញ់ ដែលជាផ្លែផ្កានៃការសម្របសម្រួល​របស់ប្រទេស​អេហ្សីប ក្រោមការជួយជម្រុញរបស់សហរដ្ឋអាមេរិក។ អត្ថបទនៃកិច្ចព្រមព្រៀងនោះ បានសរសេរជាអាថ៌ថា អ៊ីស្រ្តាអែល ត្រូវ​បញ្ឈប់​​ការរំលោភចូលក្នុងទឹកដីប៉ាឡេស្ទីន ហើយបញ្ឈប់នូវរាល់ការយាយី ទៅដល់ជីវិតមនុស្ស ខណៈចលនាប៉ាឡេស្ទីន ត្រូវ​បញ្ឈប់​ការបាញ់គ្រាប់រ៉ុក្កែត និងការវាយប្រហានៅតាមបណ្ដោយព្រំដែនដូចគ្នាដែរ។

បន្ថែមពីលើនេះ គេបានគ្រោងថានឹងកាត់បន្ថយ ការតាំងនៅរបស់អ៊ីស្ត្រាអែល នៅក្នុងតំបន់ហ្គាស្សា ជាអ្វីដែលលោកនាយករដ្ឋមន្ត្រី​អង់គ្លេស ដាវិដ កាមេរូន (David Cameron) បានវាយតម្លៃថា ជា«គុកបើកដំបូល»។  ក្នុងអត្ថបទបានសរសេរទៀតថា «វិធានការណ៍​ទាំងនេះ ត្រូវធ្វើការចរចា នៅ២៤ម៉ោងក្រោយបន្ទាប់ ពីបទឈប់បាញ់បានចូលជាធរមាន»។ ប្រភពពីខាងអ៊ីស្ត្រាអែល​ បានអះ​អាង​​​ថា «មិនត្រូវអោយមានជាដាច់ខាត នូវការលើកចេញ នៃការតាំងនៅបស់អ៊ីស្ត្រាអែល នៅក្រោយបន្ទាប់ពីជ័យជំនះ​របស់​ពួក​ហាម៉ាស ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០០៦»។

ថ្ងៃសប្បាយរបស់ពួកហាម៉ាស

ទោះជាយ៉ាងណាក៏ដោយ ក៏នៅថ្ងៃទី២២វិច្ឆិកានេះ ត្រូវបានពួកហាម៉ាស ទទួលយកជាថ្ងៃបុណ្យរបស់ពួកគេ ស្ដីពីជ័យជំនះ​នៃ​ការ​តស៊ូ ដែលពួកគេនិយាយថា «ទទួលបាននៅថ្ងៃនេះ និងបានដាក់កំហិតនូវទម្រង់មួយថ្មី៖ បើគេ (អ៊ីស្ត្រាអែល) វាយហ្គាស្សា យើង​នឹងវាយទីក្រុងតែល អាវីវ វិញ និងលើសពីណ្នឹងផង»។

តាំងពីថ្ងៃ១៤វិច្ឆិកាមក ការវាយលុកតាមផ្លូវអាកាសរបស់អ៊ីស្ត្រាអែល បានធ្វើអោយមនុស្ស១៦៣នាក់ស្លាប់ ក្នុងនោះ ៣៧នាក់ជា​កុមារ និង១១នាក់ជាស្រ្តី។ ក្នុងពេលនេះដដែល រ៉ុក្កែតប្រមាណជា ១ ៤០០គ្រាប់ បានបាញ់ទៅរកអ៊ីស្ត្រាអែលវិញ ហើយបានសម្លាប់​ជនជាតិអ៊ីស្ត្រាអែល៦នាក់ ក្នុងនោះ៤នាក់ជាជនសមញ្ញ និង២នាក់ជាកងទ័ព៕

--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...