អ៊ីស្រ្តាអែល-ប៉ាឡេស្ទីន៖ ដំណើរ​ឈាន​ទៅ​រក​សង្គ្រាម​ជា​ថ្មី

តាមអ្នកនាំពាក្យរបស់ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាស្សា នៃទឹកដីប៉ាឡេស្ទីន លោកអាដាម អាប៊ូ សេលីមយ៉ា តុល្យភាពចុងក្រោយគិតពីថ្ងៃដំបូង មកទល់នឹងម៉ោងនេះ មានជនជាតិប៉ាឡេស្ទីន ចំនួន ១៩នាក់ បានត្រូវសម្លាប់ និង២៣៥នាក់ផ្សេងទៀត បានត្រូវរងរបួស។ រីឯខាងប្រទេសអ៊ីស្រ្តាអែលវិញ ក៏បានប្រកាសថា មានជនជាតិរបស់ខ្លួន ចំនួនបីនាក់ បានស្លាប់ ខណៈគ្រាប់រ៉ុក្កែតបាញ់ពីចំងាយមួយ បានហោះទៅបំផ្ទុះអាគារស្នាក់នៅមួយ នៅផ្នែកខាងត្បូងនៃប្រទេស។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: November 16, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសអ៊ីស្រ្តាអែលបានទទួលយល់ព្រម ផ្អាកការវាយប្រហារបស់ខ្លួន ទៅលើតំបន់ហ្គាស្សា នៅខណៈពេលដែលមាន ទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីអេហ្សីប លោក ហ៊ីឆាម អ័នឌីល ទៅកាន់ទីនោះ។


ការវាយប្រហាររបស់កងទ័ពអ៊ីស្ត្រាអែល ក្នុងពេលរាត្រីថ្ងៃព្រហស្បត្តិទី១៥វិច្ឆិកានេះ
ទៅលើតំបន់ហ្គាស្សា។ រូបថត REUTERS។

ការសម្រេចចិត្តនេះ បានធ្លាក់ចុះមក នៅថ្ងៃទី៣នៃការវាយប្រហារ បើគិតចាប់ពីថ្ងៃដំបូងទី១៤វិច្ឆិកា ជាថ្ងៃដែលនាយទាហ៊ាន មួយរូប របស់កងស្ម័គ្រប្រយុទ្ធអ៊ីស្លាមនិយម «ហាម៉ាស» ត្រូវបានសម្លាប់មកនោះ។ លោក អាមេដ អាល់ ឌ្យាអាបារី (Ahmed al Jaabari) ត្រូវបានកាំជ្រួចម៊ីសីល របស់អ៊ីស្រ្តាអែល បាញ់បង្ហោះពីចំងាយ ទៅបំផ្ទុះ​រថយន្ដរបស់គាត់ ធ្វើអោយស្លាប់ភ្លាមមួយរំពេច។

តាមអ្នកនាំពាក្យរបស់ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាស្សា នៃទឹកដីប៉ាឡេស្ទីន លោកអាដាម អាប៊ូ សេលីមយ៉ា តុល្យភាពចុងក្រោយគិតពីថ្ងៃដំបូង មកទល់នឹងម៉ោងនេះ មានជនជាតិប៉ាឡេស្ទីន ចំនួន ១៩នាក់ បានត្រូវសម្លាប់ និង ២៣៥នាក់ផ្សេងទៀត បានត្រូវរងរបួស។ រីឯខាងប្រទេសអ៊ីស្រ្តាអែលវិញ ក៏បានប្រកាសថា មានជនជាតិរបស់ខ្លួន ចំនួនបីនាក់ បានស្លាប់ ខណៈគ្រាប់រ៉ុក្កែតបាញ់ពីចំងាយមួយ បានហោះទៅបំផ្ទុះអាគារស្នាក់នៅមួយ នៅផ្នែកខាងត្បូង នៃប្រទេស។

អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់ទីភ្នាក់ងារសារពត៌មានបារាំង យ៉ាងដូច្នេះ ថា «នាយករដ្ឋមន្ត្រីអ៊ីស្ត្រាអែល លោក ប៊េនចាមីន នេតានយ៉ាហ៊ូ បានឆ្លើយតបជាវិជ្ជមាន ទៅនឹងការស្នើសុំរបស់ ប្រទេស អេហ្សីប ដើម្បីផ្អាកការបាញ់ ក្នុងពេលដែលមានទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរបស់ប្រទេសខ្លួន ទៅកាន់តំបន់ហ្គាស្សា។​ ទស្សនកិច្ចនោះ នឹងមានរយះពេល៣ម៉ោង។»

អ្នកទទួលខុសត្រូវនោះ បានបន្តថា «ក្នុងចម្លើយដែលបញ្ជូនទៅកាន់ប្រទេសអេហ្សីប ប្រទេសអ៊ីស្រ្តាអែល បានប្រាប់ទៅ កងទ័ពរបស់ខ្លួន អោយផ្អាកការបាញ់មួយរយះពេល ក្នុងលក្ខខ័ណ្ឌ ដែលមិនមានការបាញ់ចេញពីតំបន់ហ្គាស្សា ទៅរក ប្រទេសអ៊ីស្ត្រាអែលទេនោះ»។

តាមប្រភពពីផ្នែកសន្តិសុខរបស់ក្រុមហាម៉ាស បានអោយដឹងថា ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ីឆាម អ័នឌីល (Hicham Qandil) នៅតំបន់ហ្គាស្សា បានធ្វើឡើងនៅព្រឹកថ្ងៃសុក្រទី១៦វិច្ឆិកានេះ ខណៈពីព្រឹកព្រលឹមស្រាងៗ យន្ដហោះ  អ៊ីស្ត្រាអែល បានបន្ថែមការវាយប្រហារជញ្ជ្រាំ ទៅលើតំបន់នេះយ៉ាងខ្លាំងរួចមក។

អ្នកនាំពាក្យ ក្រសួងមហាផ្ទៃប៉ាឡេស្ទីន ដឹកនាំដោយក្រុមហាម៉ាស លោក អ៊ីស្លាម ស្សាវ៉ាន (Islam Shahwan) បាននិយាយ ថា «តាំងពីម្សិលម៉ិញ មកទល់នឹងពេលនេះ មានការវាយប្រហារប្រមាណជា ១៣០លើករួចមកហើយ។ ហើយប្រហែលជា ១០លើក បានវាយមកលើតំបន់ហ្គាស្សា នៅព្រឹកថ្ងៃសុក្រនេះ។»

តំបន់នៅជុំវិញទីក្រុង ទែល អាវីវ របស់អ៊ីស្រ្តាអែល បានរងគ្រោះ

កងទ័ពរបស់អ៊ីស្ត្រាអែល បានរាយការណ៍ឡើងវិញថា តាំងពីថ្ងៃពុធកន្លងមក មានការវាយបកតាមផ្លូវអាកាស ប្រមាណជា  ៤៦៦លើកទៅលើតំបន់ហ្គាស្សា ហើយមាន២៨០រ៉ុក្កែតត្រូវបានបាញ់សំដៅ មកកាន់រដ្ឋអ៊ីស្ត្រាអែលវិញដែរ ក្នុងនោះ១៣១ លើក ត្រូវបានចាប់បានដោយប្រព័ន្ធ ប្រឆាំងមីស៊ីលរបស់ប្រទេសខ្លួន។

កងនគរបាល បាននិយាយថា រ៉ុក្កែតប្រមាណជា ៥០បានបាញ់ចេញពីហ្គាស្សា ទៅលើតំបន់ផ្នែកខាងត្បូងរបស់អ៊ីស្ត្រាអែល ក្នុងពេលយប់ ហើយមានរ៉ុក្កែតមួយបានហោះទៅបំផ្ទុះ ផ្ទះដែលគ្មានមនុស្សនៅមួយខ្នង។

កងទ័ពបាននិយាយបន្ថែមថា បណ្ដាកងទ័ពបម្រុងប្រមាណជា ១៦ ០០០នាក់ ត្រូវបានចល័តរួចជាស្រេច។

នៅបរទេស ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ បានបង្ហាញយ៉ាងច្បាស់ គាំទ្រនូវសិទ្ធិរបស់អ៊ីស្រ្តាអែល ក្នុងការការពារខ្លួន ទប់ប្រឆាំងនឹងពូកហាម៉ាស។ រីឯប្រទេសរូស្សី បានវាយតំលៃថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្ត្រាអែល មាន​«លក្ខណៈមិនសមប្រកប»  ប្រៀបនឹងការបាញ់គ្រាប់រ៉ុក្កែត របស់ហាម៉ាស ដែលទីក្រុងម៉ូស្គូ«មិនអាចទទួលយកបាន»ដែរ។

ប្រទេសបារាំងឯណោះវិញ បានអំពាវនាវអោយ ត្រឡប់មករកភាពអត់ធ្មត់ ហើយវាជា«ពេលដែលត្រូវឈប់ នូវរាល់ការ​រំលោភដ៏គ្រោះថ្នាក់ទាំងនេះ»។

យុទ្ធនាការកងទ័ពនេះ បានកើតឡើងនៅចំពេល ដែលនាយករដ្ឋមន្ត្រីអ៊ីស្ត្រាអែល លោក ប៊េនចាមីន នេតានយ៉ាហ៊ូ កំពុង តែ​ធ្វើការឃោសនាបោះឆ្នោត ដែលនឹងត្រូវធ្វើនៅថ្ងៃទី២២មករាខាងមុខ៕

---------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...