គ្មានសញ្ញា នៃការ«បំពុល»សម្លាប់អតីតមេដឹកនាំប៉ាឡេស្ទីនទេ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: December 04, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការស៊ើបអង្កេតដ៏ពិសេសមួយ ដែលត្រូវបានដឹកនាំដោយអ្នកជំនាញជាតិបារាំង បានបង្ហាញលទ្ធផលថា ពួកគេរកមិនឃើញពីសញ្ញា នៃការ«បំពុល»ជាតិប៉ូឡូនីញ៉ូម ទៅលើអតីតប្រធានរដ្ឋប៉ាឡេស្ទី យ៉ាស្សេ អារ៉ាហ្វាត (Yasser Arafat) នោះទេ។ នេះបើតាមការបញ្ជាក់របស់ ភរិយារបស់អតីតមេដឹកនាំប៉ាឡេស្ទីនដ៏ល្បីឈ្មោះ នៅល្ងាចថ្ងៃអង្គារទី០៣ខែធ្នូកន្លងមក។
រូបថតអតីតប្រធានរដ្ឋប៉ាឡេស្ទីន លោកយ៉ាស៊ែ អារ៉ាហ្វាត នៅទីក្រុងរ៉ាម៉ាឡា។ (រូបថត MONOROOM.info/ Chea Bunthoeun)
សំនុំរឿងបំពុល - អ្នកវិទ្យាសាស្ត្រជាច្រើនរូប ដែលមកពីច្រើនប្រទេស បានសាកល្បង និងកំណត់ឲ្យបាន នូវមូលហេតុនៃមរណភាព របស់អតីតប្រធានរដ្ឋប៉ាឡេស្ទីន និងចង់ដឹងថាតើជាតិបំពុល ប៉ូឡូនីញ៉ូម ត្រូវបានប្រើដើម្បីធ្វើឃាត ទៅលើរដ្ឋបុរសរូបនេះឬយ៉ាងណា។ លោក យ៉ាស្សេរ អារ៉ាហ្វាត បានស្លាប់នៅក្នុងមន្ទីរពេទ្យយោធាមួយ ក្នុងប្រទេសបារាំង នាឆ្នាំ២០០៤។ តែបណ្ដាជនប៉ាឡេស្ទីន បានសង្ស័យតាំងពីពេលនោះមកថា ប្រទេសអ៊ីស្ត្រាអែល បានបំពុលប្រធានរដ្ឋរបស់ពួកគេ។ ជាការចោទប្រកាន់ ដែលត្រូវបានប្រទេសអ៊ីស្ត្រាអែល ច្រានចោលទាំងស្រុង។
ស្លាកស្នាមនៃសារជាតិសកម្ម ប៉ូឡូនីញ៉ូម ត្រូវបានគេរកឃើញ នៅលើសម្លៀកបំពាក់នៃអតីតប្រធានរដ្ឋរូបនេះ នៅឆ្នាំ២០១២ ដែលជាហេតុធ្វើឲ្យភរិយាលោក អារ៉ាហ្វាត បានដាក់ពាក់បណ្ដឹងនៅប្រទេសប្រទេសបារាំង ទាមទារឲ្យមានការស៊ើបអង្កេតមួយ ដើម្បីចង់ដឹងថាតើ ស្វាមីរបស់លោកស្រី ត្រូវបានគេធ្វើឃាត់ដោយ«បំពុល»។
នៅក្នុងរង្វង់នៃការស៊ើបអង្កេតនេះ អ្នកជំនាញបារាំងត្រូវការគាស់យកគម្រោងឆ្អឺងរបស់ លោក អារ៉ាហ្វាត ដើម្បីមកធ្វើការពិសោធន៍ទាក់ទងនឹងការបំពុល ឬការប្រើថ្នាំខុស ឬការប្រើជាតិវិទ្យុសកម្មអ្វីមួយ។ ប៉ុន្តែលោកស្រី ស៊ូហា អារ៉ាហ្វាត (Suha Arafat - ភរិយាលោក អារ៉ាហ្វាត) បានប្រកាសប្រាប់អ្នកការសែតកាលពីថ្ងៃអង្គារថា របាយការណ៍របស់អ្នកជំនាញបារាំង មិនបានរាប់បញ្ចូល ពីការដាក់បំពុលស្វាមីរបស់លោកស្រី ដោយសារជាតិ ប៉ូឡូនីញ៉ូមនោះទេ។ ហើយអ្នកជំនាញទាំងនោះ ក៏មិនបានសន្និដ្ឋានភ្លាមៗដែរថា អតីតប្រធានរដ្ឋ ត្រូវបានស្លាប់តាមធម្មជាតិ (ដោយជម្ងឺ) នោះនៅឡើយ។
សេចក្ដីសន្និដ្ឋាន ដែលចេញពីការស៊ើបអង្កេតរបស់អ្នកជំនាញបារាំង បានផ្ទុយទៅនឹងរបាយការណ៍មួយរបស់មន្ទីរពិសោធន៍ នៅប្រទេសស្វីស ដែលបានរកឃើញថា លោក យ៉ាស្សេ អារ៉ាហ្វាត ទំនងជាបានស្លាប់ដោយសារការបំពុល។ ក្រុមអ្នកជំនាញជាតិរ៉ូស្សី មិនអាចនិយាយថាយ៉ាងដូចម្ដេចដែរ នៅលើសំនុំរឿងនេះ។ ប៉ុន្តែអ្នកស៊ើបអង្កេតនៃប្រទេសទាំងពីរ បានគិតរហូតមកថា លោក អារ៉ាហ្វាត ត្រូវបានសម្លាប់ ដោយសារជាតិពុលអ្វីមួយ។
ភរិយាលោក អារ៉ាហ្វាត បានបញ្ជាក់ពីការភ្ញាក់ផ្អើលរបស់លោកស្រី ដោយសាររបាយការណ៍ដ៏ចម្លែកៗ របស់អ្នកជំនាញនៅទ្វីបអ៊ឺរ៉ុបទាំងនេះ។ រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងពីរបាយការណ៍នោះ នឹងអាចមានការទាក់ទងបែបណា ជាមួយនឹងការស៊ើបអង្កេតករណីឃាតកម្ម ដែលនឹងត្រូវធ្វើបន្តទៀតនោះទេ។ នៅឆ្នាំ២០០៤ ពេលដែលលោក អារ៉ាហ្វាតធ្លាក់ខ្លួនឈឺ មួយខែមុនមរណភាពរបស់លោកនោះ គ្រូពេទ្យបារាំងបានបញ្ជាក់ថា លោក អារ៉ាហ្វាត បានរងគ្រោះនឹងការដាច់សរសៃឈាមខួរក្បាល និងមានបញ្ហាក្នុងឈាម តែមិនបានបញ្ជាក់បន្ថែមឲ្យលំអិតនោះទេ៕
------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ