មន្ត្រីសង្គមស៊ីវិល លើកពីអ្នក«ស៊ី»និងអ្នក«សូក»នៅក្រសួងមហាផ្ទៃ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: November 28, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អង្គការសង្គមស៊ីវិលក្នុងស្រុក ដែលបានបង្កើតឡើងដោយប្រជាពលរដ្ឋខ្មែរ ក្នុងគោលបំណងចង់ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ បែរជាមានការតម្រូវឲ្យមានការចំណាយ«ប្រាក់ក្រៅផ្លូវការ»ចាំបាច់ ដោយមន្រ្តីរដ្ឋាភិបាល ដើម្បីអនុញ្ញាតិឲ្យអង្គការទាំងនោះ អាចបង្កើតឡើង ឬអាចចុះបញ្ជីបាន។ នេះបើតាមការលើកឡើង របស់មន្ត្រីអង្គការសង្គមស៊ីវិលមួយរូប ក្នុងសិក្ខាសាលាស្តីពី «ការវាយតំលៃបរិយាកាសអំណោយផល សម្រាប់អង្គការសង្គមស៊ីវិល» នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣។
លោក សឿង សារឿន នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា។ (រូបថត MONOROOM.info/ O.Vary)
អំពើពុករលួយ - ការស្នើសុំបើកអង្គការ ឬការស្នើធ្វើប្រតិបត្តិការដើម្បីសុំជាធនធានឬថវិការនានា មិនសូវជាមានការសហការល្អ ពីមន្ត្រីរដ្ឋាភិបាលនោះទេ បើគ្មានការចំណាយប្រាក់ក្រៅផ្លូវការទេនោះ។ នេះជាការលើកឡើងរបស់លោក សឿង សារឿន នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)។
លោកបន្តរថា រាល់ការធ្វើសកម្មភាពទាក់ទិននឹងបញ្ហាក្តៅ ដូចជាការលើកកំពស់ការគោរពសិទ្ធិពលរដ្ឋ ការបន្ថយការកាប់ព្រៃឈើ ឬគ្រប់គ្រងរ៉ែឲ្យមានប្រសិទ្ធិភាព ការធ្វើឲ្យមានគោលការណ៍លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាដើម មិនសូវជាបានសម្រួល និងសហការល្អពីមន្រ្តីរបស់រដ្ឋាភិបាលនោះទេ បើគ្មានការ«សូកប៉ាន់ ឬបង់ប្រាក់ក្រៅផ្លូវការ»តាមតម្រូវការរបស់ពួកគេ។
មន្រ្តីអង្គការរូបនេះបានបន្ថែមថា ការធ្វើដូចនេះ វាមានផលប៉ះពាល់ពីរយ៉ាង មួយទៅលើច្បាប់សីលធម៌ ដែលមានលក្ខណៈបង្ហាញនូវភាពជិតស្និត ការរាប់អាន និងភាពយោគយល់គ្នា និងមួយទៀតប៉ះពាល់ដល់ច្បាប់ប្រឆាំងអំពើពុករលួយ ដែលមានអ្នក«សូក» និងអ្នក«ស៊ី»ទាំងពីរនាក់នេះ ត្រូវតែជាប់ទោសដូចគ្នា។ លោកបានពន្យល់នូវបញ្ហា ដែលតម្រូវឲ្យមានការបង់ប្រាក់ក្រៅផ្លូវការ ដល់មន្រ្តីរដ្ឋាភិបាលថា «បើកាលណាយើងមិនសូក នោះដំណើរការរបស់យើង នឹងមិនអាចដើរទៅលឿន នោះនឹងអាចមានបញ្ហាចំពោះគម្រោង ព្រោះរាល់គម្រោងនីមួយៗវាមាននូវ ពេលវាលានិងដែនកំណត់។ បើមានការអនុម័ត ឬការឆ្លើយតបពីខាងក្រសួងមានការយឺតយ៉ាវ នោះគម្រោងនឹងអាចហួសពេលវេលា។» លោកបានលើកជាឧទាហរណ៍ថា ដូចជាគ្រោះទឹកជំនន់ដែលត្រូវអនុវត្តភ្លាមៗ ក្នុងត្រីមាសនេះ ដើម្បីជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា តែបើមន្រ្តីរដ្ឋាភិបាលទាំងនោះមិនសហការ អាចនឹងអនុវត្តមិនបានទាន់ពេលវេលា នោះប្រជាពលរដ្ឋនឹងជួបនូវបញ្ហាដែលខ្វះខាត។
លោកបានបន្ថែមថា តាមការសិក្សាមួយដាច់ដោយឡែក ចំពោះការចំណាយនោះអាចចាប់ពី«ពីរ»រយដុល្លា ទៅ«មួយពាន់»ដុល្លា ក្នុងការចុះបញ្ជី ដែលតម្រូវឲ្យអង្គការសង្គមស៊ីវិល បង់ចូលទៅក្នុង«ហោប៉ៅ»របស់មន្រ្តីទាំងនោះ ដែលមិនមែនជាតម្រូវការ ឬគោលការណ៍របស់ក្រសួង។ ក្នុងនាមលោក និងតំណាងឲ្យសង្គមស៊ីវិល មិនចង់ឃើញនូវបញ្ហាទាំងនេះ នាពេលខាងមុខទៀតទេ ត្រូវតែបញ្ឈប់ បើអាចធ្វើបានក្នុង២០១៤ ត្រូវតែរៀបចំខ្លួនសារជាថ្មី ដើម្បីការអភិវឌ្ឍន៍ប្រទេសទាំងទាំងអស់គ្នា។
ឆ្លើយតបទៅនឹងការចោទប្រកាន់ថា ដើម្បីសម្រួលដល់ការចុះបញ្ជីនៅក្រសួងមហាផ្ទែ របស់អង្គការសង្គមស៊ីវិល មន្ត្រីទទួលបន្ទុកបានតម្រូវឲ្យអង្គការសាមីទាំងនោះ បង់ប្រាក់ជាចាំបាច់នោះ លោក មាស សារឹម អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ បានលើកឡើងថា តាមសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល និងសមាគម បានកំណត់ពីការបង់ថ្លៃ និងតម្លៃនៃការបង់សេវារាល់ការស្នើសុំទាំងអស់ របស់អង្គការសង្គមស៊ីវិល។
មន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានបន្ថែមថា មកទល់នឹងពេលនេះ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល និងសមាគមនៅមិនទាន់បានអនុម័តនៅឡើយនោះទេ។ លោកបានបញ្ជាក់ថាថា «ការចំណាយចាយវាយខាងក្រៅរបស់អង្គការទាំងនោះ ខ្ញុំក៏មិនបានដឹងដែរ ពិសេសលើតម្លៃនៃសេវាទាំងនោះតែម្តង។ តែមិនមានដល់ពីររយដុល្លានោះទេ»៕
---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ