ឌុយតែតេ សារភាពបានបោះមនុស្សពីឧទ្ធម្ភាគចក្រ និងត្រៀមធ្វើជាថ្មីទៀត
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី២៩ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 29, 2016
- ប្រធានបទ: ពុករលួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រឿងរ៉ាវចេញពីលោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីពីន តែងកើតឡើង សឹងជារៀងរាល់ថ្ងៃ។ ហើយលើកនេះ ត្រូវបានថតជាវីដេអូ បង្ហោះផ្សាយនៅលើគេហទំព័រផ្លូវការ របស់ប្រធានាធិបតីនោះទៀត។ លោក រ៉ូឌ្រីចូល ឌុយតែតេ បានប្រកាសថា លោកធ្លាប់បានបោះមនុស្សម្នាក់ ចេញពីឧទ្ធម្ភាគចក្រ នៅខណៈពេល ដែលយានយន្ដមួយនេះ កំពុងហោះនៅលើមេឃ។ លោកបានអះអាងបន្ថែមថា លោកនឹងធ្វើរឿងនេះ សារជាថ្មីទៀត ដោយគ្មានការរារែក។
ការថ្លែងរបស់លោកនេះ ជាសារមួយសំដៅ ទៅសមាជិករដ្ឋាភិបាលទាំងឡាយណា ដែលប្រពឹត្តិអំពើពុករលួយ និងចង់បង្ហាញថា លោកនឹងមិនអត់អោន ឲ្យនរណាម្នាក់ឡើយ។ លោកបានចាប់ផ្ដើមថ្លែង នៅក្នុងសារនោះ នៅចំពោះជនរងគ្រោះ ដោយសារខ្យល់ព្យុះសមុទ្រ កាលពីថ្ងៃអង្គារម្សិលម៉ិញ ថា៖ «បើអ្នកឯងពុករលួយ ខ្ញុំនឹងជិះឧទ្ធម្ភាគចក្រដោយផ្ទាល់ ទៅរកអ្នកឯងនៅរដ្ឋធានី ម៉ានីល ហើយខ្ញុំនឹងបោះអ្នកឯង ចេញពីលើនោះ។ ខ្ញុំធ្លាប់ធ្វើរឿងនេះរួចហើយ អញ្ចឹងរឿងអី ដែលខ្ញុំធ្វើទៀតមិនបាន?»។
លោក រ៉ូឌ្រីចូ ឌុយតែតេ បានទាំងបញ្ជាក់ទៀតថា បុរសដែលលោកបោះចេញ ពីឧទ្ធម្ភាគចក្រនោះ ជាជនជាតិចិនម្នាក់ ដែលរងការចោទប្រកាន់ ពីបទឃាតកម្ម និងរំលោភ។
យ៉ាងណា លោក «Ernesto Abella» អ្នកនាំពាក្យរបស់ប្រធានាធិបតី បានសម្រាលទំងន់ នៃការថ្លែងរបស់លោក រ៉ូឌ្រីចូ ឌុយតែតេ មកវិញថា អ្វីដែលលោកប្រមុខរដ្ឋ បានថ្លែងឡើងនោះ មិនប្រាកដថា ជារឿងដែលបានកើតឡើង មែនទែននោះទេ។ អ្នកនាំពាក្យបានថ្លែង ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា៖ «នោះគ្រាន់តែបង្ហាញ ពីរឿងនិទាន ក្នុងសម័យទំនើបនេះប៉ុណ្ណោះ»។
កាលពីប៉ុន្មានសប្ដាហ៍មុន បុរសខ្លាំងថ្មីរបស់ប្រទេសហ្វីលីពីន បានសារភាពរួចហើយ ថាលោកធ្លាប់បាន សម្លាប់មនុស្ស «អាក្រក់» ជាច្រើននាក់ នៅក្នុងប្រតិបត្តិការរបស់អាជ្ញាធរ កាលពីពេលដែលលោកនៅកាន់តំណែង ជាអភិបាលក្រុង ដាវ៉ៅ (Davao) ក្រុងធំទីពីរ (បន្ទាប់ពីរដ្ឋធានីម៉ានីល) ស្ថិតនៅភាគខាងត្បូង នៃប្រជុំកោះហ្វីលីពីន។ ការថ្លែងជាសាធារណៈ នូវរឿងដ៏ភ្ញាក់ផ្អើលទាំងនេះ អាចនឹងត្រូវប្រើប្រាស់ នៅក្នុងនីតិវិធី សម្រាប់ដកលោកចេញពីតំណែង ជាប្រធានាធិបតី។ នេះបើតាមសំដី របស់សមាជិកព្រឹទ្ធសភាមួយចំនួន ដែលត្រូវបានស្រង់សំដី ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕