បងប្អូនស្រី៣នាក់ ជាប់ឃុំដោយម្ដាយខ្លួនបង្កើត អស់១០ឆ្នាំ
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ២៨ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 28, 2015
- ប្រធានបទ: ជាប់ឃុំ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាសំនុំរឿង ដ៏រន្ធត់ចិត្តមួយ ដែលបានធ្វើឲ្យ ប្រទេសស៊ុយអែតទាំងមូលរញ្ជួល កាលពីសប្ដាហ៍មុន។ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេស បានធ្វើរបាយការណ៍ ពីករណីនេះ យ៉ាងសន្ធឹកសន្ធាប់៖ ស្ត្រីជាម្ដាយ បានបង្ខាំងកូនស្រីបីនាក់របស់ខ្លួន តាំងពីច្រើនឆ្នាំមកហើយ នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងក្រុងប្រូម៉ូឡា (Bromölla) ភាគខាងត្បូងនៃប្រទេស។
បន្ទាប់ពីកូនស្រីម្នាក់បានគេចខ្លួនរួច នាងបានរត់ទៅប្រាប់អ្នកជិតខាង មុននឹងផ្ដល់ដំណឹងនេះ ឲ្យដល់នគរបាល ដើម្បីធ្វើអន្តរាគមន៍ ជួយបងប្អូនរបស់ខ្លួនពីរនាក់ទៀត។ ក្នុងពេលធ្វើអន្តរាគមន៍នោះ កម្លាំងនគរបាលស៊ុយអែត ក៏បានចាប់ឃាត់ខ្លួន ស្ត្រីជាម្ដាយ អាយុ៥៩ឆ្នាំ យកមកសួរចម្លើយដែរ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់ខ្លួន អ្នកនាំពាក្យរបស់នគរបាល លោក អេវ៉ាហ្គន វ៉េសហ្វត (Ewa-Gun Westford) បានបញ្ជាក់ថា អ្នកម្ដាយរូបនោះ បានបិទសិទ្ធិកូនស្រីរបស់ខ្លួន នៅក្នុងរយៈពេលមួយដ៏វែង។
រីឯឪពុករបស់យុវតីទាំងបីរូប ដែលបានលែងលះពីប្រពន្ធខ្លួន តាំងពីឆ្នាំ១៩៩៨ បានស្វែងរកជួបកូនរបស់ខ្លួន តាំងពីច្រើនឆ្នាំ បើទោះជាសាលក្រមនៅពេលលែងលះ បានហាមឃាត់លោកក៏ដោយ។ លោកបានថ្លែងប្រាប់ សារព័ត៌មានប្រចាំថ្ងៃ Expressen ថា៖ «មុនដំបូង គេបាននិយាយប្រាប់ខ្ញុំថា ពួកនាងនៅក្រុង Åre ប៉ុន្តែបន្ទាប់មក មេធាវីរបស់អតីតប្រពន្ធខ្ញុំ បានបញ្ជាក់ថា ពួកនាងនាំគ្នាទៅរស់នៅអូស្ត្រាលីអស់ហើយ។ ខ្ញុំបានសរសេរសំបុត្រ ទៅស្ថានទូតស៊ុយអែត ប្រចាំនៅអូស្ត្រាលី ដើម្បីចង់បានដំណឹងពីពួកនាង តែខាងស្ថានទូត បានឆ្លើយមកវិញថា គេមិនបានដឹងពីករណីនេះទេ។»
បើតាមសារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា គ្រួសារស្ត្រីទាំងបួននាក់ បានរើផ្លាស់មកនៅក្នុងផ្ទះមួយ នៅក្រុង ប្រូម៉ូឡា តាំងពីឆ្នាំ២០១២។ សារព័ត៌មានបានស្រង់សម្ដី របស់អ្នកជិតខាងមកនិយាយថា៖ «វាំងននផ្ទះរបស់ពួកនាង បិទជិតរហូត ហើយគ្មានសម្លេងអ្វីបន្តិច ត្រូវបានលឺចេញពីក្នុងផ្ទះទេ» អ្នកជិតខាងនោះ បាននិយាយទៀតថា មិនដែលឃើញនរណាម្នាក់ ចេញពីផ្ទះនោះទេ លើកលែងតែមួយសប្ដាហ៍មុន ដែលអ្នកជិតខាងនោះ បានឃើញក្មេងស្រីម្នាក់ នៅឈរនៅនឹងមាត់ទ្វា។
អ្នកជិតខាងម្នាក់ទៀត ដែលបានឃើញពេលនគរបាល ចូលទៅធ្វើអន្តរាគមន៍ បាននិយាយប្រាប់សារព័ត៌មានថា៖ «យុវតីម្នាក់ ដើរមិនរួចខ្លួនឯង ហើយត្រូវបាននគរបាលគ្រាហ៍ ឲ្យចេញមក»៕