ថោង សារ់ាត់៖ ត្រឹម​១ថ្ងៃ ភាព​អយុត្តិធម៌​បាន​បំផ្លាញ​គ្រួសារ​ខ្ញុំ ព្រោះ​ការ​មួល​បង្កាច់ (vdo)

លោក ថោង សារ៉ាត់ ដែលបាន«សង្ងំ»លាក់ខ្លន ក្រោមការតាមប្រម៉ាញ់ របស់សមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ច នៃបណ្តា​ប្រទេស​ជិត​ខាង រួមទាំងប៉ូលីសអាំងទែរប៉ូលនោះ បានបញ្ចេញនូវវីដេអូឃ្លីបមួយ ដោយប្រកាសថា ខ្លួន​បាន​រង​នូវ​ភាព​អយុត្តិធម៌ និង​ស្ថិត​ក្រោម​ការ​មួល​បង្កាច់​របស់​អ្នក​ដទៃ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 19, 2014
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឃ្លីបវីដេអូប្រមាណជិតប្រាំនាទី បាន​បង្ហាញ​រូប​រាង និង​មុខ​មាត់​របស់​លោក ថោង សារ៉ាត់ ដោយ​ធ្វើការ​សំពះ ស្នើ​សុំ​ដល់​នាយក​រដ្ឋមន្រ្តី​លោក ហ៊ុន សែន ឲ្យ​ជួយ​ផ្តល់នូវ​យុត្តិធម៌​ដល់​ខ្លួន (ថោង សារ៉ាត់) គ្រួសារ និង​​អង្គរក្ស​ទាំង​បួន។ វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​បង្ហោះ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ជា​ច្រើន នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ។

ជាមួយនឹងការអះអាងថា ខ្លួន​លោក ថោង សារ៉ាត់ និង​អង្គរក្ស​«មិន» មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​របស់​លោក អ៊ឹង ម៉េងជឺ ប្រកប​ដោយ​ភាសា​រឌឺន និយាយ​ខ្មែរ​មិន​ចង់​​ច្បាស់​ផង​នោះ លោក ថោង សារ៉ាត់ បាន​បញ្ជាក់​នូវ«ហេតុផលពីរ»យ៉ាង ក្នុង​ការ​«ដោះ​បន្ទុក»​ពី​ការ​ចោទ​ប្រកាន់ របស់​សមត្ថកិច្ច​មក​លើ​រូប​លោក និង​អង្គរក្ស​ទាំង​បួន។

ហេតុផលទីមួយ- រូបលោក (ថោង សារ៉ាត់) និងលោក អ៊ឹង ម៉េងជឺ មិនដែលស្គាល់គ្នាពីមុនមកទេ ហើយ​ក៏​គ្មានទំនាក់ទំនងរកស៊ីអ្វីជាមួយគ្នា ជាងនេះក៏មិនមានដីជាប់ព្រំគ្នាឡើយ។ ដូច្នេះគ្មានមូលហេតុអ្វី ដែលលោក​ត្រូវសម្លាប់លោក អ៊ឹង ម៉េងជឺ នោះទេ។

ហេតុផលទីពីរ- បើសិបជាអង្គរក្សរបស់លោកពិតជាឃាតករមែននោះ តើនឹងហ៊ានជិះម៉ូតូទៅគ្រប់ទីកន្លែងទេ ខណៈវីដេអូរូបឃាតករ ត្រូវបានបង្ហោះព្រោងព្រាតពេញហ្វេសប៊ុក និងសារព័ត៌មាននោះ។ លោកបន្តថា បើ​អង្គរក្សរបស់លោក ដែលចោទថាជាអ្នកបាញ់ និងជាអ្នកដឹកនោះ ពិតជាបានប្រព្រឹត្តមែននោះ តើនឹងហ៊ាន​ទៅ​បំភ្លឺនៅស្នងការដែរឬទេ?

ក្នុងហេតុផលទីពីរនេះ លោក ថោង សារ៉ាត់ បានបញ្ជាក់យ៉ាងច្បាស់ថា គេ(សមត្ថកិច្ច) បានចោទលើឈ្មោះ សៀង វាសនា ជាឃាតករ ដែលតាមពិត សៀង វាសនា ប្រើ«ដៃឆ្វេង» ឯឃាតករបានប្រើ«ដៃស្តាំ»​ក្នុងការធ្វើ​ឃាតកម្មលោក អ៊ឹង ម៉េងជឺ នោះ។

ការដាក់ការចោទប្រកាន់ លើអង្គរក្សទាំងបួនរបស់លោក ដោយសមត្ថកិច្ចនោះ ជាការមួលបង្កាច់ទាំងស្រុង។ ឯអង្គរក្សបីនាក់ផ្សេងទៀត លោកមានម៉ាស៊ីនកាមេរ៉ា ជាមួយនឹងម៉ាស៊ីនស្កេនមេដៃ ដែលបញ្ជាក់បានថាមិន​បាននៅកន្លែងកើតហេតុ ពេលមានឃាតកម្មលើលោក អ៊ឹង ម៉េងជឺ នោះ។ នេះជាការបន្ថែមរបស់លោក ថោង សារ៉ាត់។

និយាយជាមួយនឹងការដកដង្ហើមធំ លោកថោងសារ៉ាត់ បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «រឿងទាំងអស់នេះ គឺគេចង់ធ្វើបាបរូបខ្ញុំ។ ចាប់អង្គរក្សខ្ញុំឲ្យសារភាព គោលបំណងគឺ ចោទរូបខ្ញុំតែប៉ុណ្ណឹង។ (...) ខ្ញុំបានផ្គត់ផ្គង់នូវ​លំនៅដ្ឋាន ដែលលមានតម្លៃថោក។ (...) ដែលជាហេតុធ្វើឲ្យមនុស្សជាច្រើន មិនសប្បាយចិត្ត បានរៀបចំ​គម្រោងការ មួលបង្កាច់ការពិត ទម្លាក់កំហុស។»

លោកស្នើ និងអំពាវនាវឲ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន សើរើ បើកការអង្កេតក្នុងរឿងនេះសារជាថ្មី ដើម្បីស្វែង​រកភស្តុតាងពិត បញ្ជាក់ភាពយុត្តិធម៌ និងស្អាតស្អំសម្រាប់លោក និងអង្គរក្សទាំងបួន។ លោកបានថ្លែង​ទៀត​ថា៖ «យើងខ្ញុំពិតជារងនូវភាពអយុត្តិធម៌ខ្លាំងណាស់ សូមសម្តេចជួយរកយុត្តិធម៌ ឲ្យយើងខ្ញុំទាំងអស់គ្នា​ផង»។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីលោក ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានទេ ដោយទូរស័ព្ទរបស់លោកគ្មានការទទួល។ ប៉ុន្តែទាក់ទងនឹងអាត់សម្លេងចំនួនពីរមុន ដែលគេគិយថា ជា​សម្លេង​របស់លោក ថោង សារ៉ាត់ នោះ ធ្លាប់ត្រូវបានលោក ខៀវ សុភ័គ អះអាងថា សមត្ថកិច្ចកំពុងសិក្សាពិនិត្យពី​សម្លេងនោះ។ ប៉ុន្តែលើកនេះ មន្ទិលដែលសង្ស័យថាជាលោក ថោង សារ៉ាត់ ឬមិនមែននោះ ដូចជាមិនចាំបាច់​ទៀតទេ។

ដោយឡែក តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ បានបញ្ជាក់ថា លោក ថោង សារ៉ាត់ ធ្លាប់​មាន​ទំនាស់ជា​មួយលោក អាំង នារតី ប្រធានសាលាដំបូងរាជធានីភ្នំពេញ ក្នុងរឿង លក់-ទិញភូមិគ្រឹះមួយ ក្នុង​រាជធានី​​ភ្នំពេញ​ជាមួយតម្លៃទឹកប្រាក់ជាង២២ម៉ឺនដុល្លា។ សារព័ត៌មាននោះ បានបញ្ជាក់ថា លោកចៅក្រម អាំង មាលតី ជាដើមបណ្តឹងព្រហ្មទណ្ឌ ដោយបានចោទលោក ថោង សារ៉ាត់ ពី«បទឆបោកពាក់ព័ន្ធ នឹងករណី​លក់​-ទិញ​ភូមិគ្រឹះមួយកន្លែងប្រភេទ Friendship Villa ឋិតនៅបុរីកាលីហ្វ័រញ៉ា ស៊ីធី ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ មានតម្លៃទឹកប្រាក់ចំនួន២២៥.០០០ដុល្លារអាមេរិក។»

សូមទស្សនាវីដេអូទាំងស្រុង របស់លោក ថោង សារ៉ាត់ ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...