អ្វីដែលគេបានដឹង ពីឃាតកម្មលើ អ៊ឹង ម៉េងជឺ៖ មនុស្សជាង១០នាក់ ត្រូវបានឃាត់ខ្លួន
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 04, 2014
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការឡោមព័ទ្ធភូមិគ្រឹះលោក ថោង សារ៉ាត នៅសង្កាត់ចាក់អង្រែលើ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យទីបួនឈ្មោះ លី សៅ (ហៅវី) នាសៀលថ្ងៃដដែល។ ឈ្មោះ លី សៅ ត្រូវបានសង្ស័យថា ជាអ្នកបើកម៉ូតូដឹកជនដៃដល់ ដែលទៅបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ។
រសៀលថ្ងៃទី៣ ខែធ្នូនេះ ប្ដីប្រពន្ធដែលមានដើមកំណើតជាជនជាតិវៀតណាមពីរនាក់ និងជាឪពុកម្តាយលោក ថោង សារ៉ាត បានធ្វើសន្និសីទសារព័ត៌មានមួយដែរ ដោយចេញមុខការពារកូនរបស់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់សម្លាប់លោក អ៊ឹង ម៉េងជឺ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនអង្គរក្សទីបួន របស់លោក ថោង សារ៉ាត។
អ្នកស្រី កែវ សារី (ហៅចែហាយ) ឋានរន្ដស័ក្ដិជាវរសេនីយ៍ទោ នៅក្រសួងការពារជាតិ និងជាអតីតទីប្រឹក្សា នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រួមនឹងលោក តាំង សុខ ហៅ ថោង ចំរើន ត្រូវជាម្តាយ និងជាឪពុកលោក ថោង សារ៉ាត់។ ក្នុងសន្និសិទសារព័ត៌មាននេះ ជាមួយនឹងការនិយាយភាសាខ្មែរមិនទាំងច្បាស់ផងនោះ អ្នកទាំងពីរបានអះអាងថា លោក ថោង សារ៉ាត់ ដែលជាកូនរបស់ខ្លួន មិនជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម លើលោក អ៊ឹង ម៉េងជឺ ទេ។ អ្នកទាំងពីរបន្តថា ហើយពេលនេះលោក ថោង សារ៉ាត់ បានរត់គេច និងលាក់ខ្លួននៅកន្លែងមានសុវត្ថិភាពហើយ ក្រោមមូលហេតុ៖ «ខ្លាចសមត្ថកិច្ចចាប់ខ្លួន ទាំងគ្មានកំហុស»។
ក្រោយពីឃាត់ខ្លួនអង្គរក្សទីបួបនោះរួចមក នារសៀលថ្ងៃទី៣ ខែធ្នូ ដដែល កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការឡោមព័ទ្ធភូមិគ្រឹះ និងទីតាំងឡផលិតសាច់ប៉ាត់តេ ដើម្បីចាប់លោក ថោង សារ៉ាត ដែលជាមេខ្លោងបញ្ជា ដោយយោងតាមចម្លើយសារភាព របស់ជនសង្ស័យជាឃាតក។ ជនសង្ស័យទាំងបួននាក់ ត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនៅរសៀលថ្ងៃទី៤ ខែធ្នូនេះ ត្រូវបានបញ្ជូនខ្លួន ឡើងតុលាការសាលាដំបូងរាជធានីភ្នំពេញ។
គួបញ្ជាក់ថាជនសង្ស័យទាំងបួននាក់ ដែលក្រុមសមត្ថកិច្ចបានឃាត់ខ្លួន រួមមានឈ្មោះ សៀង វាសនា អាយុ៤៤ឆ្នាំ សង្ស័យជាជនដៃដល់ បាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។ ចំណែកឈ្មោះ កុយ ចាន់ថល អាយុ២៩ឆ្នាំ និងឈ្មោះ មាស សម្បត្តិ អាយុ២៧ឆ្នាំ សង្ស័យថាជាអ្នកមើលផ្លូវ។ ឯឈ្មោះ លី សៅ សង្ស័យជាអ្នកបើកម៉ូតូដឹកជនដៃដល់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចុងក្រោយគេ នារសៀលថ្ងៃទី៣ ខែធ្នូនេះ។ ដោយឡែក លោក ថោង សារ៉ាត់ មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទេ ក្រោយពីបានហៅសាកសួរកាលពីថ្ងៃទី១ ខែធ្នូនោះមក។
ការឡោមព័ទ្ធភូមិគ្រឹះនោះ បើទោះបីស្វែងរកចាប់ខ្លួនលោក ថោង សារ៉ាត់ មិនទាន់បានក៏ដោយ ក្រុមសមត្ថកិច្ចចម្រុះបានធ្វើការឃាត់ខ្លួនឪពុកម្តាយ លោក ថោង សារ៉ាត់ និងមនុស្សផ្សេងទៀត ពីបទសមគំនិតនៃអំពើឃាតកម្ម លើលោក អ៊ឹង ម៉េងជឺ។ ក្រោយពីឃាត់ខ្លួនមនុស្សសរុប១៤នាក់ រួមមានឪពុកម្តាយ ប្រពន្ធ អ្នកបម្រើ និងអង្គរក្សលោក ថោង សារ់ាត់ នោះ ក្រុមសមត្ថកិច្ចបានរកឃើញអាវុធ៦ដើម ដែលបានធ្វើការលាក់ទុក ដោយខុសច្បាប់។ នេះបើយោងតាមព័ត៌មាន ដែលផ្សព្វផ្សាយនៅលើគេហទំព័រសាលារាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ការឈានដល់ការឃាត់ខ្លួន និងសាកសួរអង្គរក្សលោក ថោង សារ៉ាត់នេះ ដោយយោងតាមកាមេរ៉ាសុវត្តិភាព ដែលបំពាក់ភ្ជាប់រថយន្តទំនើបរបស់លោក អ៊ឹង ម៉េងជឺនោះ។ អ្នកជំនាញបាននិយាយថា តាមសកម្មភាពក្នុងការមេរ៉ារថយន្ត ដែលបំពាក់គ្រប់ទិសនោះ បានបង្ហាញនូវសកម្មភាពមុនពេលកើតហេតុ និងមុនពេលមានអំពើបាញ់ប្រហារ។ តាមការមេរ៉ានោះ បង្ហាញឲ្យឃើញថា ដំបូងគេបានឃើញមនុស្ស២នាក់ ជិះម៉ូតូធុនទំនើបពាក់មួកសុវត្តិភាពទាំងពីរនាក់ បានជិះតាមពីក្រោយ រថយន្តជនរងគ្រោះរហូត។ នៅពេលជិតដល់កន្លែងកើតហេតុ អ្នកជិះខាងក្រោយបានបើកមួកសុត្តិភាពរបស់ខ្លួន និយាយទូរស័ព្ទ ដែលជាហេតុធ្វើឲ្យកាមេរ៉ារថយន្តជនរងគ្រោះ ចាប់បានមុខជនសង្ស័យយ៉ាងច្បាស់នោះ។
គួររំលឹកថា លោក អ៊ឹង ម៉េងជឺ អាយុ៥៣ឆ្នាំ ត្រូវបានឃាតកបាញ់សម្លាប់មុខហាងលក់ផ្លែឈើឡោ តិចសេងម្តុំអាងទឹកអូឡាំពិក ខណៈលោកចុះពីរថយន្តម៉ាកឡិចស៊ីស៥៧០ (ពណ៌ឈាមជ្រូក) ដើម្បីទិញផ្លែឈើ។ លោកបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ វេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។ ក្នុងវីដេអូ នៃកាមេរ៉ាសុវត្ថិភាព គេបានឃើញសកម្មភាពជាក់ស្តែង នៃជនដៃដល់ជាឃាតក ដែលបានឈរជំទែងបានបាញ់សន្ធាប់ទៅលើលោក អ៊ឹង ម៉េងជឺ ប្រៀបបាននឹងផ្ទាំងស៊ីប។
បន្ទាប់ពីថ្ងៃកើតហេតុភ្លាមៗ អ្នកលេងបណ្តាញព័ត៌មានសង្គម បានបង្ហោះវីដេអូឃ្លីបនៃសកម្មភាព ឃាតកបានបាញ់ប្រហារលោក អ៊ឹង ម៉េងជឺ។ ក្នុងអ្នកប្រើប្រាស់បណ្តាញសង្គម បានប្រៀបធៀបជនដៃដល់ក្នុងវីដេអូ ទៅនឹងមន្ត្រីអង្គរក្ស របស់ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន ស្របពេលលោកចុះពិនិត្យសាកសព ក្រោយឃាតកបាញ់សម្លាប់។
ការដាក់ការសង្ស័យនេះ ដោយសារមន្ត្រីរូបនោះស្ថិតក្នុងសម្លៀកបំពាក់ ឯកសណ្ឋាន កម្ពស់កំពរ ស្បែកជើង និងភិនភាគផ្សេងៗទៀត ដូចគ្នាច្រើនទៅនឹងឃាតករ ដែលបង្ហាញតាមការមេរ៉ាសុវត្តិភាព។ ប៉ុន្តែការសង្ស័នេះ ត្រូវបានស្នងការរងលោក ជួន ណារិន ចេញមុខបដិសេធ ហើយសមត្ថកិច្ចក៏មិនបានកោះហៅមន្ត្រី ដែលបណ្តាញសង្គមដាក់ការសង្ស័យនេះ ទៅសាកសួរដែរ។
រហូតមកដល់ពេលនេះ គ្មានការបញ្ជាក់ណាមួយ ច្បាស់លាស់ និងជាផ្លូវការនៅឡើយថា លោក ថោង សារ៉ាត់ និងអង្គរក្ស ពិតជាពាក់ព័ន្ធ នឹងការធ្វើឃាតលើលោក អ៊ឹង ម៉េងជឺ ឡើយ។ ផ្ទុយមកវិញ មានតែការចុះផ្សាយតាមប្រព័ន្ធព័ត៌មាន និងការលើកឡើងតៗ ដោយដាក់បន្ទុកលើលោក ថោង សារ៉ាត់ និងអង្គរក្សទាំងនោះតែប៉ុណ្ណោះ។ ការចោទប្រកាន់លោកថោង សារ៉ាត និងការឃាត់ខ្លួនអង្គរក្ស ថាជាអ្នកមេគំនិត និងជាអ្នកអនុវត្ត ក្នុងករណីឃាតកម្មកណ្តាលរាជធានីភ្នំពេញនេះ ក៏កំពុងស្ថិតក្នុងភាពស្រពិចស្រពិល នៅឡើយដែរ៕