សម រង្ស៊ី ត្រៀម​ខ្លួន ក្លាយ​ជា​ប្រធាន​តំណាង​រាស្រ្ត​មតិ​ភាគ​តិច?

ថ្លែងនៅវិមានរដ្ឋសភា លោក សម រង្ស៊ី មិនទាន់បង្ហើបជាផ្លូវការនៅឡើយ ចំពោះបេក្ខភាព ដែលត្រូវឈរឈ្មោះជា ប្រធាន​តំណាងរាស្រ្តភាគតិច ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រីនោះឡើយ។ ប៉ុន្តែសម្រាប់មជ្ឈដ្ឋានទូទៅ និង​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ផង បានរំពឹងរួចហើយ ថាប្រធានគណបក្សប្រឆាំង កំពុងត្រៀមខ្លួនក្លាយជា ប្រធាន​តំណាង​រាស្រ្ត​ភាគ​តិច។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - រាយការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី០៣ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 04, 2014
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីសម្រាកពីកិច្ចប្រជុំសភា​អនុម័ត ទៅ​លើ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ក្នុង​ថ្ងៃ​ទី៣ ខែ​ធ្នូ នេះ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា អ្វី​ដែល​គណបក្ស​លោក កំពុង​ធ្វើ និង​ទាមទារ​ឲ្យ​មាន​នៅ​ពេល​នេះ តួ​យ៉ាង​ដូច​ជា ការ​ទាមទារ​ឲ្យ​មាន ប្រធាន​តំណាង​រាស្រ្ត​មតិ​ភាគ​តិច​ក្នុង​រដ្ឋសភា គឺ​មិន​ដើម្បី​លោក​ផ្ទាល់ ដើម្បី​បុគ្គល​ណា​ម្នាក់ ឬ​បក្ស​ណា​មួយ​ឡើយ។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ព្យាយាម​ខិតខំ​នេះ ក្នុង​គោល​បំណង​រៀបចំ​ស្ថាប័ន​«ថ្មី»​មួយ​នេះ ក៏​ដើម្បី​បើក​ផ្លូវ សម្រាប់​គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត ចូល​រួម​នា​អាណត្តិ​ក្រោយៗ​ដែរ។

ប្រធានបក្សរូបនេះ បានបញ្ជាក់យ៉ាងខ្លីថា៖ «យើង​ទម្លុះ​ឧបសគ្គ យើងបើកផ្លូវ ដើម្បីឲ្យខ្មែរជំនាន់ក្រោយទៀត មានគណបក្សផ្សេងទៀត មានអ្នក ដឹកនាំ​ផ្សេង​ទៀត ដែលនឹងចូលមកកាន់តំណែងរបស់ខ្លួន ក្នុងរយៈពេល​១០ ២០ឆ្នាំទៅមុខ ទាល់តែយើងរៀបផ្លូវ ទាល់​តែ​យើង​រៀបចំ​ជា​ស្ថាប័ន។ (…) ការងារនេះ គឺការងាររៀបចំ​រចនាសម្ព័ន្ធរដ្ឋ រៀបចំយន្តការ​ប្រជាធិបតេយ្យ កសាង​ស្ថាប័ន​ថ្មី​ដើម្បី​ពង្រឹង​លិទ្ធិប្រជាធិបតេ្យ។»

ទាក់ទងនឹងបញ្ហាបេក្ខភាព ជាប្រធានក្រុមតំណាងរាស្រ្តមតិភាគតិចនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាច​សុំការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់ នៃគណបក្សប្រជាជនកម្ពុជាឡើយ។ តែលោក សិក ប៊ុនហុក សមាជិកនៃ​គណកម្មការទីមួយ នៃរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២ ខែធ្នូ កន្លងមកនេះ បានបញ្ជាក់​ថា ប្រធានក្រុមតំណាងរាស្រ្តភាគតិច ដោយយោងតាមសេចក្តីប្រកាសព័ត៌មាន របស់មេបក្សទាំងពីរថ្ងៃទី២៨ ខែវិច្ឆកា មិនកំណត់ចំពោះបុគ្គលណាម្នាក់ឡើយ។

ឯលោក អេង ឆៃអៀង ប្រធានគណកម្មការទីមួយនៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ ក៏បានបញ្ជាក់​ដូច​គ្នា​នេះដែរ។ លោក ឆៃអៀង បន្តថា ការបង្កើតឲ្យមានប្រធានក្រុមតំណាងរាស្រ្តមតិភាគតិចនោះ មិនសំដៅ​លើលោក សម រង្ស៊ី ឬបុគ្គលណាម្នាក់ឡើយ។ តែគម្រោងការនេះ សម្រាប់បុគ្គលទូទៅ ដែលមានការគាំទ្រ​ក្រោមសម្លេង ២៥ភាគរយ នៃសមាជិកសភាទាំងមូល។

» សូមអានសអត្ថបទទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

ដោយឡែកខាងសង្គមស៊ីវិល ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង បានធ្វើការអះអាងថា តំណែងនោះ ច្បាស់ជាត្រូវបានទៅលើមេបក្សហើយ។ ព្រោះថាមេបក្ស ត្រូវ​បានឈរឈ្មោះជានាយករដ្ឋមន្រ្តី បើសិនជាគណបក្សលោកជាប់ឆ្នោត។ តែផ្ទុយមកវិញ បើសិន​ជាមិន​ជាប់​ឆ្នោតទេ គណបក្សនោះនឹងក្លាយជាបក្សតំណាងរាស្រ្តភាគតិច ក្នុងរដ្ឋសភា។ តាមរយៈនេះលោកបង្ហាញថា ក្នុងពេលបច្ចុន្ននេះ គ្រប់តំណាងរាស្រ្តភាគតិច ដែលក្នុងនោះមានសម្លេងភាគច្រើន គេសំដៅទៅលើ (បោះ​ឆ្នោត) មេបក្សរបស់គេ។ លោកបានធ្វើការពន្យល់៖ «មេបក្ស អ្នកដែលបានត្រៀមខ្លួន ឈរជាបេក្ខជន​នាយក​រដ្ឋមន្រ្តី។ កាលណាគេមិនជាប់ជាបេក្ខជននាយករដ្ឋមន្រ្តី អាចធ្វើជាប្រធានក្រុមតំណាងរាស្រ្តភាគតិច ដោយ​សមស្រប។»

ចំណេកឯលោក មូរ សុខហួរ តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ក៏បានអះអាងដែរ នៅក្នុងទំព័រ​ហ្វេសប៊ុក​​របស់លោកស្រី អះអាងពីប្រធានក្រុមតំណាងរាស្ត្រសម្លេងភាគតិចនេះ ថាគ្មាននរណាផ្សេងពី​លោក សម រង្ស៊ី ឡើយ (សូម​មើល​រូប​ខាងក្រោម)។

សូមរំលឹកថា មការងារ នៃគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ នឹងលើកយក«បទបញ្ជាផ្ទៃក្នុងរដ្ឋសភា» ប្រការទី៤៨ ថ្មី(ពីរ) ដាក់ជូនប្រធានរដ្ឋសភាធ្វើការត្រួតពិនិត្យ និង​អនុម័តក្នុងការជ្រើសរើសសមាសភាពបីរូបនៃសភាភាគតិច ដែលមួយរូបជាប្រធាន និងពីររូប​ទៀតជា​អនុប្រធាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...