កម្ពុជាជាប់លេខ១៥៦ ខាងអំពើពុករលួយក្នុងចំណោម១៧៥ប្រទេស
- ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 04, 2014
- ប្រធានបទ: វិបត្តិសង្គម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
របាយការណ៍សន្ទស្សន៍ នៃការយល់ឃើញ ពីអំពើពុករលួយឆ្នាំ២០១៤ ត្រូវបានបង្ហាញព្រមគ្នា នៅម៉ោង១១ព្រឹក នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ទូទាំងពិភពលោក ដោយអង្គការតម្លាភាពអន្តរជាតិ ដែលមានទីតាំងធំ នៅប្រទេសអាល្លឺម៉ង់។ របាយការណ៍របស់អង្គការអន្តរជាតិ ខាងអំពើពុករលួយមួយនេះ បានបង្ហាញថា ប្រទេសដែលទទួលបានចំណាត់ល្អជាងគេ នៅឆ្នាំ២០១៤គឺប្រទេស ដាណឺម៉ាក ស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ជាមួយនឹងពិន្ទុ៩២ និងបន្តដោយប្រទេសញ៉ូហ្សេលែន ទទួលបានពិន្ទុ៩១។ និងប្រទេសដែលជាប់ចំណាត់ថ្នាក់ក្រោមគេ គឺប្រទេសកូរ៉េខាងជើង និងប្រទេសសូម៉ាលី ទទួលបាន៨ពិន្ទុ។
ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺកម្ពុជា បានរំកិលពីចំណាត់ថ្នាក់លេខ១៦០ នៅក្នុងរបាយការណ៍ឆ្នាំ២០១៣ ពីចំណោម១៧៧ប្រទេស មកចំណោត់ថ្នាក់លេខ១៥៦ នៅក្នុងរបាយការណ៍ឆ្នាំ២០១៤ ពីចំណោមប្រទេស១៧៥។ ឆ្នាំនេះ ប្រទេសកម្ពុជាទទួលបាន១ពិន្ទុបន្ថែម នៅក្នុងសន្ទស្សន៍ឆ្នាំ២០១៤ គឺពិន្ទុ២១ បើធៀបនឹងពិន្ទុឆ្នាំ២០១៣ ដែលបានតែ២០ពិន្ទុ។ ប៉ុន្តែឡើងត្រឹមមួយពិន្ទុ នៅមិនទាន់គ្រប់គ្រាន់ថា ប្រទេសកម្ពុជាមានភាពប្រសើរឡើង ខាងអំពើពុករលួយនោះឡើយ។ ប្រទេសដ៏ក្រីក្រមួយនេះ នៅតែត្រូវបានគេមើលឃើញថា ជាប្រទេសដែលមានកម្រិត អំពើពុករលួយធ្ងន់ធ្ងរនៅឡើយ។
បើតាមលោក ប៉ិច ពិសី នាយកកម្មវិធិនៃអង្គការតម្លាភាពកម្ពុជា បានឱ្យដឹងថា ទិន្នន័យដែលត្រូវបានយកមកធ្វើការវាស់ស្ទង់ កម្រិតអំពើពុករលួយ ទាល់តែមានការទទួលស្គាល់ ពីអ្នកជំនាញដែលធ្វើការខាងអំពើពុករលួយ។ លោកថា សន្ទស្សន៍នៃការយល់ឃើញ ពីអំពើពុករលួយឆ្នាំ២០១៤ នេះត្រូវបានគណនា ដោយយោងតាមប្រភពទិន្នន័យផ្សេងៗគ្នា ចំនួន១២ មកពីស្ថាប័នផ្សេងគ្នា និងធ្វើឡើងតាមរយៈបួនជំហាន ការជ្រើសប្រភពទិន្នន័យ ការកំណត់ស្តង់ដាទិន្នន័យ នៅលើមាត្រដ្ឋាន គណនាពិន្ទុមធ្យម និងរាយការពីរង្វាស់ភាពមិនច្បាស់លាស់។ លោកបន្ថែមថា សម្រាប់ប្រទេសនីមួយៗ ទាល់តែមានទិន្នន័យ ចាប់ពីបីឡើងទៅ ទើបអាចធ្វើការចាត់ចំណាត់ថ្នាក់បាន។
សម្រាប់កម្ពុជា ទិន្នន័យចំនួន៧ ដែលត្រូវបានយកមកធ្វើការចាត់ចំណាត់ថ្នាក់។ ប្រភពទិន្នន័យចំនួន៧ ដែលត្រូវបានប្រើប្រាស់ដើម្បីវិភាគ និងវាស់សន្ទស្សន៍ នៃការយល់ឃើញ ពីអំពីពុករលួយឆ្នាំ២០១៤នៅកម្ពុជា រួមមាន ទី១.សន្ទស្សន៍ នៃនៃការផ្លាស់ប្តូររបស់មូលនិធី Berttelsmannឆ្នាំ២០១៤ - ទី២. ចំណាំត់ថ្នាក់ហានីភ័យ របស់អង្គការភាពស៊ើបអង្កេតសេដ្ឋកិច្ច ឆ្នាំ២០១៤ - ទី៣.ចំណាត់ថ្នាក់ហានីភ័យ ពីការយល់ដឹងជាសាកល ឆ្នាំ២០១៤ - ទី៤. ទីប្រឹក្សាហានីភ័យនយោបាយ និងសេដ្ឋកិច្ចឆ្នាំ២០១៤ - ទី៥. គោលនយោបាយប្រចាំប្រទេស និងការវាយតម្លៃស្ថាប័ន របស់ធនាគារពិភពលោកឆ្នាំ២០១៣ - ទី៦.ការស្តង់មតិវេទិការ សេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៤ និងទី៧. សន្ទស្សន៍ច្បាប់ ស្តីពីគម្មរោងយុត្តិធម៌ពិភពលោកឆ្នាំ២០១៤។
លោកព្រាបកុល នាយកប្រតិបត្តនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងថា ទន្ទឹមនឹងការធ្លាក់ចេញនូវចំណាត់ថ្នាក់នេះ រដ្ឋាភិបាលកម្ពុជា ត្រូវបានទាមទារឱ្យមាន កិច្ចខិតខំប្រឹងបន្ថែមទៀត ជាពិសេសផ្តល់អនុភាពទៅអភិបាលកិច្ចជាចម្បង។ លោកថា អង្គការតម្លាភាពកម្ពុជា ត្រៀមខ្លួនជានិច្ច ក្នុងការផ្តល់ការគាំទ្រទាំងបច្ចេកទេស ថវិកា និងលទ្ធភាពដែលអាចធ្វើបានដើម្បីឱ្យកម្ពុជា មានពិន្ទុល្អ និងចំណាត់ថ្នាក់ល្អប្រសើរ។
លោក ព្រាប កុល សង្ឃឹមថា ថារដ្ឋាភិបាលកម្ពុជា នឹងយកលទ្ធផលនៃការវិភាគនេះ ទៅពិនិត្យមើល និងធ្វើការឆ្លុះបញ្ចាំង។ បន្ថែមលើសពីនេះ កម្ពុជានឹងយកធ្វើការគិតគូ ពីវិធានការឆ្លើយតបទៅនឹងអនុសាសន៍ទាំង៥ដូច ជាកំណែទម្រង់ប្រព័ន្ធតុលាការ ច្បាប់ស្តីពីការទទួលបានព័ត៌មាន វិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ ច្បាប់ការពារអ្នករាយការណ៍ព័ត៌មាន ដោះស្រាយបញ្ហាក្រុមគ្រួសារនិយម និងទំនាស់ផលប្រយោជន៍ នៅគ្រប់ស្ថាប័នទាំងអស់ ដើម្បីធ្វើឱ្យមានភាពប្រសើឡើងនៃអំពើពុករលួយនៅកម្ពុជា។ លោកបន្តថា៖ «ការច្រានចោលរបាយការណ៍ ការមិនទទួលស្គាល់របាយណ៍ មិនមែនជាដំណោះស្រាយនោះទេ»។
លោក ហុង ស៊ុនហួត ជាតំណាងរាស្រ្តមកពីគណបក្សសមរង្ស៊ី បានមានប្រសាសន៍ថា បើទោះបីជាចំណាត់នេះល្អជាងឆ្នាំមុនក៏ដោយ ក៏ប៉ុន្តែលោកគិតថាក៏មិនទាន់អាចទុកថាជារឿងគួរឱ្យមោទនភាពនៅឡើយទេ។ លោកអះអាងថា បើមើលទៅលើពិន្ទុ២១នេះ គឺស្ថិតក្នុងចំណោម ប្រទេសដែលដែលមានឈ្មោះល្បីខាងអំពើពុករលួយ៕