ឱម យិនទៀង៖ មើលឲ្យជាក់ ចាំញ៉ាក់ចិញ្ចើម (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៦ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 28, 2015
- ប្រធានបទ: ពុករលួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«បើអ្នកនោះ មិនមែនជាមន្រ្តីរាជការ ឥតមានបទស៊ីសំណូកទេ ឯកឧត្តម។ ឯកឧត្តមមើលឱយជាក់ ចាំញាក់ចិញ្ចើម។ នេះជាអ៊ិនជីអូមួយ (NGO) ដែលគាត់កឹបកេង ពីរម៉ឺនដុល្លានេះ ជាបទរំលោភ លើការទុកចិត្ត របស់ម្ចាស់អំណោយគេទេ។» នេះជាការអះអាង យ៉ាងមុតមាំ របស់លោក ឱម យឹនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ របស់ប្រទេសកម្ពុជា ក្នុងប្រតិកម្មមួយ តបទៅនឹងតំណាងរាស្ត្រម្នាក់ ដែលបានចោទសួរលោក អំពីអំពើពុករលួយ កឹបកេងប្រាក់ នៅក្នុងស្ថាប័នឯកជនមួយ។
ប្រតិកម្មនេះ បានធ្វើឡើង ក្នុងសិក្ខាសាលា ស្តិីពី«ការស្វែងយល់ពីច្បាប់ និងការអនុវត្តច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ» កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥នេះ នាវិមានរដ្ឋសភា បន្ទាប់ពីលោក លឹម គឹមយ៉ា តំណាងរាស្រ្តមណ្ឌលកំពង់ធំ បានថ្លែងទៅកាន់លោក ឱម យិនទៀង ថា ដើម្បីបំបាត់អំពើពុករលួយ កត្តាចម្បង (ទីមួយ) ត្រូវមានតម្លាភាព តែតាមច្បាប់ ការប្រឆាំងអំពើពុករលួយ បែរជា«គ្មាន»តម្លាភាពទៅវិញ។ លោកតំណាងរាស្រ្តរូបនេះ បានចោទជាសំនួរថា ក្នុងអង្គភាពឯកជនមួយ មានអំពើពុករលួយបានកើតឡើង តែអង្គភាពប្រឆាំងអំពើពុករលួយ បែរជាមិនមានចំណាត់ការ ហើយថែមទាំងប្រកាសថា មិនមានអំពើពុករលួយទៅវិញ។ «បើមិនមែនជាអំពើពុករលួយ តើសំអាងលើអ្វី ហេតុអ្វីបានជាទាមទារលុយ ពីគេមកវិញ?»
ជាមួយនឹងកាយវិការចង្អុល មិនចំពោះផងនោះ លោក ឱម យិនទៀង បានឆ្លើយទៅនឹងម្ចាស់សំនួរ ម៉ាត់ៗថា៖ «ច្បាប់បានចែងយ៉ាងច្បាស់ ទាល់តែអាម្ចាស់អំណោយ ប្តឹងទៅតុលាការ ទើបធ្វើបាន។ យើងខ្ញុំមិនធ្វើជួសបានទេ។»
លោកប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ បានបន្តថា៖ «ច្បាប់មិនបានអនុញ្ញាត ឲ្យខ្ញុំទៅចាប់គាត់បានទេ។ ខ្ញុំមិនមែនជាម្ចាស់រឿង មិនមែនជារឿងពុករលួយ ជារឿងរំលោភ លើការទុកចិត្តរបស់គេ។ (...) ឯកឧត្តមកុំគិតថា គេនៅស្ងៀម គេមិនធ្វើអ្វីទាំងអស់ មិនមែនទេ។ អ្វីដែលយើងខ្ញុំមិនធ្វើ យើងខ្ញុំមានភស្តុតាង។ សូមឯកឧត្តមជ្រាប យើងខ្ញុំនិយាយមួយ ដោយសារមានមួយរយ យើងខ្ញុំមិនដែលនិយាយមួយរយ ដោយសារមានមួយនោះទេ។»
លោក យិនទៀង បានបន្ថែមទៀតថា៖ «យើងខ្ញុំនិយាយ ជាមួយឯកឧត្តម...។ ឯកឧត្តម មកលេងសើចម៉េច? (...) ឯកឧត្តមកុំលរ កុំនិយាយរឿងបក្សពួក និយាយរឿងផ្លូវច្បាប់ ឯកឧត្តម!»៕
» សូមទស្សនាវីដេអូ ពីការឆ្លើយឆ្លងគ្នានេះ ដូចតទៅ៖