អ្នកសង្កេតការណ៍ប្រលងមាន«អង្គរក្សឆ្វេចឆ្វាច»ម្នាក់ រងការព្រមាន
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៤ តុលា ២០១៤
- កែប្រែចុងក្រោយ: October 15, 2014
- ប្រធានបទ: ប្រលងបាក់ឌុប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្តីប្រកាសព័ត៌មាន របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលចេញផ្សាយកាលពីថ្ងៃទី១៣ ខែតុលា បានឱ្យដឹងថា អ្នកសង្កេតការណ៍មួយរូបឈ្មោះ នូ សុវណ្ណារ៉ា មកពីអង្គការគ្រូពេទ្យស្ម័គ្រចិត្ត ដែលកាលពីសម័យប្រលងលើកទីមួយ ប្រើឈ្មោះជាមន្រ្តីបម្រើការ នៅអង្គការច្បាប់នោះ បានបំពានទៅនឹងច្បាប់របស់អង្គភាពប្រឆាំងអំពើពុករលួយ ដោយឆ្លៀតយកតួនាទីជាអ្នកសង្កេតការណ៍ របស់អង្គភាពប្រឆាំងអំពើពុករលួយ ទៅប្រើប្រាស់ជាអំណាចផ្ទាល់ខ្លួន បំពានលើដំណើរការប្រលង ដែលអង្គភាពមិនអាចទទួលយកបាន។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា៖ «បុគ្គលនេះ បាននាំមខនុស្សមួយចំនួន ចូលទៅក្នុងមណ្ឌលប្រលងដោយបំពានច្បាប់ គ្មានប័ណ្ណអនុញ្ញាតជាអ្នកសង្កេតការណ៍ ហើយទាមទារពីមណ្ឌលប្រលង ដែលត្រូវរៀបចំឱ្យខ្លួន នូវលក្ខណៈពិសេសផ្តាច់មុខជាច្រើន ដែលខ្លួនមិនមានសិទ្ធិ។ បុគ្គលនេះតែងតែបង្ហាញខ្លួនថា ជាអ្នកមានអំណាច បុណ្យស័ក្តិលើសគេឯង មានអង្គរក្សឆ្វេចឆ្វាច មានអ្នកក្រោមបង្គាប់របស់ខ្លួន ក្នុងពេលដែលខ្លួនបំពេញភារៈកិច្ចជាអ្នកសង្កេតការណ៍។»
អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់ទុកទង្វើរបស់អ្នកសង្កេតការណ៍ប្រលងឈ្មោះ នូ សុវណ្ណារ៉ានេះ ថាមានចេតនាបំផ្លាញ និងធ្វើឱ្យប៉ះពាល់ដល់ដំណើរការល្អ នៃការប្រលងបាក់ឌុបនេះ ម្យ៉ាងទៀតទង្វើនេះ បានធ្វើឱ្យខូចដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់អ្នកសង្កេតការណ៍ជាង៣ពាន់នាក់ ផ្សេងទៀតដែរ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបកស្រាយពីលោក នូ សុវណ្ណារ៉ា អ្នកសង្កេតការណ៍ខាងលើនេះបានទេ នៅថ្ងៃនេះ។
យោងតាមការចែងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកសង្កេតការណ៍ក្នុងពេលប្រលង មានដូចតទៅ៖
១. គោរពសេចក្តីណែនាំ និងបទប្បញ្ញត្តិនានារបស់ក្រសួងអប់រំយុវជន និងកីឡា និងច្បាប់
២. គោរពបទបញ្ជាផ្ទៃក្នុងរបស់ប្រធានមណ្ឌល
៣. ពាក់ប័ណ្ណសម្គាល់ជាប្រចាំក្នុងពេលសង្កេតការណ៍
៤. រក្សាការសម្ងាត់នៃដំណើរការប្រលង
៥. រក្សាសណ្តាប់ធ្នាប់និងភាពស្ងៀមស្ងាត់
៦. មិនឆ្លៀតឱកាសសង្កេតការណ៍ ដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួន
៧. ហាមថតចម្លងនិងមិនឱ្យគេខ្ចីប័ណ្ណ បាត់ត្រូវរាយណ៍ភ្លាម៕