«អរូប»១០នាក់ សណ្ឋិតក្នុងខ្លួនបុរសចំណាស់ម្នាក់ បន្តបន្ទាប់គ្នា
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ តុលា ២០១៤
- កែប្រែចុងក្រោយ: October 15, 2014
- ប្រធានបទ: អរូបី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណី«អរូប»ទាំងដប់ ចូលសណ្ឋិតក្នុងរូប បុរសវ័យចំណាស់ម្នាក់ ឈ្មោះ ចាន់ ហួរ ដែលកំពុងមានជំងឺប្រចាំកាយនោះ ត្រូវបានថតជាវីដេអូឃ្លីប ដោយក្រុមការងារនៃលោកគ្រូ ធម្មិនន ដែលជាអ្នកផ្សាយព្រះធម៌ព្រះពុទ្ធិសាសនា តាមបណ្តាវិទ្យុ និងទូរទស្សន៍មួយចំនួន។ លោកគ្រូបានបញ្ជាក់ថា ព្រឹត្តការណ៍ក្នុងឃ្លីបវីដេអូនេះ ជាព្រឹត្តិការណ៍ដែលមានពិតប្រាកដ និងមិនមានការកែឆ្នៃ ឬព្រាងទុក និងក៏មិនមែនសម្រាប់ យកមកធ្វើការបោកប្រាស់ពុទ្ធបរិស័ទ ឬប្រជាពលរដ្ឋឡើយ។
លោក គ្រូ ធម្មិនន ដែលចេះវិជ្ជាខាងហៅព្រលឹងចូលរូប បានធ្វើឃ្លីបវីដេអូ ដែលក្រុមការងារលោក បានថតទុក គ្រាន់តែចង់បញ្ជាក់ថា ពិតជាមានអមនុស្ស ចូលរូបមែន ហើយក៏ដើម្បីទុកជាឯកសារសិក្សាស្រាវជ្រាវដែរ។ នេះជាការបញ្ជាក់ របស់លោកគ្រូហៅព្រលឹងអូមអាមខាងលើ តាមការបញ្ជាក់ក្នុងវីដេអូឃ្លីប។ មកដល់ពេលនេះ ឯកសារវីដេអូឃ្លីបនេះ ត្រូវបានធ្លាក់ចូលដល់ទីផ្សារកម្ពុជា លក់ និងចែកចាយយ៉ាងព្រោងព្រាតផងដែរ។
តាមសម្តីបុរសម្នាក់ដែលរត់ម៉ូតូឌុប និងមានទាំងវីដេអូឃ្លីបនេះ នៅនឹងដៃផងនោះ បានបញ្ជាក់ថា លោកបានឲ្យបុរសម្នាក់ទៀត ដែលជាអ្នករត់ម៉ូតូឌុបដូចគ្នា ជួយទិញឲ្យលោក។ ព្រោះលោកចង់ដឹង ពីបញ្ហានៃការចូលរូបនោះ តើជាការពិត ឬប្រឌិតឡើង ដើម្បីថតសម្រាប់ដាក់លក់បោកប្រាស់ប្រជាពលរដ្ឋទេ? លោក ឃីម អ្នករត់ម៉ូតូឌុបរូបនេះបានបន្តថា ឌីសនេះត្រូវបានគេដាក់លក់លើទីផ្សារ តែមិនបើកទូលាយទេ បើអ្នកមិនស្គាល់ មិនដឹងក៏មិនអាចរកទិញបានដែរ។
លោកបន្តថា តាមការបញ្ជាក់ របស់អ្នករត់ម៉ូតូឌុបដូចគ្នា បានបង្ហាញថា ឌីសវីដេអូឃ្លីបអមនុស្សចូលរូបនេះ មានលក់នៅតូបមួយក្នុងផ្សារអូឡាំពិច ហើយមានច្រើនឌីសផងដែរ។ លោកអ្នករត់ម៉ូតូ ដែលមិនឲ្យស្គាល់ឈ្មោះនោះ ក៏បានបញ្ជាក់ប្រាប់លោកថា អ្នកលក់ឌីស ក៏មិនដឹងថាឌីសនេះ អ្នកណាជាអ្នកយកមកលក់ដែរ ដល់ពេលមានអ្នកសួររក ទើបទៅយកពីតូបដទៃមកឲ្យ។ ហើយមានតែពីរទៅបីតូបប៉ុណ្ណោះ ដែលមានដាក់លក់។
តាមទំនៀមទំលាប់ វប្បធម៌ប្រពៃណី និងជំនឿសាសនានៅប្រទេសកម្ពុជា មិនថាខ្មែរ ចិនឬថៃឡើយត្រូវបានបន្ត ជាកេរ្តិ៍តំណែលពីជំនាន់មួយទៅជំនាន់មួយ។ យ៉ាងណាម៉ិញ ជំងឺដែលមិនត្រូវថ្នាំបរទេស (បែបវិទ្យាសាស្រ្ត) ប្រជាពលរដ្ឋ មិនថាចិន ឬខ្មែរឡើយតែងតែរកថ្មាំបែបធម្មជាតិ ដែលគេហៅថា«ថ្នាំខ្មែរ» ឬ«ថ្នាំចិន»ជាដើមនោះ។ ក្រៅពីនេះបើសិនជាអ្នក«ជំងឺ»មិនមានអ្វីប្លែក ឬស្រាកស្រាន្ដពីជំងឺទេ គេនៅមានទំនៀមមួយទៀត គឺការដាក់បណ្តាសារពី«ដូនតា» អ្នកថែរក្សា ឬពពួកព្រាយខ្មោចនានាជាដើម ដែលនាំឲ្យកូនចៅរកស៊ីមិនបាន ជួបគ្រោះ ឬធ្លាក់ខ្លួនឈឺជាដើមនោះ។
តួយ៉ាងដូចជាក្នុងវីដេអូឃ្លីបនេះ ត្រូវបានក្រុមគ្រួសារ សាច់ញាតិ បានហៅគ្រូមកធ្វើពិធីដើម្បីអន្ទងព្រលឹងដូនតា ឬពពួកព្រាយខ្មោចទាំងនោះ មកសូរនាំនូវហេតុផលខុស និងត្រូវ រួមទាំងតម្រូវការនានា នឹងអាចជួយឲ្យកូនចៅរស់នៅដោយសេចក្តីសុខសប្បាយ។
តាមវីដេអូឃ្លីប ដែលបានថតក្នុងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ថ្មីៗនេះ ឃើញមានពពួក«អមនុស្ស» ឬ «អរូប» ប្រមាណ១០នាក់ចូលមកសណ្ឋិត។ ក្នុងនោះរួមមានពួកសមាទិដ្ឋិជ្រះថ្លា ព្រះរតនត្រ័យ គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលបានបង្រៀនព្រះធម៌ក្នុងពេលចូលរូប។ ក្រៅពីនេះនៅមានទេវតាស័ក្តធំចូលមកបង្ហាត់បង្ហាញ ពីការធ្វើបុព្នយ និងទានជាដើម។ ហើយក៏នៅមានអមនុស្សជាឪពុក ដូនតា និងគ្រូព្យាបាលជំងឺ ចូលមកព្យាបាលកូនចៅដើម្បីជាពីជំងឺទៀតផង។ អមនុស្សទាំងនោះបាននិយាយជាភាសាព្រះធម៌ ភាសាចិន ភាសាខ្មែរ និងភាសាថៃ។ ពពួកទេវតា និងពពួកអ្នកតាមថែរក្សា បាននាំគ្នាមកចូលជាបន្តបន្ទាប់ និងបញ្ជាប្រាប់ទៅតាមអ្វីដែលពួកគេ គិតថាខុស និងត្រូវការ។
ក្នុងករណីនេះបុរសវ័យចំណាស់ខាងលើ ក្រៅពីភាសាចិន និងខ្មែរប៉ៃឡាំ មិនចេះភាសារអ្វីក្រៅពីនោះទេ។ តែដល់ពេលអរូបចូលសណ្ឋិត ក៏បែរជាចេះនិយាយច្រើនភាសា ដែលមិនគួឲ្យជឿ។ នេះបើតាមសម្តីសាច់ញាតិ នៃអ្នកដែលត្រូវចូលរូប បានបញ្ជាក់ក្នុងវីដេអូឃ្លីប។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅពេលនេះ មិនទាន់រកប្រភពឲ្យពិតប្រាកដ ដើម្បីមកបញ្ជាក់ថា តើអ្វីដែលកើតឡើងក្នុងវីដេអូនេះ ជារឿងពិតមិនក្លែងក្លាយ ឬយ៉ាងណាទេ។ ទស្សនាវដ្ដីនឹងត្រឡប់ មកជម្រាបជូនជាថ្មីទៀត នៅពេលមានព័ត៌មានបន្ថែម។ តែសម្រាប់វីដេអូឃ្លីប ខាងក្រោមនេះ ទស្សនាវដ្ដីគ្រាន់តែដាក់ជូន ដើម្បីជាការពិចារណា និងធ្វើការវាយតម្លៃ ទៅតាមការយល់ឃើញរបស់ប្រិយមិត្តអ្នកអានទៅចុះ៖