កុមារជាង៣០០នាក់ កោរសក់បួសក្នុងថ្ងៃតែមួយ នៅវត្តពុទ្ធមណ្ឌល
- ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី ២១ កុម្ភៈ
- កែប្រែចុងក្រោយ: February 21, 2015
- ប្រធានបទ: សាសនា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
និយាយថា គួរឲ្យកោតសរសើរក្មេងៗទាំងនោះក៏បាន ព្រោះពួកគេស្ថិតនៅក្មេងវ័យ តែបានដាច់ចិត្តលះបង់ សេចក្តីត្រូវការរបស់ខ្លួន ទៅបួសជាព្រះសង្ឃ និងដូនជី ដើម្បីជួយស្រោចស្រង់បាបកម្ម របស់មាតាបិតា របស់ពួកគេ។ កុមារមួយចំនួន និយាយមិនទាន់ច្បាស់ ហើយខ្លះទៀត នៅហៀរសំបោរនៅឡើយ។
កុមារទាំងជាង ៣០០នាក់ ក្នុងនោះមានក្មេងស្រី ១០០នាក់ ដែលបានមកបួស ធ្វើជាដូនជីដែរនោះ ត្រូវបានព្រះសង្ឃ គង់នៅវត្តពុទ្ធមណ្ឌលកម្ពុជា ដែលស្ថិតនៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល ធ្វើពិធីបំបួសឲ្យពួកគេតំណាលគ្នា ក្នុងថ្ងៃតែមួយ នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈនេះ។ ពិធីសាសនានេះ បានប្រព្រឹត្តទៅយ៉ាងទ្រហឹងអើងកង ដោយសារតែ ក្រុមអ្នកបួសស្ថិតនៅវ័យក្មេង ដោយមានខ្លះ និយាយមិនទាន់ស្តាប់គ្នាបានផង។ ក្នុងចំណោមកុមារទាំងនោះ អ្នកមានវ័យច្រើនជាងគេ មានអាយុត្រឹម ១៧ឆ្នាំ និងអ្នកក្មេងជាងគេ មានអាយុ ៣ឆ្នាំ។
ប៉ុន្តែ ក្រុមអាណាព្យាបាល របស់អ្នកបួស បាននិយាយថា អ្នកបួសតូចៗទាំងនោះ បានយល់ដោយខ្លួនគេថា ការកោរសក់សាងផ្នួស នឹងឧទ្ធិសកុសលផលបុណ្យ ទៅដល់ឪពុកម្តាយ អ្នកមានគុណ។ កុមារភាគច្រើន ត្រូវបានអាណាព្យាបាលអះអាងថា ពួកគេមានចិត្តមកបួសនេះ ដោយសុទ្ធាជ្រះថ្លាខ្លួនឯង។
ម្ដាយកុមារអ្នកបួសមួយរូប អ្នកស្រី ឃឹម ធា បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូទាំងអួលដើមករថា អ្នកស្រីសប្បាយចិត្តណាស់ ដែលកូនរបស់គាត់ហ៊ានលើកដៃ សុំគាត់មកបួសជាសង្ឃ។ អ្នកស្រីថា កូនរបស់គាត់មានតែពីរនាក់ប៉ុណ្ណោះ ស្រីមួយ ប្រុសមួយ ហើយកូនប្រុស ដែលសុំគាត់មកបួសនេះ មានអាយុទើបតែ ១៣ ឆ្នាំនៅឡើយទេ ប៉ុន្តែគេមានចិត្តជ្រះថ្លា សុំអ្នកកស្រីមកបួស។
អ្នកស្រី ឃឹម ធា បានបន្តថា ក្រុមគ្រួសាររបស់គាត់ បានស្រុះស្រួលគ្នាអស់ហើយ ក្នុងការយល់ព្រមឲ្យកូនរបស់ខ្លួន មកបួស ព្រោះពួកគាត់គិតថា សាសនាជាផ្លូវល្អមួយសំរាប់កូនរបស់គាត់ ហើយកូនរបស់គាត់អាចយល់ដឹង ពីធម៌ព្រះបានច្រើន និងអាចជួយចង្អុលបង្ហាញមនុស្សគ្រប់គ្នា ឲ្យប្រព្រឹត្តអំពើល្អ ម្យ៉ាងទៀត បួសនេះមិនមែនមានន័យថា កូនប្រុសរបស់គាត់ ផ្តាច់ជាមួយនឹងការសិក្សានោះទេ ប៉ុន្តែគេអាចរៀនសូត្របាន ដូចក្មេងដ៍ទៃទៀតដែរ។
រីឯលោកនេនតូចទើបនឹងបួសព្រះនាម សេង ចិត្រា ដែលមានព្រះជន្ម៣ វស្សា បានមានសង្ឃដីកា តបអ្នកសារព័ត៌មានទស្សនាវដ្ដី យ៉ាងសប្បាយរីករាយ ទាំងសម្លេងស្រួយស្រឹប គួឲ្យស្រលាញ់ថា ខ្លួននេនចង់មកបួស ធ្វើជាសង្ឃយូរឆ្នាំមកហើយ ហើយនេននឹងបួសសងគុណឪពុកម្តាយរបស់នេន ក្នុងរយៈពេល១០ព្រះវស្សា ទើបសឹកវិញ។ នេនតូចបន្ថែមថា នេនចង់គង់នៅក្នុងវត្តអារាមរហូត មិនយំទៅផ្ទះវិញទេ ព្រោះនេនស្រលាញ់ព្រះសង្ឃ។
ឪពុករបស់នេនតូចខាងលើ លោក ស៊ិន សៀង បាននិយាយថា លោកគោរព និងស្រលាញ់ព្រះពុទ្ធសាសនា ដោយសារលោកធ្លាប់បានរៀនសូត្រ ចេះដឹង និងធ្លាប់បួសរៀននៅក្នុងវត្តពីមុនមក។ ដូច្នេះហើយ ទើបលោកចង់ឲ្យកូនរបស់លោក ក៏បានបួសរៀនដូចរូបលោកអញ្ចឹងដែរ។ ម្យ៉ាងទៀត កូនប្រុសតែមួយគត់របស់លោក ខ្លួនឯងចង់បួសខ្លាំងណាស់ ទើបលោកសម្រចចិត្តបំពេញ តាមបំណងរបស់កូនតែម្តង។
ចំណែកឯដូនជីវ័យក្មេងៗ ដែលទើបនឹងបួសវិញ មិនមានបំណងផ្តល់បទសម្ភាសន៍ ឲ្យអ្នកយកព័ត៌មានរបស់ទស្សនាវដ្ដីទេ ដោយទំនងជាលាក់ទុក នូវភាពអៀនប្រៀនរបស់ខ្លួន មិនចង់និយាយស្ដី។
គួបញ្ជាក់ថាពិធីបំបួសព្រះសង្ឃ និងដូនជីដែលមានចំនួនរាប់រយអង្គនេះ ក្នុងចំណោមនោះមានអង្គខ្លះបួសត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ដើម្បីគ្រាន់តែមាននាម ថាបានបួសសងគុណឪពុកម្តាយ ប៉ុន្តែក៍មានអង្គខ្លះ ចង់បួសច្រើនឆ្នាំទៅមុខទៀតដែរ៕