វីរជន​សង្គ្រោះ​កុមារ​នៅ​ស្ទឹង​មាន​ជ័យ បាន​ទទួល​មរណភាព

ដំណឹងអកុសល បានធ្លាក់មកដល់ សម្រាប់កុមារខ្សត់ខ្សោយខ្មែរ។ លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) ស្ថាបនិកអង្គការ​ដើម្បីភាព​ញញឹម​នៃ​កុមារ បានទទួល​​មរណភាព​​ហើយ នៅ​​មុន​​នេះ​បន្តិច។
វីរជន​សង្គ្រោះ​កុមារ​នៅ​ស្ទឹង​មាន​ជ័យ បាន​ទទួល​មរណភាព
មនុស្សចាស់ទាំងពីរនាក់ នៅកណ្ដាលគេនេះ គឺលោក គ្រីស្យង់ ដេប៉ាលីយ៉ែរ និងភរិយា។ (រូបថតលើ​ហ្វេសប៊ុក)
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 24, 2016
  • ប្រធានបទ: ជីវិត-វីរភាព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ថាបនិកអង្គការ​​​ដើម្បី​ភាព​ញញឹម​​នៃកុមារ (ហៅកាត់​តាម​ភាសា​បារាំង PSE) លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) ដែលបានជួយ​សង្គ្រោះ​កុមារ​ខ្សត់​ខ្សោយ​ខ្មែរ ជា​ច្រើន​ម៉ឺននាក់ បាន​លាចាក​ពី​លោក​យើង​ហើយ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ វេលា​ម៉ោង១៨ និង៥៨ នាទី​ល្ងាច ក្នុង​ជន្មាយុ ៨២ ឆ្នាំ ដោយ​រោគា​ពាធ។ នេះបើតាម ការ​អះអាង នៅប្រមាណ​ជា​មួយ​​ម៉ោង​​​មុន​ របស់​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​​នៃ​អង្គការ​នេះ នៅក្នុង​ប្រទេស​​កម្ពុជា  និងអះអាងបន្ថែម ដោយអ្នក​ស្និត​​នឹង​​អង្គការ​​ខាង​លើ ជា​ច្រើន​នាក់​ទៀត។

សេចក្ដីប្រកាសព័ត៌មាន ដែលផ្សាយនៅលើទំព័រហ្វេសប៊ុកនោះ បានសរសេរ​ជា​អាថ៌​ថា៖

«លោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ (Marie-France des PALLIERES) ព្រមទាំងកូន ចៅ បុគ្គលិក លោកគ្រូ​អ្នកគ្រូ និងសិស្សានុសិស្ស នៃអង្គការដើម្បីភាពញញឹមនៃកុមារ មានទុក្ខក្រៀមក្រំឥតឧបមា ដោយ លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ដែលត្រូវជាស្វាមី ជាឪពុក ជាជីតា និងជាស្ថាបនិកនៃអង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ បានទទួលមរណភាព ដោយរោគាពាធ»។

វីរភាពនៃស្វាមី-ភរិយា ដេប៉ាលីយ៉ែរ ជាតិបារាំងទាំងពីរនាក់ បានចាប់ផ្ដើមនៅខែតុលា ឆ្នាំ១៩៩៥ ខណៈ​ពេល​ដែល​​អ្នក​ទាំងពីរ ធ្វើដំណើរ​មក​កាន់​ប្រទេសកម្ពុជា ក្នុងបេសកកម្មមនុស្សធម៌មួយ។ នៅក្នុងឯកសារ ស្ដីពី​ប្រវត្តិ​​របស់​​អង្គការ​​ដើម្បី​ភាព​ញញឹមនៃកុមារ បានសរសេរថា៖

«នៅថ្ងៃមួយ ក្នុងខែតុលា ឆ្នាំ១៩៩៥ កុមារខ្សត់ខ្សោយជាច្រើននាក់ បានចាប់ដៃលោក គ្រីស្យង់ នាំទៅកាន់​កន្លែង​បំពេញ​ការងាររបស់ពួកគេ។ កន្លែងនោះ គឺទីចាក់សម្រាមដ៏ធំជាងគេ នៃរាជធានីភ្នំពេញ។ ជាមួយ​នឹង​ភាព​ស្រយ៉ុត​ស្រយ៉ង់ លោក គ្រីស្យង់ បានឃើញកុមារខ្មែរជាច្រើននាក់ កំពុងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បី​ប្រមែ​​ប្រមូល​​កាក​សំណល់ នៅក្នុងស្ថានភាព ដ៍កខ្វក់ហួសប្រមាណ។ មិនត្រឹមតែប៉ុណ្ណឹង កុមារខ្លះកំពុង​ទទួល​ទាន កាក​​សំណល់​​នោះ​​ថែម​​ទៀត។»

ចាប់ពីពេលនោះហើយ ដែលលោក និងអ្នកស្រី ដេប៉ាលីយ៉ែរ បានសម្រេច​ចិត្តសង្គ្រោះ​កុមារ​ខ្សត់​ខ្សោយ​ខ្មែរ​ទាំង​នោះ ពីស្ថានភាព​ដ៏ខ្លោចផ្សារ​​នេះ។ តែគេត្រូវរង់ចាំរហូត ដល់រដូវផ្ការីក (រវាងពីខែ​មីនា ដល់​ខែ​ឧសភា) ឆ្នាំ​១៩៩៦ ទើប​មណ្ឌល​សង្គ្រោះមួយ បានចាប់ផ្ដើម​ដំណើរការ​ដំបូង​របស់​ខ្លួន ជាមួយនឹង​ការ​ទទួល​​កុមារ​ទុរគត ចំនួន​ជាង​​២០នាក់ មកបីបាច់។

រហូត​មក​ដល់​ថ្ងៃនេះ និងជារៀងរាល់ថ្ងៃ កុមារខ្មែរច្រើនជាង ៦០០០នាក់ កំពុងត្រូវបានអង្គការនេះ ទទួល​មកអប់រំសិក្សា ផ្ដល់​ជម្រក និងអាហារ។ ការសិក្សាទាំងនោះ មានកម្រិតតាំងពីបឋមសិក្សា រហូតដល់ឧត្ដម​សិក្សា និងមានកម្រិតស្មើរ នឹងការសិក្សា​ក្នុង​គ្រឹះស្ថាន​អប់រំនានា ក្នុង​ប្រទេស​កម្ពុជាដែរ។ កុមារខ្លះទៀត កំពុង​ក្រេប​ជញ្ជក់ នូវជំនាញ​តាម​ការ​ចង់​បាន​របស់​ពួកគេ ពីក្នុងចំណោម​ជំនាញទាំង២៨ ដែលផ្ដល់ដោយ​អង្គការ ហើយ​ថែម​ទាំង​ទទួល​​ស្គាល់​ ដោយក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈនោះផង។

ស្លាប់នៅកម្ពុជា ធ្វើបុណ្យនៅកម្ពុជា...

ប៉ុន្តែពេលនេះ ស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ ដែលកុមារខ្មែរទាំងនោះ ធ្លាប់ហៅ «ប៉ាប៉ា» ឬ​«ប៉ាពី (Papy = លោកតា)» និងដែលទទួលសញ្ជាតិខ្មែរ ពីអតីត​ព្រះ​មហាក្សត្រ នរោត្ដម សីហនុ រូបនេះ បាន​លា​លោកយើង​ទៅ​រហូត​ហើយ។ សពលោក គ្រីស្យង់ នឹងត្រូវដម្កល់ធ្វើ​បុណ្យ​តាម​​ប្រពៃណី នៅក្នុង​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ដែលមានអសយដ្ឋាន ផ្ទះលេខ៤០២ ភូមិ​ទ្រា សង្កាត់ស្តឹងមានជ័យ ខ័ណ្ឌ​មានជ័យ ភ្នំពេញ (ក្បែរ​ផ្សាសឡា)។ សព​នឹង​ត្រូវដង្ហែ ទៅកាន់វត្តឫស្សី​សាញ់ នៅថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលា​ម៉ោង ១៣ រសៀល៕

» វីដេអូខ្លី ស្ដីពីអង្គការ​ដើម្បីភាពញញឹមនៃកុមារ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...