មតិ៖ រវាង​«មេ​បក្ស​កណ្ដឹង​អត់​ព្រួយ» និង«​កំអួត​សង្គម»

អត្ថបទ ដែលមានលក្ខណៈ​ពាក់កណ្ដាល ជាទស្សនៈ និងពាក់កណ្ដាល ជាការស្រាវជ្រាវនេះ ត្រូវបានបង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក របស់លោក ហែន វិភាគ កាលពីសប្ដាហ៍មុន។ លោក ហែន វិភាគ បានអះអាងថា អត្ថបទ​នេះ ត្រូវ​បាន​សរសេរ​ឡើង ដោយលោក ហែន កូយ ជាសាស្ត្រាចារ្យ មក​ពី​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ទស្សនាវដ្ដី​មនោរម្យ.​អាំងហ្វូ សូមយក​អត្ថបទ​នេះ មកចុះផ្សាយទាំងស្រុង (*) ដូចខាងក្រោម។ ប្រសិន​បើ​ប្រិយមិត្ត ចង់​បញ្ចេញ​​ទស្សនៈ ឬ​មតិ​ណា​មួយ​នោះ សូម​សរសេរ​ជា​អត្ថបទ និង​ផ្ញើរ​​មក​ទស្សនាវដ្ដី តាម​រយៈ​មែល (ខាង​ក្រោម​គេហទំព័រ​នេះ) ឬ​តាម​រយៈ​​ទំព័រ​ហ្វេសប៊ុក ​របស់​ទស្សនាវដ្ដី​ក៏​បាន។
មតិ៖ រវាង​«មេ​បក្ស​កណ្ដឹង​អត់​ព្រួយ» និង«​កំអួត​សង្គម»
សត្វឆ្កែមានពាក់កណ្ដឹងមួយគូ។ (រូបថតឯកសារ)
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 29, 2016
  • ប្រធានបទ: មតិ-ទស្សនៈ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទស្សនវិទូបារាំងឈ្មោះ ឡឺ ម៉ុងតែញ (Editor's Note: ឈ្មោះពេញ គឺ Michel de Montaigne ជាទស្សនវិទូ​បារាំង តាំងពីសតវត្សទី១៦) បានពោលថា «មនុស្សមានប៉ុន្មាន ការគិតរបស់មនុស្សមានប៉ុណ្ណឹង (Tant de tête, autant d’avis)»។ ដូចការអះអាង របស់ទស្សនវិទូរូបនេះមែន។ នៅសតវត្សទី២០ គេឃើញ​​សង្គ្រាម​ស្លាប​ប៉ាកា​ពីរ​​កើតឡើង រវាងអ្នកប្រាជ្ញពីរ គឺលោក ហ្សង់ប៉ូល សាត (Jean-Paul Sartre) និង​លោក អាល់ប៊ែរ កាមុស (Albert Camus)។

លោក អាល់ប៊ែរ កាមុស ជាទស្សនវិទូ​មិនឲ្យតម្លៃ​ លើជីវិតទេ។ គាត់បានសរសេររឿង​ល្ខោន​ជា​ច្រើន ដូច​ជា «ជំងឺ​ប៉េស្ត» «ជនចម្លែក» «Le malentendu» និង«Les justes»ជាដើម។ នៅក្នុងប្រលោមលោក រឿង​ជន​ចម្លែក លោក​បាន​អត្ថាធិប្បាយថា ជីវិតគ្មានប្រយោជន៍អ្វីសោះ។ ដោយសាររឿងនេះ ទើប​លោក សុទ្ធ ប៉ូលីន (Editor's Note: លោក សុទ្ធ ប៉ូលីន ជាអ្នក​និពន្ធខ្មែរ) បានសរសេរបន្តទៀតនូវរឿងមួយ គឺ«ជីវិតឥតន័យ» និង​បន្ត​មក​រឿង​ផ្សេង​ទៀត ដូចជា «ចំតិតទៀតហើយ ចំតិតឥតអាសូរ» និងចុងក្រោយ រឿង​«មរណៈ​ក្នុងដួងចិត្ត (La mort dans l‘ame)»។ រឿង​ទាំងនេះ សុទ្ធតែរៀបរាប់ ពីជីវិត​ឥតន័យទាំងអស់ ។

ក្នុងជីវភាពប្រចាំថ្ងៃ លោក អាល់ប៊ែរ កាមុស បានបង្ហាញពីភាពដដែលៗ គួរអោយធុញទ្រាន់ដូចជា មនុស្ស​ទៅ​ធ្វើការ​ត្រឡប់មកវិញ រួចដើរលេង​បន្តិច​បន្តួច ក៏ដេក។ សកម្មភាពនេះ ធ្វើដដែលៗជារៀងរាល់ថ្ងៃ ដែលគួរ​ឲ្យ​ធុញ​ទ្រាន់។ សូម្បីតែម្តាយគាត់ឈឹស្លាប់ ក៏គាត់មិនទៅមើលផង ព្រោះជារឿង​អត់​ប្រយោជន៍។ គេហៅ​លោក​ថា ជាទស្សនវិទូមិនចុះសម្រុង នឹងជីវិត។ ទាក់ទងបញ្ហាសង្គមមនុស្សវិញ លោក កាមុស យល់ថា មនុស្សត្រូវ​មាន​គំនិត​បះបោរ​ប្រឆាំង នឹងអំពើយង់ឃ្នងជានិច្ច ប៉ុន្តែមិនត្រូវធ្វើអ្វី ដែលបានត្រឹមបង្កើត ភាពមិនសម​ហេតុ​ផល បន្ត​ទៀត​នោះទេ ។

ឯលោក ហ្សង់ប៉ូល សាត វិញ មានគំនិតផ្ទុយស្រឡះ ពីលោក អាល់ប៊ែរ កាមុស។ លោកត្រូវគេឲ្យឈ្មោះថា ទស្សនវិទូ​អត្ថិភាពនិយម។ លោកបានសរសេរ​រឿងល្ខោន​ជាច្រើន ដូចជា រឿង«កំអួតសង្គម (La nausee)» «ជញ្ជាំង (Le mur)» និងរឿង «មាគ៌ាទៅកាន់សេរីភាព (Le chemins de la liberté)»ជាដើម។ ចលនា​គំនិត របស់​លោក ហ្សង់ប៉ូល សាត ចេញមកអំពីប្រទេស ដែលឆ្លងកាត់សង្គ្រាម​យ៉ាងសាហាវ។ ព្រោះ​ហេតុ​នេះ​ហើយ បាន​ជា​លោក​ពិចារណា ផ្តើមចេញពីស្ថានភាពរបស់មនុស្ស ដែលរស់​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន ដែល​​លោក​ហៅ​ថា «អត្ថិភាព»។

ឯមនុស្សទូទៅ បានឲ្យឈ្មោះទស្សនវិជ្ជារបស់លោក ហ្សង់ប៉ូល សាត ថាជាទស្សនវិជ្ជា «អត្ថិភាពនិយម» ដែល​ជាទ្រឹស្តីអោយតម្លៃ លើការរស់នៅបច្ចុប្បន្ន ក្នុងឋានៈ​ជាមនុស្សបុថុជ្ជន ( l’homme en situation )។ ទស្សនៈ​នេះ ដូចគ្នានឹងរឿងទុំទាវខ្មែរដែរ គឺឲ្យតម្លៃ ទៅលើការរស់នៅប្រចាំថ្ងៃ។ ដូចយើង ឃើញ​ស្រាប់ហើយ ក្នុង​រឿង​ទុំទាវ ទោះជាទុំ និងពេជ្របួសជាព្រះសង្ឃក្តី ក៏នេនទាំងពីរ បរទេះដឹកតោកទៅលក់។ ទន្ទឹមនឹងនេះ នេនទុំ​ស្រឡាញ់​នាង​ទាវ ក្នុង​ឋានៈ​ជាមនុស្សធម្មតា អត់ប្រាថ្នាទៅ សួគ៌និព្វានអីទេ។

ទស្សនៈវិជ្ជា របស់លោក ហ្សង់ប៉ូល សាត បានជះឥទ្ធិពល ទៅដល់សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុប​មួយ​ចំនួន។ ក្រុមយុវជនទាំងនោះ គេហៅពួក ហេបភី (Happy)។ សម័យនោះគេហៅទស្សនវិជ្ជា របស់លោកថា «សាសនា​ម​នុស្សជាតិ»។ ទ្រឹស្តីរបស់លោកសង្កត់ធ្ងន់ ទៅលើការរស់នៅ​ប្រសើរ​ជាងស្លាប់ ព្រោះ​ហេតុ​នេះ​ហើយ នៅ​ពេល​គេ​ផ្តល់​​​រង្វាន់ណូបែលជូនលោក លោកបានបដិសេធ​មិនទទួលរង្វាន់នោះទេ។ លោក ហ្សង់​ប៉ូល សាត បាន​ពន្យល់​មូលហេតុ នៃការបដិសេធ​ពាន​រង្វាន់​នោះថា ​លោក​ណូបែល ជា​អ្នក​បង្កើត​​គ្រឿង​ផ្ទុះ សម្លាប់​​មនុស្ស ហើយ​មាន​បាន​​ដោយ​សារ​សម្លាប់មនុស្ស។

ចំណែកលោក អាល់ប៊ែរ កាមុស ឯណោះ បែរជាទទួលរង្វាន់ណូបែលទៅវិញ ។

យើងឃើញថា ទស្សនៈរបស់អ្នកប្រាជ្ញទាំងពីរនេះ ទោះបីខុសគ្នាក៏ដោយ ក៏សុទ្ធតែប្រឆាំង​​នឹង​អំពើ​ជិះជាន់​កេង​ប្រវញ្ច និងការចំរាញ់យកប្រយោជន៍ ពី​មនុស្ស​ដោយមនុស្សគ្នាឯង។ លោកទាំងពីរ បានពន្យល់ថា អំពើល្អក្តី​អាក្រក់​ក្តី សុទ្ធសឹងតែជាមធ្យោបាយ របស់មនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ដើម្បី​យក​ផល​ប្រយោជន៍​ ដោយ​គ្មាន​​សីលធម៌។ គេឃើញតែម្នាក់ ដើរខ្សែលើម្នាក់ទៀត។ ម្នាក់ៗ​រកមធ្យោបាយ បង្កើនទ្រព្យសម្បត្តិ ដោយ​កសាង​​​សេចក្តី​សុខ លើទុក្ខអ្នកដទៃ។

បើយើងមើល មកស្ថានភាពស្រុកខ្មែររាល់ថ្ងៃវិញ គេឃើញមាន អំពើចោរកម្មកាប់សម្លាប់ ឆក់ប្លន់តាម​គ្រប់​មធ្យោបាយ។ ឯអ្នកនយោបាយវិញ គិតតែ​រក​មធ្យោបាយ និយាយឃោសនាបោកប្រាស់ ទៅតាម​ចំណេះ​ដឹង​របស់​ខ្លួន។ គេឃើញអ្នកនយោបាយខ្លះ តាំងខ្លួនជាអ្នកចេះដឹង ខំនិយាយ​ពន្យល់​សាធារណៈជន ឲ្យគេ​ឃើញ​ថា ខ្លួនជាអ្នកចេះដឹង ដល់កំពូល។ ទន្ទឹមនឹងនេះ អ្នកនយោបាយប្រភេទនេះ ឆ្លៀតមើលងាយអ្នកដ៏ទៃ រហូត​ដល់​​មើល​​ងាយ​ពូជសាសន៍​ខ្លួនថា មិនស្មើខ្លួនទៀត(SIC)។

ជននេះមិនខុស ពីពួកសូភីស ដូចជា សេណុង អាកុង។ល។ (Editor's Note: ជាអភិជន មន្ត្រី... នៅក្នុង​សម័យ​កាល នៃចក្រភពក្រិច នៅសតវត្សន៍ទី៥ មុនគ្រឹស្ដ៍សករាជ) ដែលប្រើមធ្យោបាយ​ទុច្ចរឹត​របស់ខ្លួន ដើម្បីកំចាត់​អ្នក​​ដ៏ទៃ​ឡើយ។ ចំពោះជន ដែល​តាំង​ខ្លួន​ថាមានតែឯងនេះ លោក សូក្រាត (Editor's Note: Socrate ជាអ្នក​ប្រាជ្ញ​ក្រិច នៅក្នុងសម័យកាល នៃ​ចក្រភព​ក្រិច) បាននិយាយថា «ខ្ញុំចេះតែម្យ៉ាងគត់ គឺមិនចេះអ្វីសោះ»។ ពាក្យ​​​នេះ ធ្វើឲ្យ​ពួកសូភិស បាក់អំនួត ហើយងាកមកប្រើការជេរបញ្ចោរ ប្រទូស្តសរ៉ាយ រហូតដល់ប្រើ​ប្រព័ន្ធ​តុលាការ នា​សម័យ​នោះ ដើម្បីសម្លាប់លោក សូក្រាត។

ឆ្លងតាមពាក្យសំដី របស់អ្នកនយោបាយតាំងខ្លួនមានតែឯង គេអាចវាយតម្លៃបានថា មនុស្សនេះ គ្រាន់តែជា​មនុស្សពាលម្នាក់​ប៉ុណ្ណោះ ព្រោះពួកនេះ​ចេះតែ​ជេរ​បញ្ចោរ តាមរយៈការប្រើពាក្យអសុរស ដូចជាពាក្យ អា​ឈាម​​ឆ្កែ អាឈាមថោក។ល។ ធម្មតា មនុស្សពាល វាយកការជេរបញ្ចោរ ធ្វើជាការអប់រំមនុស្ស ដើម្បី​កែប្រែ​សង្គម។

វាពិតណាស់ហើយ មនុស្សពាលគ្មានចេះអ្វី ក្រៅពីយកអំពើហឹង្សា ជេរបញ្ចោរ មកដោះស្រាយ បញ្ហា​សង្គម​នោះ​ឡើយ។ ទន្ទឹមនឹងនេះ អ្នក​នយោបាយ​នោះ បានពន្យល់គេថា អ្នកដែលខ្លួនជេរបញ្ចោរ គឺ​សក្តិ​សម​នឹង​​ខ្លួន​​ជេរ​​បញ្ចោរ​​ហើយ។ ជា​ការ​ត្រឹមត្រូវ ចំពោះ​ការ​គិត របស់​មនុស្ស​​ប្រភេទ​នេះហើយ ព្រោះ​ចំណេះខ្លួន មាន​តែ​ប៉ុណ្ណឹង មិនអាចគិតអ្វី ឲ្យប្រសើរខ្ពង់ខ្ពស់ជាងនេះនោះទេ។ ម្យ៉ាងទៀត បើមនុស្សនេះ​យកខ្លួនឯងជាខ្នាត សម្រាប់​​វាស់​​អ្នក​ដ៏ទៃ ហើយ​ទៅ​ជេរ​អ្នកដ៏ទៃនោះ គឺជាអំពើល្ងង់ខ្លៅបំផុត ព្រោះអ្នកដ៏ទៃ ក៏គេអាចយកខ្នាត​របស់​​គេ សម្រាប់​​វាយ​តម្លៃ​មនុស្ស​ធុន​នេះបានដែរ។

លោក អាញស្តាញ (Editor's Note: ឈ្មោះពេញគឺលោក Albert Einstein) នៅក្នុង រូបវិទ្យាឌីណាមិចធៀប បាន​ពន្យល់ថា «គ្មានអ្វីមានភាពដាច់ខាតទេ» ពោលគឺអ្វីទាំងអស់ សុទ្ធតែមានលក្ខណៈធៀប (Tout est relatif) បាន​ន័យថា ធៀបនឹងផែនដី ព្រះច័ន្ទធ្វើចលនាគន្លង ជាអេលីប (រាងពងក្រពើ) តែបើ​ធៀប​នឹង​ព្រះ​អាទិត្យ ព្រះ​ចន្ទ​លែង​មាន​គន្លង​ពិត​ប្រាកដ​ទៀតហើយ។ ឯមនុស្សនេះ បើធៀបនឹងអ្នកចេះដឹង មាន​ការ​អប់រំ គាត់​គ្រាន់​តែ​ជា​​ជន​​ពាល​​ម្នាក់​ប៉ុណ្ណោះ ។

ទាក់ទងនឹងបញ្ហា និយាមគរុកោសល្យទៅវិញ គ្មានប្រទេសណា គេយកការជេរបញ្ចោរ ទៅអប់រំមនុស្សទេ ហើយ​អ្នកប្រៀនប្រដៅគេ ជាពិសេសមេបក្ស​នយោបាយ ត្រូវចេះចិត្តសាស្ត្រគរុកោសល្យ​ជាមុនសិន គឺត្រូវ​រៀន​ចិត្ត​សាស្ត្រ​របស់មនុស្ស និងគរុកោសល្យឲ្យបានត្រឹមត្រូវ។ នៅក្នុងទសវត្សឆ្នាំ ៦០ លោក ឈូក ម៉ឹងម៉ៅ ជា​គរុវិទូ​​ខ្មែរ​​ដ៏​​ល្បីល្បាញ ត្រូវគេតែងតាំងឲ្យកាន់កម្មវិធី នាទីកុមារ ដើម្បីអប់រំក្មេងអោយក្លាយ ជាមនុស្ស​មាន​អនាគត​​ល្អ។ លោក ហូ តុងហូ គរុវិទូល្បីល្បាញជាងនេះទៀត បានពោលថា៖ «កូនក្មេងខ្មែរ ពុំមែនជា​សត្វ​កណ្តុរ សម្រាប់​​ធ្វើការ​​ពិសោធន៍ទេ។ ដូច្នេះគ្រូ ត្រូវមាន​គរុកោសល្យ​ធួន​ល្មម។»។

គេសួរថា តើមេបក្សកណ្តឹងអត់ព្រួយនោះ ចេះនិយាម​ចិត្តសាស្ត្រគរុកោសល្យទេ ដែលមកតាំងខ្លួន ជាអ្នក​ប្រៀន​ប្រដៅ​គេ ហើយយក​ចំណេះ​តិចតួច​របស់​ខ្លួន និងការជេរបញ្ចោរ មកប្រៀនប្រដៅគេ ធ្វើជា​ការ​អប់រំ​មនុស្ស? តើ​និយាម​គរុកោសល្យ មានតម្រូវឲ្យមនុស្ស យកការជេរបញ្ចោរ មកអប់រំ​ឬទេ? សូម្បី​តែ​ក្នុង​​គ្រួសារ​មួយ កូ​ន​ចេះ​ជេរ ក៏​ត្រូវ​ឪពុកម្តាយហាមឃាត់ មិនឲ្យប្រើពាក្យនេះដែរ ព្រោះធ្វើឲ្យ​ក្មេងអាក្រក់។ តើគ្រួសារ​​មេ​បក្ស​កណ្តឹង​​អត់​​ព្រួយ អប់រំ​កូន​​ឲ្យ​ចេះ​ជេរ​បញ្ចោរ​អ្នកដទៃ ពេលដែលស្អប់អ្នកដទៃ ហើយសក្តិសម​នឹង​ជេរ​បញ្ចោរ​នោះ​​ឬ?

ទោះជាយ៉ាងនេះក្តី មេបក្សកណ្តឹងអត់ព្រួយ ឆ្លៀតបោកក្រុមរបស់ខ្លួន ដើម្បីលាភសក្ការៈផ្ទាល់ខ្លួន ក្រោម​លេស​ថា «ខ្លួនគិតត្រូវជាងគេ ចេះជាងគេ អស់​អញ​​ជាងគេ ដូចសមណគោត្តម ដែលអាចដោះស្រាយ បញ្ហាជាតិ​បាន»។ មនុស្សធុនមេបក្សកណ្តឹងអត់ព្រួយ នេះត្រូវលោក ហ្សង់ប៉ូល សាត បក​ស្រាយ​យ៉ាង​ច្បាស់ ក្នុង​អត្ថបទ​ល្ខោន​ឈ្មោះ «កំអួតសង្គម (La nausée)» ថា ការគិតអ្វី ដែលថាល្អនោះ គឺគ្មានអ្វី​ក្រៅពីបោក​ប្រាស់អ្នកដ៏ទៃ ដើម្បី​​បង្កើន​​ទ្រព្យ​​សម្បត្តិ​​​​ផ្ទាល់​​​ខ្លួន​ឡើយ។ ទោះជាមនុស្សនេះ ត្រូវអ្នកប្រាជ្ញចាត់ទុកជា កំអួតសង្គមក៏ដោយ ហើយ​​ដែល​មនុស្ស​ជាតិ មិនអាចទទួលយកបានក៏ដោយ តែ​មាន​ពួក​​តិរច្ឆានខ្លះ ដូចជាឆ្កែឆ្មា​ទទួលយក​បាន យ៉ាង​​ពេញ​ចិត្ត។ កំអួត ជាចំណីដ៏ឆ្ងាញ់របស់ឆ្កែ ក៏ដូចជាគំរង់សាកសព ជាចំណីដ៏​ឆ្ងាញ់ របស់សត្វត្មាត​នោះ​​ដែរ។ នេះ​​ជា​​ភាវៈ ដែល​មាន​នៅ​ក្នុង​ធម្មជាតិ ។

សរុបមក សំដី និងទស្សនៈ របស់មេបក្សកណ្តឹងអត់ព្រួយ គ្រាន់ជា​«កំអួត»​មួយ ដែលទទួលយកបាន តែ​ពី​ពពួក​​សត្វ​​ដូច​​ខាង​លើ​​នេះ​​ប៉ុណ្ណោះ៕

---------------------------
ដោយ  ហែន វិភាគ
---------------------------

(*) កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖  ទស្សនាវដ្ដីបានធ្វើការកែសម្រួល នូវឃ្លាឃ្លោងមួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើម​របស់​អត្ថបទ និងអ្វីដែលស្មេរចង់អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។

ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរជា​អត្ថបទ​ស្រាវជ្រាវ ប្រលោមលោក ល្បែងកំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើដល់ប្រយោជន៍សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរ​អត្ថបទ ឬឯកសារទាំងនោះ ដោយប្រើពុម្ពអក្សរខ្មែរយូនីកូដ (Khmer Unicode) ដាក់លើ Microsoft Word file ហើយផ្ញើរ​មកទស្សនាវដ្ដី​តាមរយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល [email protected]

ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទ ឬឯកសារទាំងនោះ ដោយក្ដីសោមនស្សរីករាយ និងធ្វើការ​ពិនិត្យ​ចុះ​ផ្សាយជាបន្តបន្ទាប់ ជាពិសេសទស្សនាវដ្ដី នឹងគោរពបំណងប្រាថ្នារបស់ប្រិយមិត្ត ប្រសិនជាប្រិយមិត្ត​មិន​ចង់​បញ្ចេញ​ឈ្មោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...