បក្ស​សង្គ្រោះ​ជាតិ​ថ្កោល​ទោស​អាជ្ញាធរ​ថៃ រឿង​បណ្ដេញ​ពលករ​ខ្មែរ

ខុសពីនយោបាយស្រទន់ របស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ ជាថ្មីម្តងទៀត បាន​ថ្កោល​ទោសធ្ងន់ធ្ងរ ទៅលើរបបយោធាថ្មីថៃ។ ជាប្រតិកម្មរបស់​គណបក្ស​ប្រឆាំង នៅ​រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤​នេះ បន្ទាប់ពីគណបក្សនេះ ធ្លាប់បានផ្ញើទៅរបបយោធាថៃរួចហើយ នូវលិខិតផ្លូវការ សុំការ​យោគ​យល់​ដល់ពលករ​ខុសច្បាប់ខ្មែរ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 20, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខុសពីនយោបាយស្រទន់ របស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ ជាថ្មីម្តងទៀត បាន​ថ្កោល​ទោសធ្ងន់ធ្ងរ ទៅលើរបបយោធាថ្មីថៃ។ ជាប្រតិកម្មរបស់​គណបក្ស​ប្រឆាំង នៅ​រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤​នេះ បន្ទាប់ពីគណបក្សនេះ ធ្លាប់បានផ្ញើទៅរបបយោធាថៃរួចហើយ នូវលិខិតផ្លូវការ សុំការ​យោគ​យល់​ដល់ពលករ​ខុសច្បាប់ខ្មែរ។


លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

សិទ្ធិពលករ - សេចក្តីថ្លែងការណ៍ ថ្កោលទោស ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ របស់គណបក្សសង្រ្គោះជាតិ បាន​សរសេរជាអាថ៌ថា៖ «ថ្កោលទោសដាច់អង្ហការចំពោះអាជ្ញាធរសៀម ដែលបង្ខំពលករខ្មែរ មានទាំងកុមារា-កុមារី ដាក់​ឡាន​ទ្រុង ដឹកយកមកចាក់ចោលតាមព្រំដែនខ្មែរ-សៀម ដូចសត្វធាតុ ដោយរំលោភសិទ្ធិមនុស្ស និងអមនុស្សធម៌​ជា​ទីបំផុត។ គណបក្សសង្រ្គោះជាតិសូមឲ្យអាជ្ញាធរសៀម គោរពសិទ្ធិមនុស្ស និងអនុវត្តដោយមានសីលធម៌​ជាមនុស្ស​ជាតិ។»

សេចក្ដីថ្លែងការណ៍ថ្កោលទោស ត្រូវបានធ្វើនៅពេលនេះ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានស្នើជាផ្លូវការ​ទៅដល់​របបយោធាថ្មី ដែលកំពុងគ្រប់គ្រងអំណាចនៅប្រទេសថៃ ថាឲ្យគួរអនុគ្រោះដល់ពលករខ្មែរ ផ្អែកលើកិច្ចសហការរវាង​ប្រទេសកម្ពុជា និងថៃ និងគោលការណ៍មនុស្សធម៌។

ក្រោមហេតុផលរក្សាចំណងការទូតល្អ និងអះអាងថាពលករខ្មែរ ជាពលករខុសច្បាប់ផងនោះ រដ្ឋាភិបាលកម្ពុជា​ត្រូវ​បានមជ្ឈដ្ឋានទូទៅវាយតម្លៃថា ប្រកាន់នូវចរិកទន់ភ្លន់ និងមានចិត្តធ្ងន់ ចំពោះការចាប់បញ្ជូនពលរដ្ឋកម្ពុជាយ៉ាងគំហុក​បែបនេះ។ យ៉ាងណាក៏ដោយលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្មីៗនេះ បានលើកឡើងថា របបយោធាថៃ គម្បី​មានការទទួខុសត្រូវ និងយោគយល់ដល់ពលករខ្មែរ បើទោះជាភាគច្រើនពលករខ្មែរដែលត្រូវបញ្ជូនមកវិញ ជាពលករ​ខុសច្បាប់ក្តី។

គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤នេះ យ៉ាងតិចបំផុតពលករខុសច្បាប់កម្ពុជា ជិតពីរសែននាក់ ត្រូវបានរបប​យោធា​ថៃចាប់បញ្ជូនត្រលប់មកប្រទេសកម្ពុជាវិញ ។ ករណីនេះ សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ នេះ បានឲ្យដឹងថាស្ថានទូតអាមេរិក ប្រចាំនៅរាជធានីភ្នំពេញប្រទេសកម្ពុជា និង​ស្ថានទូតអាមេរិកប្រចាំនៅរាជធានីបាងកកប្រទេសថៃ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ កំពុងយកចិត្តទុកដាក់ សហការ​គ្នាតាមដានបញ្ហានេះ ។

លោក ហ៊ាង ឬទ្ធី ប្រធានគណៈកម្មាធិការពង្រឹងវិស័យច្បាប់ ដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជា និងជាប្រធានអង្គការ​ស្រាវជ្រាវជាតិកម្ពុជា ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានថែ្លងថា ជាធម្មតាទេ បើទោះជា​មាន​ករណី​រំលោភសិទ្ធិមនុស្សខ្លះៗក៏ដោយ ក៏ប្រទេសថៃចាំបាច់ ត្រូវចាប់បញ្ជូនពលករបរទេសខុសច្បាប់ ចេញពីប្រទេស​របស់គេ ក្នុងនៃការពារផលប្រយោជន៍របស់ប្រទេសថៃ។

មន្ត្រីសិទ្ធិមនុស្សរូបនេះ បានលើកឡើងថា បញ្ហាសំខាន់កម្ពុជាគម្បីត្រូវចេះដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ប្រទេសខ្លួន។ លោក ហ៊ាង ឬទ្ធី បន្ថែមថា៖ «អរគុណថៃដែរ ដែលគេបានអនុវត្តច្បាប់អន្តោប្រវេសន៍ ឲ្យកម្ពុជាបានឃើញ ឲ្យ​រដ្ឋាភិបាល​កម្ពុជាបានឃើញ។ ចំពោះខ្មែរយើង ខ្មាសគេឬអត់?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...