វារីអគ្គិសនី​សេសាន​ក្រោម​២៖ ​«ត្រូវ​មាន​របាយការណ៍​ខាត ឬ​ចំណេញ»

បន្ទាប់ពីការការថ្លែង របស់ក្រោយរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ថ្លែងនៅមុខរដ្ឋសភាជាតិកម្ពុជា អាណត្តិទី៥ ជុំវិញបញ្ហា នៃការសាងសង់ ទំនប់វារីអគ្គិសនីសេសានក្រោម២ ថាមានផលចំណេញច្រើនជាងខាតនោះ មន្រ្តីសង្គមស៊ីវិលដែលសិក្សាទៅលើគម្រោងនេះ បានសម្ដែងប្រតិកម្មថា គួរតែបង្ហាញរបាយការណ៍ខាត ឬ​ចំណេញ​ជាសាធារណៈ មុននឹងចាប់ផ្តើមគម្រោង ជៀសជាងបង្កជម្លោះក្នុងពេលសាងសង់។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទំនប់សេសានក្រោម២ - លោក តឹក សុវណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ហៅកាត់ថា (NGO Furum) បានលើកឡើងថា លោកមិនអាចសន្និដ្ឋានបានទេ ពីគម្រោងសាងសង់ ទំនប់វារីអគ្គិសនី​សេសានក្រោម២ ថា ​ចំណេញ​ឬខាតនោះ។ ប៉ុន្តែក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លោកបញ្ជាក់​យ៉ាងដូច្នេះថា៖ «ដើម្បីបង្ហាញថាចំណេញឬខាត ខាងរាជរដ្ឋាភិបាល ដែលជាអ្នកអនុវត្តលើគម្រោងហ្នឹង គួរតែបង្ហាញ​ទាក់ទងនឹងរបាយការណ៍។ ទី១. គឺរបាយការណ៍វិភាគពីផលចំណេញ ឬផលខាតនៃការអភិវឌ្ឍនៃទំនប់​សេសាន​ក្រោម​២នេះ ដល់សាធារណៈជន។»

ការថ្លែងរបស់លោក តឹក សុវណ្ណារ៉ា បានធ្វើឡើងជាប្រតិកម្ម ទៅនឹងការថ្លែងរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅចំពោះអ្នកសារព័ត៌មាន នៅថ្ងៃទី១៩ ខែមិថុនា នេះថា គម្រោងអភិវឌ្ឍន៍សាងសង់​ទំនប់វារី​អគ្គិសនី សេសានក្រោម២ នៅខេត្តស្ទឹងត្រែង ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សង្គមជាតិ បើប្រៀបធៀបជាមួយផល​ប៉ះ​ពាល់ ដល់ប្រជាពលរដ្ឋនៅតំបន់នោះ។

បន្ទាប់ពីធ្វើការបកស្រាយ នៅក្នុងវេទិការសួរឆ្លើយ របស់រដ្ឋសភាជាតិនោះរួចមក លោករដ្ឋមន្ត្រីបានចេញមក​ខាង​ក្រៅ ជួបជាមួយអ្នកសារព័ត៌មាន ហើយបានថ្លែងឡើងជាអាថ៌ថា ចំពោះផលប៉ះពាល់ទៅលើប្រជាជនក្នុងតំបន់ ដែល​ជាការបង់ខាតនោះ រដ្ឋាភិបាលមានគោលការណ៍ ក្នុងការដោះស្រាយរួចរាល់ហើយ ក្នុងពេលដែលកំពុង​សាងសង់​ទំនប់នេះ។ ក្នុងដំណោះស្រាយពីបញ្ហានេះ លោកស៊ុយ សែម បានឱ្យដឹងថា ការជម្លៀសប្រជាជនទៅកន្លែងថ្មី មួយ​គ្រួសារ​នឹងទទួលបានដី៥ហិចតា ដីភូមិ១០០០ម៉ែត្រការ៉េ និងសង់ផ្ទះឱ្យមួយគ្រួសារក្នុងទំហំ៨០ម៉ែត្រ មាន​ហេដ្ឋា​រចនា​សម្ព័ន្ធល្អ មានសាលារៀន មណ្ឌលសុខភាព និងវត្តអារាម។

ប៉ុន្តែសម្រាប់មន្ត្រីសង្គមស៊ីវិល លោក តឹក សុវណ្ណារ៉ា បានអះអាងថា ចំណេញឬមួយខាត លុះត្រាតែធ្វើការ​ប្រៀប​ធៀបទាំងអស់ ទើបយើងដឹងថា  ព្រោះថា ទំនប់នេះបានបង្កឱ្យមានប៉ះពាល់ជាច្រើន ដល់ប្រជាជន១០២៥គ្រួសារ ដែលត្រូវផ្លាស់ទីលំនៅ ដីព្រៃជិតបួនម៉ឺនហិចតា ត្រូវបានកាប់បំផ្លាញ។ ម្យ៉ាងវិញធនធានត្រីនៅក្នុងទន្លេសេសាននេះ នឹងត្រូវបានកាត់ផ្តាច់រវាងសេសានក្រោម និងសេសានលើ ដែលធ្វើឱ្យប្រជាជនប្រឈមមុខ នឹងការបាត់បង់មុខរបរ។ ហើយការធ្វើដំណើររវាងប្រជាជន នៅសេសានក្រោម និងលើក៏ត្រូវកាត់ផ្តាច់ដែរ អ្វីដែលពិសេសនោះប៉ះពាល់ដល់​ជីវចម្រុះ និងប្រពៃណីទំនៀមទម្លាប់របស់ពួកគាត់ ជាជនជាតិភាគតិច។

មេដឹកនាំអង្គការសង្គមស៊ីវិល ដែលមានជំនាញក្នុងកិច្ចការនេះ បានបញ្ជាក់បន្ថែមថា មុននឹងធ្វើការអភិវឌ្ឍន៍ទៅលើ​គម្រោងនេះ គួរតែធ្វើការសិក្សាឱ្យបានច្បាស់លាស់សិន និងធ្វើការគណនាផលដែលទទួលបាន និងការខាតបង់ជា​មុន នោះទើបសម្រេចតើគួរអភិវឌ្ឃតំបន់នេះឬក៏អត់។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ដើម្បីឱ្យតម្លាភាព និងអស់​ចំងល់ពីសាធារណៈជន ទៅលើការអភិវឌ្ឍន៍វារីអគ្គីសនីនេះ រដ្ឋាភិបាលគួរបញ្ចេញរបាយការណ៍ ពីការវិភាគពីផល​ចំណេញ ឬខាតទៅឱ្យសាធារណៈជនបានដឹង បោះពុម្ភ បោះអីឱ្យគេបានដឹងមក ដូច្នេះចម្ងល់ទាំងឡាយត្រូវបាន​ដោះស្រាយហើយ។ (...) ខ្ញុំជំរុញឱ្យមានពិគ្រោះយោបល់ រវាងអាជ្ញាធរ ប្រជាជន ក្រុមហ៊ុន រាជរដ្ឋាភិបាល និង​អង្គការ​សង្គមស៊ីវិល ឱ្យមានការពិភាគ្សាដេញដោលគ្នា ឱ្យបានច្បាស់លាស់ក្នុងការអភិវឌ្ឍហ្នឹង មុននឹងគម្រោងចាប់ផ្តើម ជៀសជាងគម្រោមចាប់ផ្តើមហើយ មានជម្លោះកើតឡើង។»

គួរបញ្ជាក់ថា ទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតក្នុងចម្ងាយ២០គីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែង ហើយអាចផលិត​ថាមពលអគ្គិសនី ៤០០មេហ្គាវ៉ាត់។ ទំនប់សេសានក្រោម២នេះ វិនិយោគរួមគ្នា ដោយក្រុមហ៊ុនក្នុងស្រុករ៉ូយាល់គ្រុប និងក្រុមហ៊ុនមួយរបស់ចិន ចំណាយទំហំទឹកប្រាក់សរុប ៨៧១ដុល្លារអាមេរិក ដែលបានចុះកិច្ចព្រមព្រៀង​កាលពីខែ​វិច្ឆិកា ឆ្នាំ២០១២៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...