គម្រោងសាងសង់ ទំនប់វារីអគ្គីសនីសេសានក្រោម II និងផលប៉ះពាល់
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: January 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គម្រោងវិនិយោគវារីអគ្គីសនី សេសានក្រោម២ ដែលនឹងត្រូវចំណាយថវិការ ប្រមាណ ជាង៧៦លានដុល្លា បានធ្វើឲ្យ សង្គមស៊ីវិលមានការបារម្មណ៍ ពីការជម្លៀសប្រជាជន ចេញពីតំបន់ ដោយពុំមានការដោះស្រាយណាមួយជាក់លាក់។ នេះបើតាមការបង្ហាញ របស់វេទិកាអង្គការមិនមែនរដ្ឋាភិបាល នាថ្ងៃទី២៤ ខែមករា នៅសណ្ឋាគារ កាំបូឌីយ៉ាណា។
ផែនទីគម្រោងសាងសង់ វ៉ារីអគ្គីសនី សេសានក្រោម II
តំណាងអង្គការមិនមែនរដ្ឋាភិបាល បានជួបជុំគ្នាក្នុងរាធានីភ្នំពេញ និងធ្វើការផ្សព្វផ្សាយ ពីរបាយការណ៍ ស្រាវជ្រាវពីគម្រោងសាងសង់ ទំនប់វារីអគ្គីសនី សេសានក្រោម II ដែលផ្តល់ផលប៉ះពាល់ដល់ ការបន្លាស់ទីរបស់ប្រជាពលរដ្ឋ។ នៅក្នុងនោះ របាយការណ៍ បានបង្ហាញថា មានប្រជាពលរដ្ឋ ប្រមាណជាង ១ពាន់គ្រួសារ ដែលស្មើរ ជាង៤ពាន់នាក់ ដែល នឹងរងនូវការបន្លាស់ ទីនៃលំនៅដ្ឋាន។
នាយកប្រតិបត្តិ នៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក ឈិត សំអាត បញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើន មានមុខរបរធំ ជាកសិករ និងមុខរបរបន្ទាប់បន្សំ ដូចជាចិញ្ចឹមសត្វ នេរសាទ ដាំបន្លែជាដើម។ ប្រជាពលរដ្ឋជាង៨០% នៃតំបន់នេះ អាចទទួលបាន ប្រាក់ចំណូលជាមធ្យម ក្នុងមួយឆ្នាំ ច្រើនជាង២លានរៀល។ លោកបានបញ្ចាក់ថា តាមការស្រាវជ្រាវ ប្រជាពលរដ្ឋប្រមាណជាង ៣០០គ្រួសារ មិនចង់បាន ការអភិវឌ្ឍន៍ នៅតំបន់នោះទេ។ តែថាបើទាំងនេះ ជាតម្រូវការរបស់រដ្ឋាភិបាល ក្នុងការអភីវឌ្ឍន៍នោះ ក៏ពួកគាត់មិនជំទាស់ដែរ។ គាត់ថាធ្វើយ៉ាងណា ឲ្យមានសំណងត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។ លោកក៏បានបង្ហាញពី ផលប៉ះពាល់ផ្សេងទៀតថា ផ្ទៃដីជិត ៣ម៉ឺនហិកតារនឹងត្រូវលិច ដែលក្នុងនោះ ដីកសិកម្ម មានទំហំ២៤% និងប៉ះពាល់ដល់ជីវចម្រុះដូច ជាសត្វព្រៃជាដើម។ លោកចោទសួរថា «តើប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ ពីការជម្លៀសចេញ ក្រោមកិច្ចអភិវឌ្ឍន៍នេះ នឹងមានភាពប្រសើរជាងមុនឬទេ? ជាពិសេស តើនឹងមានផ្តល់ជាដីសម្រាប់កសិកម្ម កន្លែងនេសាទ សាលារៀន មន្ទីរពេទ្យ និងហេដ្ឋរចនាសម្ពន្ធ័ដូចមុនឬទេ?»
ក្នុងកិច្ចប្រជុំជាមួយ តំណាងក្រុមហ៊ុនចិន ដែលទទួលគម្រោងកសាងទំនប់វារីអគ្គីសនីខាងលើ កាលពីថ្ងៃទី២៣ ខែមករា លោក ឡូយ សុផាត អភិបាលខេត្តស្ទឹងត្រែងបានលើកឡើងថា វិធានការបន្ត ត្រូវដោះស្រាយតាមសំណូមពររបស់ប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស។ «យើងត្រូវតែសិក្សាឲ្យហើយ គម្រោងដែលនឹង ធ្វើផ្លូវនេះ(...) ក្រោយពីធ្វើផ្លូវហើយ បានយើងដឹងថា ត្រូវចែកគាត់ឲ្យនៅផ្លូវណា នេះជាចំណុច សំខាន់ណាស់ » លោកបញ្ជាក់បន្ថែម។
តំណាងប្រជាពលរដ្ឋ លោក កែវ មីប ជនជាតិភ្នង បង្ហាញពីក្តីព្រួយបារម្មណ៍ថា មកទល់ នឹងពេលនេះពួកគាត់មិនទាន់ទទួលបាន នូវក្រដាសស្នាមអ្វីជាផ្លូវការ ពីអាជ្ញាធរ និងមិនបានដឹងពីតំបន់ដែលត្រូវជម្លាស ពិតប្រាកដនោះទេ។ លោកបន្តថា ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរថា ការជម្លាសទៅនៅតំបន់ថ្មីនេះ សូមឲ្យមានការរៀបចំ ឈូសឆាយ ឲ្យបានល្អ ដូចកន្លែងចាស់ ដើម្បីងាយស្រួលធ្វើកសិកម្ម និងដាំដំណាំ ជីកស្រះ (...) សម្រាប់ពួកគាត់ចិញ្ចឹមជីវិត។
ចំណែក តំណាងមួយរូប នៃក្រុមហ៊ុនឆាយហ្វ័រណេ របស់ប្រទេសចិន បានសន្យាថា នឹងខិតខំសហការណ៍ ជាមួយក្រុមការងារថ្នាក់ខេត្ត ដើម្បីរៀបចំឲ្យប្រជាពលរដ្ឋ ដែលធ្វើការផ្លាស់ប្តូរ ទីលំនៅទៅកន្លែងថ្មី ឲ្យបានឆាប់ សំដៅធ្វើឲ្យគម្រោងសាងសាង់ វារីអគ្គីសនីសេសានក្រោមII នេះមានដំណើរការ ទៅបានដោយរលូន តាមគំរោងវិនិយោគ។ តំណាងខាងលើ អះអាងថា ថវិការដែលត្រូវចំណាយ លើផលប៉ះពាល់មាន ជាង ៩លានដុល្លាអាមេរិក។
សូមបញ្ជាក់ថា តាមសេចក្តីប្រកាសកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២ បានលើកឡើងថា រដ្ឋាភិបាលកំពុងរៀបចំកំណត់ទីតាំង និងវាស់វែងដីធ្លី ទុកចែកជូនដល់ប្រជាពលរដ្ឋ ដែលរងការប៉ះពាល់ ក្នុងមួយគ្រួសារទទួលបានដី៥ហិកតារ ដើម្បីឲ្យក្រុមហ៊ុន អាចជួយធ្វើការឈូសឆាយ ជូនសម្រាប់បង្កបង្កើនផល។ វារីអគ្គិសនី សេសានក្រោម II នឹងមានថាមពលអគ្គីសនីជាង៤០០មេហ្គាវ៉ាត់ ស្ថិតក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ វារីអគ្គិសនីនេះធ្វើឡើង ក្នុងការវិនិយោគ តាមរូបភាព BOT (សាងសង់ ដំណើរការ និងផ្ទេរ) ក្នុងរយៈពេល ៤៥ឆ្នាំ ដែលក្នុងនោះ រយៈពេល ៥ឆ្នាំ សម្រាប់ធ្វើការសាងសង់ និងរយៈពេល ៤០ ឆ្នាំធ្វើអាជីវកម្ម។
បើទោះជាយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិល បានទទួលស្គាល់ថា គំនិតផ្ដួចផ្ដើមរបស់ រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ នឹងស្វែងរកអត្ថប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែធ្វើយ៉ាងណា កាត់បន្ថយនូវបញ្ហាប្រឈម និងការអនុវត្តដោយសន្តិវិធី អហិង្សា យុត្តិធម៌ និងមានតម្លាភាព៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៥ មករា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ