អង់គ្លេសនឹងចេញពីសហគមអ៊ឺរ៉ុប បើធ្វើប្រជាមតិថ្ងៃនេះ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: January 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បណ្ដាជនអង់គ្លេស នឹងជ្រើសរើស «ការចាកចេញ»ពីសហគមអ៊ឺរ៉ុប បើប្រជាមតិសន្យាដោយនាយករដ្ឋមន្ត្រីខ្លួន ត្រូវគេរៀបចំធ្វើនៅថ្ងៃនេះ។ នេះជាការអោយដឹង ក្នុងលទ្ធផលនៃការស្ទង់មតិ កាលពីសុក្រនេះ ដោយទស្សនាវដ្ដី «ឌឺថែម៍ (The Times)»។
នាយករដ្ឋមន្ត្រីអង់គ្លេស លោកដាវិដ កាមើរូន។ DENIS BALIBOUSE, Reuters/Scanpix
បន្ទាប់ពីការប្រកាសរបស់នាយករដ្ឋមន្ត្រីអង់គ្លេស នៅថ្ងៃពុធទី២៣ខែមករាកន្លងមក ថានឹងរៀបចំធ្វើប្រជាមតិ នៅចុងឆ្នាំ២០១៧ ដើម្បីសម្រេចពីវាសនារបស់ប្រទេសអង់គ្លេស នៅក្នុងសហគមអ៊ឺរ៉ុបនោះ តាមការលទ្ធផល នៃការស្ទង់មតិជាលើកដំបូងមួយ បានអោយដឹងថា បណ្ដាជននៅក្នុងប្រទេសនេះ ចំនួន៤០% សម្រេចចិត្តថានឹងចាកចេញ ទល់នឹង៣៧% យល់ថាត្រូវនៅក្នុង សហគមនេះជាបន្តទៅទៀត។
ចំណែកការស្ទង់មតិ របស់វិទ្យាស្ថានប៉ូភូលូស (Populus) សម្រាប់ទស្សនាវដ្ដីថែម៍ បានបញ្ចេញលទ្ធផលថា បណ្ដាជនរហូតដល់ទៅ៥៣% យល់ថាគួរតែចេញពីអ៊ឺរ៉ូ ទល់នឹង៤៧%ដែលថា ត្រូវនៅក្នុងសហគមតទៅទៀត។
លោកដាវិដ កាមើរូន (David Cameron) បានសន្យានៅក្រោមសម្ពាធ នៃពួកអ្នកមិនចូលចិត្តអ៊ឺរ៉ុប ថានឹងរៀបចំបោះឆ្នោតប្រជាមតិមួយ នៅដាច់ឆ្នាំ២០១៧ ដើម្បីសម្រេចពីបញ្ហានេះ ប៉ុន្តែនៅក្រោមលក្ខខ័ណ្ឌ បើសិនជារូបលោកនឹងត្រូវជាប់ឆ្នោតជានាយករដ្ឋមន្ត្រីឡើងវិញ។
លោកបានថ្លែងនៅទីក្រុងឡុងដ៍ ក្នុងឱកាសនោះថា «កំហុសក្នុងការធ្វើកំណែទម្រង់ គ្រោះថ្នាក់គឺថា អ៊ឺរ៉ុបបានបរាជ័យ ឯអង់គ្លេសត្រូវដើរទៅរកច្រកចេញ។ (...) បើយើងចេញពីសហគមអ៊ឺរ៉ុប វានឹងជាការចេញរហូតមួយ មិនត្រឡប់វិញទេ។»
ការស្ទង់មតិខាងលើ ដែលបានធ្វើឡើងក្នុងថ្ងៃព្រហស្បត្តិ៍ ជាមួយនឹងបណ្ដាជនអង់គ្លេសចំនួន ២០០០នាក់ បានប្រាប់អោយដឹងដែរថា មនុស្សជាច្រើននាក់បានប្រកាន់ខ្ជាប់ នូវយោបល់របស់ខ្លួនរួចហើយ។
តែនៅមួយថ្ងៃក្រោយ លោកនាយករដ្ឋមន្ត្រី បានត្រឡប់មកប្រឹងប្រែង ធានាអះអាងអ្នកទទួលខុសត្រូវនយោបាយ និងអ្នកជំនួញ នៅដាវ៉ូស (Davos ប្រទេសស្វីស) ក្នុងថ្ងៃព្រហស្បត្តិ័ ស្ដីពីអនាគតដ៏ចម្រូងចម្រាស់ របស់ប្រទេសលោក នៅក្នុងសហគមអ៊ឺរ៉ុបឡើងវិញ។ នៅចំពោះមុខមនុស្សជាច្រើន ដែលបានលាក់នូវទុក្ខកង្វល់របស់ខ្លួនោះ លោកកាមើរូន ប្រកាសថា «មិនមែនជាការបែកខ្នងរកសហគមអ៊ឺរ៉ុបទេ តែផ្ទុយមកវិញ ទាំងស្រុង។ វាគួរដឹងថា តើធ្វើយ៉ាងដូចម្ដេច ដើម្បីជួយអោយអ៊ឺរ៉ុបមានភាពប្រលងប្រណាំង បើកទូលាយ ប្រែប្រួលផ្លាស់ប្ដូរ និងធានាថាប្រទេសអង់គ្លេស មានសម្លេងមួយនៅក្នុងនោះ៕»
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ