នាយករដ្ឋមន្ត្រីអង់គ្លេស កាមើរូន អត់ដឹងនំប៉័ងមួយថ្លៃប៉ុន្មានទេ!
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: October 04, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បានអីនឹងដឹង បើលោកមិនដែលចេញ ទៅទិញនំប៉័ងនៅខាងក្រៅ ឬនៅក្នុងហាងផងនោះ។ លោកនាយករដ្ឋមន្ត្រីបានថ្លែងអះអាងថា លោកមានម៉ាស៊ីនសម្រាប់ធ្វើនំប៉័នមួយ នៅផ្ទះលោក ដែលធ្វើឲ្យលោកមិនបានស្គាល់តម្លៃនំប៉័ងនៅខាងក្រៅ។
នំប៉័ង ដឺមី ដែលបណ្ដាជន នៅទ្វីបអ៊ឺរ៉ុប តែងតែទទួលទានជាប្រចាំ។ (រូបថត MONOROOM.info)
ទីក្រុងប៉ារីស - នាយករដ្ឋមន្ត្រីអង់គ្លេស លោកដេវីដ កាមើរូន មិនស្គាល់តម្លៃនំប៉័ងដែលដាក់លក់នៅខាងក្រៅ ឬនៅតាមហាងលក់នំប៉័ងទេ។ តែផ្ទុយទៅវិញ លោកបានបង្ហាញពីមូលហេតុយ៉ាងពិសេសមួយ ដើម្បីកុំឲ្យអ្នកផងរិះគន់ ឬសើចពេបជ្រាយដាក់លោក។
ឆ្លើយទៅនឹងសំនួររបស់វិទ្យុសម្លេងមួយ ពីទីក្រុងមែនឆេស្ទឺ (Manchester) ដែលមានកិច្ចប្រជុំធំមួយ នៃគណបក្សរបស់លោក លោកបានថ្លែងថា លោកមិនដែលទិញនំប៉័ងដែលធ្លាប់ឃើញមានលក់នៅតាមហាងនំប៉័ង ឬនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មនោះទេ ដោយសារតែលោកមានម៉ាស៊ីនដើរដោយចរន្ដអគ្គិសនីមួយ នៅផ្ទះរបស់លោក ហើយលោកនិយាយថា លោកគ្រាន់តែដាក់ម្សៅនំប៉័ង ផលិតនៅផ្នែកខាងត្បូងនៃប្រទេសអង់គ្លេស ចូលទៅក្នុងនោះវាជាការស្រេច។
លោកនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា «លោកអ្នកអាចដាក់ម្សៅនំប៉័ង ដែលផលិតរួចជាស្រេច នៅក្នុងតំបន់កូតស្វ័ដ (Cotswolds) ទៅក្នុងម៉ាស៊ីនធ្វើនំប៉័ង។ លោកអ្នកអាចកំណត់នាទីចំអិនរបស់វា នៅពេលយប់ ហើយនៅពេលដែលលោកអ្នកភ្ញាក់ពីដំណេកឡើង លោកអ្នកនឹងមានអារម្មណ៍យ៉ាងល្អ ជាមួយនឹងក្លិនយ៉ាងឈ្ងុយនៃនំប៉័ង ហោះចេញពីផ្ទះបាយរបស់លោកអ្នក។» លោកនិយាយថ្លែងនៅតាមវិទ្យុ LBC ទៀតថា លោកត្រូវការតែ៣០វិនាទីប៉ុណ្ណោះ ដើម្បីដាក់គ្រឿងផ្សំធ្វើនំប៉័ងទាំងអស់ ជាពិសេសទៅទៀត «កូនទាំងបីរបស់ខ្ញុំ ចូលចិត្តនំប៉័ងដែលខ្ញុំធ្វើនៅផ្ទះ»។
តែទោះជាយ៉ាងណាក៏ដោយ ក៏អ្នកកាន់កម្មវិធីវិទ្យុ បានបញ្ជាក់ថា ថ្លៃនំប៉័ងមួយកញ្ចប់នៅទីផ្សារមានតម្លៃប្រមាណជា ០,៥៦អ៊ឺរ៉ូ (ឬ០,៧០ដុល្លា)។ សម្រាប់ប្រជាជនដែលរស់នៅបណ្ដាប្រទេសអ៊ឺរ៉ុប ការទទួលទាននំប៉័ង ឬទឹកដោះគោ ដែលជាអាហារប្រចាំថ្ងៃរបស់ពួកគេ ជារឿងធម្មតាមួយ ដែលគ្រប់គ្នាតាំងពីតូចរហូតដល់មនុស្សចាស់ នរណាៗក៏ត្រូវតែទៅឈរទិញនំប៉័ង ឬទឹកដោះគោនៅតាមហាង ឬនៅតាមផ្សារដែរ។ ដូច្នេះកម្រនឹងនរណាម្នាក់ មិនដឹងពីតម្លៃរបស់អាហាររបស់ពួកគេ ដែលគេទទួលទាន់សឹងតែរាល់ពេលនោះណាស់។
មន្ត្រីជានខ្ពស់មួយរូប លោក ម៉ៃឃើល ដូហ្គើរ (Michael Dugher) ពីខាងគណបក្សពលករ ដែលជាគណបក្សប្រឆាំងនៅអង់គ្លេស បានវាយតម្លៃថា ទង្វើរបស់នាយករដ្ឋមន្ត្រី កាមើរូន បានដាច់ចេញឆ្ងាយពី«ការពិត»។ លោក ដូហ្គើរ បានអះអាងបន្ថែមថា «ការភ្ញាក់ផ្អើលតែមួយគត់ បានកើតឡើងនៅពេលដែលលោក កាមើរូន និយាយថា គាត់មានម៉ាស៊ីននំប៉័ងមួយនៅផ្ទះ។ មនុស្សជាច្រើនបានគិតថា គាត់ប្រហែលជាមានហាងនំប៉័ងផ្ទាល់ខ្លួន តែមិនមែនជាម៉ាស៊ីនមួយនោះទេ។»
ប៉ុន្តែមិនមែនមានតែលោកនាយករដ្ឋមន្ត្រីម្នាក់ប៉ុណ្ណោះទេ ដែលមិនស្គាល់តម្លៃអាហារប្រចាំថ្ងៃដាក់លក់នៅឯទីផ្សារ។ កាលពីពេលថ្មីៗនេះ ចៅហ្វាយក្រុងឡុងដ៍មកពីគណបក្សប្រឆាំងដដែល លោក ប៉ូរីស ចនសុន (Boris Johnson) ក៏បានទទួលស្គាល់ដែរ ថាលោកមិនបានដឹងពីតម្លៃទឹកដោះគោ កន្លះលីត្រថ្លៃប៉ុន្មាននោះទេ។ នៅពេលនោះតម្លៃដែលលោក ចនសុន បានលើកឡើង ខុសពីតម្លៃដែលមានពិតនៅទីផ្សារ ហើយលោកបានឆ្លើយថា «ត្រឹមត្រូវហើយ ខ្ញុំមិនស្គាល់តម្លៃទឹកដោះគោទេ។ តែមានទាស់ខុសអ្វីទេ ?»
ខាងក្រោមនេះ ជាវីដេអូ ស្ដីពីកិច្ចសម្ភាសរបស់លោក កាមើរ៉ូន នៅតាមវិទ្យុ៖
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ