ហេតុផលទាំង២៤ ដែលចាំបាច់ត្រូវក្លាយជាគ្រូបង្រៀន
ប្រសិនជាអ្នកមិនដឹងថា តួនាទីរបស់អ្នកដែលត្រូវក្លាយជាគ្រូបង្រៀន មានលក្ខណៈរបៀបណាទេ អ្នកនឹងមិនអាចប្រកបវិជ្ជាជីវះរបស់ខ្លួនដោយល្អប្រសើរបានឡើយ ទោះសម្រាប់ថ្ងៃនេះឬទៅអនាគតក៏ដោយ។ ជាពិសេសកូនសិស្សទាំងឡាយ មករៀនពីអ្នក ភាគច្រើនណាស់ដែលគ្រាន់តែចាំមើលគំរូពីអ្នកតែប៉ុណ្ណោះ។ តើអ្នកដឹងថា ដើម្បីក្លាយជាគ្រូបង្រៀន តើត្រូវបំពេញនូវលក្ខខ័ណ្ឌអ្វីខ្លះ និងយ៉ាងដូចម្ដេចឬទេ?
គ្រូបង្រៀន កំពុងបង្ហាត់របៀបគិតលេខទៅកូនសិស្ស។ (រូបថត unesco.org)
រាជធានីភ្នំពេញ (ផ្សាយឡើងវិញ) - ការបង្រៀន គឺជាតម្រូវការដ៏ពិសេសមួយរបស់មនុស្ស។ ប៉ុន្តែវាមិនមែនជាមុខរបរ ដែលសក្តិសមចំពោះមនុស្សគ្រប់គ្នាឡើយ។ ជាក់ស្តែងមានគ្រូបង្រៀនថ្មីៗជាច្រើន បានសម្រេចលាឈប់ពីការងារបង្រៀនរបស់ខ្លួនក្រោយរយៈពេល ២ ទៅ ៣ ឆ្នាំ ដំបូងនៃការបង្រៀនរបស់ខ្លួនតែប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក៏ដោយ ការបង្រៀនក៏ត្រូវបានគេមើលឃើញ ពីផល តបស្នងជាច្រើនត្រលប់មកវិញដែរ នៅក្នុងពេលដំណាលគ្នានៃការប្រកបអាជីពជាគ្រូបង្រៀននេះ។ ក្មេងៗ និងមនុស្ស ទាំងអស់ នៅលើពិភពលោកមិនថាតែសិស្សសាលារដ្ឋ ឬឯកជនឡើយ តែងពឹងផ្អែកជាសំខាន់ទៅលើ អ្នកដែលមាននាទី ជាគ្រូបង្រៀន និង បណ្ណារក្ខ ។
ហេតុផល ឬផលប្រយោជន៍នៃការប្រកបអាជីពជាគ្រូបង្រៀន មានដូចខាងក្រោម ៖
១. ដើម្បីជួយផ្តួចផ្តើម ឬបណ្តុះពន្លកនៃការចេះដឹងរបស់ក្មេងៗ។
២. ដើម្បីអនុវត្តនូវគុណធម៌ដ៏មានតម្លៃបំផុតបីយ៉ាងនៅក្នុងជីវិតរបស់ពួកគេ រួមមានដូចជា សន្តានចិត្តល្អ ភាពអត់ធ្មត់ និង ការយល់ដឹង ។
៣. ដើម្បីទទួលនូវបទពិសោធន៍នៃភាពរីករាយដែលកើតចេញពីការឃើញក្មេងៗ រៀនអាន សរសេរ និងធ្វើកិច្ចការ ដែលគ្រូបានដាក់ឲ្យ ដូចជា គណិតវិទ្យា តែងសេចក្តី និពន្ធរឿង តែងកំណាព្យ ឬចម្រៀងជាដើម ព្រមទាំងការ តម្រែ តម្រង់ ពួកគេឲ្យស្ថិតនៅលើគន្លងមួយឆ្ពោះទៅកាន់ភាពជោគជ័យទាំងការសិក្សា និង ទាំងឆាកជីវិតរបស់ពួកគេ។
៤. ដើម្បីចែករំលែក នូវសេចក្តីស្រលាញ់របស់អ្នក លើការសិក្សាពីចិត្តសាស្រ្តរបស់ក្មេងៗ និង ជួយសិស្សានុសិស្ស ឲ្យរកឃើញនូវសក្តានុពលរបស់ពួកគេ ។
៥. ដើម្បីបានមើលឃើញពីពិភពលោកថ្មីមួយដែលកើតចេញពីការយល់ដឹងរបស់ក្មេងៗ ឬដើម្បីបានរៀននូវអ្វីដែលថ្មី ត្រលប់មកវិញ៖ នៅពេលបង្រៀន ព្រមទាំងបានរៀនអ្វីមួយមកវិញពីពួកគេទាំងនោះ។ ការបង្រៀនអ្នកដទៃ គឺធ្វើឲ្យ លោកអ្នក មានឱកាសបានរៀនសូត្រលើប្រធានបទថ្មីៗ បានយ៉ាងប្រសើរជាង កិច្ចការងារផ្សេងទៀត។ នៅពេលដែល លោកអ្នកកំពុងតែធ្វើការងារណាមួយ ហើយបន្ទាប់មកលោកអ្នកមានឱកាសបង្ហាត់បង្រៀនអ្នកដទៃ គឺមានន័យថា លោកអ្នកនឹងបានយល់កាន់តែច្បាស់ ពីកិច្ចការទាំងនោះ។ បើលោកអ្នកចង់ច្បាស់លាស់ នូវមុខវិជ្ជាដែលលោកអ្នក នឹងត្រូវរៀននៅថ្នាក់បណ្ឌិត លោកអ្នកគួរតែចំណាយពេលប្រឡូកនឹងការងារទាំងនោះ ឲ្យបានមុនយ៉ាងតិច៣ឆ្នាំ ទើបជាការប្រសើរ ។
៦. ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ ទៅកាន់ភាពប្រសើរថ្លៃថ្លា ដូចៗគ្នា ក្នុងមួយឆាកជីវិតរបស់ក្មេងៗ ដូចដែលលោកគ្រូ អ្នកគ្រូ របស់លោកអ្នកធ្លាប់បានផ្តល់ ចំពោះលោកអ្នកកាលពីមុនមក ។
៧. ដើម្បីឲ្យជីវិតកាន់តែមានការអភិវឌ្ឍជាងមុន៖ ការបង្រៀន មិនត្រឹមតែធ្វើឲ្យលោកអ្នក មានការអភិវឌ្ឍ នៅថ្ងៃនេះ ប៉ុណ្ណោះទេ តែវាក៏មានសារប្រយោជន៍ខ្លាំងក្លាណាស់ដែរ សម្រាប់ការអភិវឌ្ឍនាពេលអនាគត។
៨. ដើម្បីជួយឲ្យក្មេងៗ យល់ដឹងពីវិសាលភាពនៃវប្បធម៌ និងតម្លៃនានាដែលធ្វើឲ្យប្រទេសយើង មានសភាព កាន់តែ រឹងមាំ និងមោទនភាពជាងមុន ។
៩. ដើម្បីបានបម្រើក្មេងៗ មនុស្សនៅក្នុង សហគមន៍ ប្រទេសជាតិ និង ពិភពលោករបស់លោកអ្នក ។
១០. ដើម្បីកែប្រែសេចក្តីស្រលាញ់ នៃការរៀនសូត្ររបស់លោកអ្នក ទៅជាសេចក្តីស្រលាញ់ខាងការបង្រៀន ឬការចែកចាយចំណេះ ទៅវិញ ។
១១. ដើម្បីបានចែករំលែកនូវចំណង់ ឬសេចក្តីប៉ងប្រាថ្នារបស់លោកអ្នក ។ ប្រសិនបើលោកអ្នកមានចំណូលចិត្ត ចង់ឃើញក្មេងៗធំឡើង ជាមួយនឹងការចេះដឹង លោកអ្នកត្រូវតែធ្វើខ្លួនលោកអ្នក ឲ្យក្លាយទៅជាគ្រូបង្រៀនដ៏ល្អម្នាក់ នៅក្នុងថ្នាក់រៀន សហគមន៍ ឬក៏នៅក្នុងពិភពលោករបស់លោកអ្នក ។
១២. ជួយបង្កើនឲ្យសិស្សានុសិស្សកាន់តែមានសក្តានុពលខ្លាំងឡើង៖ បើទោះណាជាសិស្សានុសិស្ស មិនបានទទួល ភាពជោគជ័យ នៅក្នុងការសិក្សារបស់ខ្លួនទាំងអស់គ្នាក៏ដោយ ក៏គ្រូបង្រៀននៅតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជម្រុញឲ្យសិស្សានុសិស្ស កាន់តែមានសក្តានុពលខ្លាំងឡើង ជាងមុនជាលំដាប់ មិនថាតែ ចំណេះដឹង ការលត់ដំ អត្តចរិត សីលធម៌ ទេពកោសល្យ ឬគំនិតបង្កើតថ្មី...។ល។ ព្រោះថា សិស្សខ្លះបានទទួលជោគជ័យក្នុងជីវិត នៅកំឡុងពេលដែលកំពុងរៀនសូត្រជាមួយគ្រូ ឯសិស្សខ្លះទៀត មានភាពជោគជ័យនៅក្រោយ ពេលចេញពី សាលារៀន ឬចាកចេញពីគ្រូទៅ ដែលទ្រព្យវិជ្ជា និង ចរិយាសម្បត្តិ ទាំងប៉ុន្មានសុទ្ធតែគ្រូបង្រៀន បានផ្តល់ឲ្យ ទាំងអស់ នៅពេលដែលពួកគេកំពុងសិក្សានៅឡើយ ។
១៣. ដើម្បីជួយឲ្យសិស្សានុសិស្សឆាប់ទទួលបាននូវជ័យជំនះក្នុងជីវិត៖ ស្រដឿងគ្នានឹងលក្ខណៈខាងលើនេះដែរ ភាព ជោគជ័យរបស់សិស្ស គឺកាតាលីករដែលជួយជម្រុញឲ្យលោកគ្រូអ្នកគ្រូ នៅតែមានចិត្តចង់បន្តការបង្រៀនរបស់ពួកគាត់។ សិស្សានុសិស្សដែលមិនសូវមានការយល់ដឹងពីគំនិត បញ្ញាតិ្តនេះ ពួកគេត្រូវតែរៀនសិក្សាវាដោយខ្លួនឯង ព្រោះថា វាជាមធ្យោបាយក្នុងការជួយពន្លឿន ការយល់ដឹងរបស់ពួកគេ។ ហើយនៅពេល ដែល សិស្សានុសិស្ស ឬមនុស្សណាម្នាក់ស្ថិតក្នុងជំពូកមនុស្សដែលពិបាកអប់រំ (មិនអាចបង្រៀនបាន) រឿងនេះនឹងធ្វើឲ្យ លោកគ្រូអ្នកគ្រូ មានការឈឺក្បាលក្នុងការបង្រៀនមិនខាន ។
១៤. ដើម្បីទទួលបាននូវសំណើចជាប្រចាំ និងនៅតែក្មេងវ័យ៖ ការបង្រៀនសិស្ស គឺអាចធ្វើឲ្យលោកអ្នក មានឱកាស នឹងទទួលបាននូវសំណើចជាច្រើន ចេញពីការងារបង្រៀនប្រចាំ ថ្ងៃរបស់លោកអ្នក។ ពេលខ្លះលោកអ្នកអស់សំណើច ដោយខ្លួនឯងចំពោះទង្វើរខុសឆ្គង ដោយអចេតនាណាមួយ របស់លោកអ្នកក្នុងការបង្រៀន។ ពេលខ្លះ សិស្សានុសិស្សរបស់លោកអ្នក បានចែករំលែកសំណើចជាមួយលោកអ្នក។ ជួនកាលលោកអ្នក ឬក៏សិស្សានុសិស្ស និយាយស្តី ឬចេញកាយវិកាអ្វីមួយបែបជាកំប្លុកកំប្លែង គួរឲ្យចង់សើចទាំងអស់គ្នាដោយមិនដឹងខ្លួន ។ ក្នុងនាមលោកអ្នក ជាគ្រូបង្រៀន សូមស្វែងរកឲ្យឃើញពីភាពកំប្លុកកំប្លែងទាំងនោះ ដើម្បីជីវិតស្រស់ថ្លារបស់លោកអ្នក ។
១៥. ដើម្បីទទួលបាននូវការឈប់សម្រាកជាក់លាក់មួយ៖ ការងារបង្រៀន គឺលោកអ្នកតែងតែ បានទទួលការឈប់ សម្រាកជាទៀងទាត់រៀងរាល់ឆ្នាំ។ ពេលបុណ្យជាតិនិងអន្តរជាតិម្តងៗ លោកអ្នកនឹងមានពេល ឈប់សម្រាក ឬរៀបចំដំណើរកម្សាន្តជាមួយនឹងគ្រួសារ ។
១៦. ដើម្បីទទួលការគោរពពីមនុស្សនៅក្នុងសហគមន៍៖ ការងារជាគ្រូបង្រៀន តែងតែទទួលបាន ការគោរពសរសើរ យ៉ាងច្រើនពីមនុស្សគ្រប់គ្នានៅក្នុងសហគមន៍ ជាពិសេសសិស្សានុសិស្ស ដែលលោកអ្នកធ្លាប់បានបង្រៀនតែម្តង។ សិស្ស ល្អគឺ ពួកគេមិនដែលរមិលគុណចំពោះលោកគ្រូអ្នកគ្រូរបស់ខ្លួនឡើយ ។
១៧. ដើម្បីមានឱកាសនៅជិតឯកសារ និងការអប់រំ៖ លោកអ្នកដែលស្រលាញ់ការអប់រំ ការអាន ឬការស្រាវជ្រាវ ឯកសារ អ្វីដែលសក្តិសមបំផុតសម្រាប់លោកអ្នក គឺ ការងារគ្រូបង្រៀន ។ លោកអ្នកនឹងមានឱកាស អាន ស្រាវជ្រាវ ចងក្រង ឬតែងនិពន្ធឯកសារដោយខ្លួនឯង មានឱកាសបានទទួលការបណ្តុះបណ្តាលបន្ថែម ពីសាលាលើការងារ ដែលកំពុងធ្វើ និង អាជីពថ្មីៗដែលជាប់ពាក់ព័ន្ធផ្សេងទៀត ។
១៨. ដើម្បីមានឱកាសតាមដាននៅជាមួយកូនៗរបស់លោកអ្នក៖ ការធ្វើជាគ្រូបង្រៀន គឺលោកអ្នកមានឱកាសច្រើន នៅជិតកូនៗរបស់លោកអ្នក ។ លោកអ្នកមានសមត្ថភាព តាមដានការសិក្សារបស់កូនៗ ហើយក៏អាចមានឱកាស បង្ហាត់បង្រៀនកូនឲ្យរៀនបានពូកែជាងអ្នកដទៃផងដែរ។
១៩. ដើម្បីបានធ្វើការនៅក្នុងម្លប់ប្រកបដោយផាសុកភាព៖ ការងារគ្រូបង្រៀនភាគច្រើន គឺស្ថិតនៅក្នុងម្លប់ និងស្ថិតក្នុងទីកន្លែងមួយដែលមានផាសុកភាពល្អ ។ លោកគ្រូអ្នកគ្រូច្រើនតែមានឱកាស ស្លៀកពាក់បានសមរម្យប្រកបដោយ
អនាម័យ និងគោរពតាមឯកសណ្ឋានសាលាដើម្បីធ្វើជាគំរូល្អដល់សិស្ស ។
២០. ដើម្បីទទួលបានស្ថិរភាពការងារ៖ ការងារជាគ្រូបង្រៀន គឺជាមុខរបរមួយប្រភេទដែលសង្គមត្រូវចាំបាច់ជាប្រចាំ ព្រោះថាមនុស្សចាប់កំនើតឡើងជារៀងរាល់ថ្ងៃ ពួកគេត្រូវការរៀនសូត្រ និងចង់ទទួលបានការអភិវឌ្ឍ ជាប្រចាំតាមរយៈការអប់រំមួយប្រភេទនេះ។ និយោជកតែងតែចង់បាន លោកគ្រូអ្នកគ្រូទាំងឡាយណា ដែលមានបទ ពិសោធន៍ ច្រើននៅក្នុងការបង្រៀន។ ពួកគេក៏តែងតែផ្តល់ឱកាសផងដែរ ដល់អ្នកចាប់អាជីពជាគ្រូបង្រៀនក្នុងជំនាន់ ថ្មី។
២១. ជាជំហានទីមួយ នៅក្នុងការចាប់អាជីពសំខាន់ៗទាំងឡាយក្នុងសង្គម៖ អ្នកនិពន្ធ អ្នកប្រៀនប្រដៅខាងសាសនា អ្នកនយោបាយ សិល្បៈករ អ្នកចាត់ចែងកម្មវិធី អ្នកអត្ថាធិប្បាយកម្មវិធី អ្នកកាសែត អ្នកដឹកនាំទាំងឡាយភាគច្រើន សុទ្ធតែចេញពីការងារជាគ្រូបង្រៀន ។ ឧទាហរណ៍ដូចជា ព្រះពុទ្ធលោកបានកាន់ការជាគ្រូបង្រៀន ដល់សព្វសត្វ ទាំងអស់ ក្នុងរយៈពេល ៤៥ ព្រះវស្សា ។ ឯកឧត្តម ជ័យ ចាប មុននឹងបានកាន់ការជាមន្ត្រីរាជការ ដ៏សំខាន់ មួយរូបនាពេលនេះ ក៏ព្រោះតែលោកធ្លាប់ជាគ្រូបង្រៀន ប្រកបដោយបទពិសោធន៍ ខ្ពស់អស់រយៈពេល ជាច្រើនឆ្នាំ និង ធ្លាប់ជាអ្នកល្បីល្បាញ ខាងកិច្ចការតែងនិពន្ធ ជាពិសេសចម្រៀង និង កំណាព្យ ។
២២. ដើម្បីជួយមនុស្សបានច្រើននានា៖ គ្រូបង្រៀន គឺជាបុគ្គលមួយរូប ដែលមានឱកាសច្រើនជាងគេ ក្នុងការជួយស្រោចស្រង់មនុស្ស បង្ហាញផ្លូវត្រូវដល់មនុស្សគ្រប់ប្រភេទ ដោយគ្មានការរើសអើង។ បើទោះណា ជាពេលខ្លះ លោកមិនសូវជាមានធនធានច្រើនយ៉ាងណាក៏ដោយ ក៏លោកនៅតែមានឱកាសជួយសិស្សរបស់ខ្លួន ទៅកាន់ភាពថ្កុំថ្កើងរុងរឿងបានដែរ តាមរយៈការបង្រៀន ការផ្ទេរចំណេះដឹងរបស់ខ្លួន បានទៅដល់សិស្សានុសិស្ស គ្រប់ៗគ្នា ។
២៣. ដើម្បីបង្កើនកម្លាំងពលកម្មដ៏រឹងមាំរបស់ជាតិ ក៏ដូចជាពិភពលោកទាំងមូល៖ គ្រូបង្រៀន គឺជាមាតាបីតាទី២របស់ សិស្សានុសិស្ស ដែលមានអានុភាពខ្លាំងក្លាបំផុត ខាងការពង្រឹងសមត្ថភាពចេះដឹងរបស់សិស្ស ដើម្បីដើរឲ្យទាន់ នឹងតម្រូវការ ទីផ្សារការងាររបស់ជាតិ ក៏ដូចជាពិភពលោក ។
២៤. ដើម្បីបំពេញជាមនុស្សដែលមានអរិយធម៌ខ្ពស់របស់ជាតិក៏ដូចជាពិភពលោក៖ បុគ្គលដែលម្នាក់ៗ មិនដែលគេចផុតការងារជាគ្រូបង្រៀនឡើយ។ ព្រោះថា មនុស្សយើង គឺជាសត្វដែលមានប្រាជ្ញាខ្ពស់ជាងសត្វផ្សេងទៀត។ មនុស្សមានសមត្ថភាព អាចផ្ទេរមត៌កអ្វីៗដែលខ្លួនធ្លាប់មាន មុនពេលខ្លួនលាចាកលោកនេះទៅ។ បើមនុស្សមិនធ្លាប់ បានដើរតួនាទីជាគ្រូបង្រៀនគេទេ នោះមនុស្សមិនទាន់បានបំពេញភារកិច្ច ជាសត្វដែលមានប្រាជ្ញា លើសគេបាន ឡើយ ៕
(សូមរងចាំអាន វគ្គបន្ត)
-------------------------------------------------------------------------
ដោយ៖ គល់រាំង - ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ