ចូលចិត្តបញ្ជូនកូនក្មួយទៅសិក្សា នៅសាលាឯកជន ជាងសាលារដ្ឋ?
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៣ ខែកក្កដា ២០១៤
- កែប្រែចុងក្រោយ: July 24, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គុណភាពអប់រំរបស់សាលាឯកជន ត្រូវបាន មាតាបិតា និងអាណាព្យាបាលសិស្សភាគច្រើន ឲ្យតម្លៃ និងមានទំនុកចិត្តកាន់តែខ្លាំងឡើងៗ ទាំងការថែរទាំ គុណភាពចំណេះដឹង និងទាំងក្រមសីលធម៌របស់សិស្ស។
សិស្សសាលាឯកជនមួយ នៅខេត្តបាត់ដំបង។ (រូបថត betterlives)
ការអប់រំ - បច្ចុប្បន្ននេះ ចំនួនសាលាឯកជន មានចំនួនកាន់តែកើនច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ទាំងនៅរាជធានី និងតាមបណ្ដាខេត្ត។ ការកើនឡើងនេះ មិនមែនគ្មានមូលហេតុរបស់វានោះទេ។ ពីមួយឆ្នាំទៅមួយឆ្នាំ ឪពុកម្ដាយ ឬអាណាព្យាបាលជាច្រើន លែងបញ្ជូនកូនក្មួយរបស់ខ្លួន ទៅរៀននៅសាលារដ្ឋទៀត តែបែរជាបានជ្រើសរើស និងឲ្យតម្លៃលើ ការអប់រំនៅសាលាឯកជន ច្រើនជាងទៅវិញ។ តើមានកត្តាអ្វី ដែលនាំឲ្យសាលាឯកជនមានប្រជាប្រិយភាពជាងសាលារដ្ឋដូច្នេះ?
កញ្ញា ភិន គឹមលាង បុគ្គលិករបស់សាលាឯកជនមួយ បាននិយាយថា សាលាឯកជនមានលក្ខណៈពិសេស ដែលជួយជំរុញឲ្យសិស្ស មានចំណេះដឹងខ្ពស់ ក្នុងនោះដូចជាការពង្រឹងភាសាបរទេស ជាច្រើនភាសា ចាប់តាំងពីថ្នាក់ក្រោមមក និងមានការបង្រៀនពេញម៉ោង ការមើលថែរយកចិត្តទុកដាក់ខ្ពស់ តាំងពីការគេង ញាំបាយ នាំក្មេងលេងជាដើម។ កញ្ញាបានបញ្ជាក់ទៀតថា ការប្រឡងមាន ការតឹងរឹង មិនឲ្យសិស្សចម្លងគ្នាទេ រីឯគ្រូក៏មានជំនាញច្បាស់លាស់ ក្នុងមុខវិជ្ជានីមួយៗក្នុងការបង្រៀនដែរ។
ឪពុកម្ដាយ ឬអាណាព្យាបាល ដែលចង់យកកូនក្មួយរបស់ខ្លួន ទៅចូលរៀននៅសាលាឯកជននោះ ត្រូវបង់ថ្លៃទៅតាមគុណភាព និងកម្មវិធីដែលសាលាត្រូវផ្ដល់ឲ្យទៅសិស្ស។ សាលាឯកជនមួយចំនួន ដែលមានឈ្មោះល្បីហើយនោះ តម្លៃក្នុងការទទួលសិស្ស ក៏មានកម្រិតខ្ពស់ទៅតាមនោះដែរ។ ដូច្នេះ ករណីបង់ប្រាក់នេះ វាចាំបាច់ត្រូវសាលាមានករណីយកិច្ច ក្នុងការផ្ដល់គុណភាពអប់រំ ទៅឲ្យសិស្ស ដូចអ្វីដែលឪពុកម្ដាយ ឬអាណាព្យាបាល សង្ឃឹមចង់បាន។
ការអប់រំ ចងជាប់ដោយការបង់ប្រាក់នេះ បង្ហាញពីភាពខុសគ្នាទៅនឹងសាលារដ្ឋ ដែលមិនតម្រូវឲ្យឪពុកម្ដាយ ឬអាណាព្យាបាល បង់ប្រាក់ឡើយ ក្នុងការឲ្យកូនក្មួយរបស់ផងខ្លួន ចូលទៅរៀន។ ដូច្នេះហើយ គុណភាពអប់រំមិនត្រូវបានធានាដោយសាលាទេ តែជាប្រព័ន្ធដែលកំណត់ដោយ ក្រសួងអប់រំ ឬការកំណត់របស់រដ្ឋ។
តែសម្រាប់ឪពុកម្ដាយ ឬអាណាព្យាបាល មួយចំនួន នៅតែគិតថា សាលារដ្ឋនៅមានគុណភាពគួរឲ្យកត់សម្គាល់ដែរ។ កញ្ញា ហឹម ស្រីពៅ ដែលបញ្ជូនក្មួយស្រី ទៅរៀនទាំងនៅសាលាឯកជន ទាំងសាលារដ្ឋនោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ឲ្យដឹងថា នៅសាលាឯកជន គេបង្រៀនសិស្សឲ្យចេះ ទាំងភាសាបរទេស និងជំនាញកុំព្យូទ័រ និងយកចិត្តទុកដាក់លើសិស្សច្រើន។ រីឯសាលារដ្ឋវិញ ក៏ល្អម្យ៉ាងដែរ ព្រោះលោកគ្រូ អ្នកគ្រូបានបង្រៀង នៅក្នុងវិជ្ជាផ្សេងទៀត និងមានការយកចិត្តទុកដាក់ដល់សិស្ស ដូចគ្នា គ្រាន់តែការផ្តល់ព័ត៍មាន អំពីបញ្ហារបស់សិស្ស នៅមានលក្ខណៈយឺតបន្តិច។
យ៉ាងណាក៏ដោយ ក៏កញ្ញ ហឹម ស្រីពៅ នៅតែគិតថា នៅសាលាឯកជន ដូចជាមានសុវត្ថិភាព សម្រាប់សិស្សច្រើនជាងដែរ។
ជាទូទៅ ការបង់ប្រាក់ចូលទៅរៀន នៅក្នុងសាលាឯកជន ផ្ដល់ឱកាសទៅឲ្យតែគ្រួសារអ្នកមានធនធាន តែប៉ុណ្ណោះ ខណៈសាលារដ្ឋ នៅតែជាជម្រើសតែមួយគត់ របស់ឪពុកម្ដាយ ឬអាណាព្យាបាល ដែលក្រខ្សត់មិនមានធនធានច្រើន។
ជម្រើសខាងលើនេះហើយ ជាការលើកឡើងរបស់ នាយកសាលាបឋមសិក្សាអនុវត្តរាជធានី លោក លឹម សុគន្ធា។ មន្ត្រីគ្រប់គ្រងសាលារូបនេះ បានបញ្ជាក់ថា ចំនួនសិស្សទៅរៀន នៅសាលាឯកជនច្រើន វាអាស្រ័យលើ ម្តាយ ឪពុក របស់សិស្ស តែប៉ុណ្ណោះ។ លោក លឹម សុគន្ធា នៅតែទទួលស្គាល់ថា ការសិក្សានៅសាលារដ្ឋ មានភាពល្អប្រសើរជាង ព្រោះថាសាលារដ្ឋនីមួយៗមានទីធ្លាធំ និងមានផាសុខភាព ហើយលោកគ្រូអ្នកគ្រូ គឺមានចំណេះដឹងខ្ពស់។ ជាពិសេសនោះ មុននឹងក្រសួងបញ្ជូនពួកគាត់ ទៅបង្រៀននៅសាលារដ្ឋនីមួយ លោកគ្រូអ្នកគ្រូទាំងនោះចាំបាច់ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលពី សាលាគរុកោសល្យជាមុនសិន៕