អាគាសិក្សាកញ្ចាស់ៗជិតរលំ នៃអតីតសាលាសម្ដេចឪ ចេះនិយាយ
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១២ ខែកក្កដា ២០១៤
- កែប្រែចុងក្រោយ: July 14, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើរងចាំ ទុកឲ្យមានមេដឹកនាំមន្ទីរ ក្រសួង ឬមេដឹកនាំប្រទេសណាម្នាក់ មើលឃើញពីភាពរយីករយាក ចាស់ទ្រុឌទ្រោម នៃអាគារសិក្សាជាច្រើន របស់វិទ្យាល័យបសេដ្ឋ អតីតវិទ្យាល័យសម្ដេចឪបសេដ្ឋ នោះ ប្រហែលជាគេត្រូវរងចាំរាប់សិបឆ្នាំទៅមុខទៀត។ ដូច្នេះហើយចង់មិនចង់ នៅថ្ងៃនេះ អាគារសិក្សាចាស់ៗទាំងនោះ ចាំបាច់ត្រូវបញ្ចេញខ្លួនឲ្យដឹង ដើម្បីដង្ហោយហៅរកជំនួយ ធ្វើយ៉ាងណាឲ្យមានការជួយសង្គ្រោះខ្លួន មុននឹងអាគារទាំងមូលបាក់ស្រុត រលំគ្រេង ទាំងក្នុងពេលសិក្សារបស់សិស្សានុសិស្ស។
ទិដ្ឋភាពក្នុង និងក្រៅថ្នាក់រៀន នៃវិទ្យាល័យបសេដ្ឋ។ (រូបថត ហ្វេសប៊ុក)
វិស័យអប់រំ - រូបថតជាច្រើន ត្រូវបានបង្ហោះតាមប្រព័ន្ធអ៊ិនធើណែត ក្នុងនោះមួយភាគធំត្រូវបានឃើញផ្សាយតាមបណ្ដាញសង្គម។ កុំថាតែសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ដែលកំពុងមានវត្តមាននៅក្រោមដំបូលអាគារទាំងនោះ បើសូម្បីតែក្រុមអតីតគ្រូបង្រៀន និងអតីតសិស្សនៅវិទ្យាល័យបរសេដ្ឋ ក៏បានរួមគ្នាថតរូបអាគារអតីតវិទ្យាល័យរបស់ខ្លួន បង្ហោះផ្សាយពាសពេញ ដើម្បីបង្ហាញឲ្យដឹង អំពីសភាពចាស់ទ្រុឌទ្រោម ជិតបាក់រលំ នៃអាគារទាំងនេះ។
នៅក្នុងរូបថតទាំងអស់នេះ បានបង្ហាញនៅតាមបន្ទប់នីមួយៗ នូវការលេចធ្លុះធ្លាយ ជញ្ជាំង បង្អូចបែកប្រេះស្រាំ និងមានដំបូលចាស់ ពុកផុយ ងាយ នឹងធ្លាក់មកក្រោម នៅពេលដែលប៉ះទឹក ឫខ្យល់។ នេះគេនៅមិនទាន់និយាយដល់ករណី ដែលមានព្យុះភ្លៀងខ្យល់បកខ្លាំង ហើយអាចធ្វើឲ្យមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ទៅដល់សិស្ស និងគ្រូបង្រៀនដែលកំពុងអង្គុយរៀន និងបង្រៀននៅក្នុងអាគារទាំងនោះផង។
កញ្ញា សុខ លី សាស្ត្រាចារ្យផ្ទាល់នៅវិទ្យាល័យនេះ បាននិយាយថ្លែងពីមូលហេតុ នៃការចុះផ្សាយរូបថតទាំងនេះ ថាមកពីកញ្ញាអាណិតសិស្សខ្លាំងពេក។ អ្នកគ្រូ បាននិយាយថា ៖ «ពួកគេខំរៀនណាស់ ប៉ុន្តែសាលាមិនអំណោយផល»។
ដោយសារនៅក្នុងទីរួមស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺនេះ មានវិទ្យាល័យតែមួយ គឺវិទ្យាល័យបសេដ្ឋ (ក្នុងស្រុកបសេដ្ឋទាំងមូល មានវិទ្យាល័យបី) ដូច្នេះជារៀងរាល់ថ្ងៃ សិស្សច្រើនរយនាក់ ត្រូវធ្វើដំណើរជាច្រើនគីឡូម៉ែត ពីលំនៅដ្ឋានរបស់ពួកគេនៅជុំវិញទីរួមស្រុក ដើម្បីបានមកក្រេបជញ្ជក់ចំណេះដឹង ពីគ្រឹះស្ថានសិក្សាដែលកើតដំបូងគេនេះ។ ប៉ុន្តែដូចជាយុវតី ភួង សុធារី ជាដើម ដែលស្កាត់ក្នុងចម្ងាយផ្លូវជាង៧គីឡូម៉ែត្រ ដើម្បីមករៀនបានរហូតដល់ថ្នាក់ទី ១២ នៅទីនោះ បានរៀបរាប់ពីភាពលំបាវេទនារបស់នាង និងមិត្តរួមសាលារបស់នាង នៅពេលដែលពួកនាង ចូលមកអង្គុយរៀននៅក្នុងថ្នាក់។ នាងបានថ្លែងថា នៅពេលដែលមានភ្លៀងឬខ្យល់ លោកគ្រូអ្នកគ្រូ មិនឲ្យចូលរៀនទេ ព្រោះពួកគាត់បារម្ភពីសុវត្ថិភាពសិស្ស ដែលបណ្ដាលពីអាគារសិក្សា។
រីឯសាស្ត្រាចារ្យមួយរូបទៀត លោក សេង ពិសិដ្ឋ ដែលធ្លាប់បង្រៀនអស់រយៈពេល៧ឆ្នាំ នៅវិទ្យាល័យនេះ បានត្អូញត្អែរពីបទពិសោធន៍ដ៏ជូរចត់ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា នៅពេលមានភ្លៀងធ្លាក់ ឬខ្យល់បក់ម្ដងៗ ការសិក្សារបស់សិស្ស និងការបង្រៀនរបស់លោក បានជួបនឹងឧបសគ្គយ៉ាងខ្លាំង។ លោកគ្រូ បានពន្យល់ថា៖ «ពិបាកបង្រៀនណាស់ ព្រោះមានធ្លាក់ក្បឿងពីដំបូល កំឡុងពេលដែលសិស្សកំពុងរៀនក៍មាន។ ជួនកាលពេលមានភ្លៀងអញ្ចឹង លោកនាយកមិនឲ្យបង្រៀនទេ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់សិស្ស ហើយបញ្ហានេះ គឺដោយសារ អាគារទាំងបួនខ្នងនេះ មានសភាពទ្រុឌទ្រោមខ្លំាងពេក។»
អាគារទាំងបួនរបស់វិទ្យាល័យ មានអាយុមិនតិចជាង៥០ឆ្នាំឡើយ ពោលគឺចាប់ពីពេលដែលសាលារៀន បានសាងសង់រួចនៅឆ្នាំ១៩៦៤ និងត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដោយសម្តេចឳ ព្រះនរោត្តម សីហនុ។
បើតាមសម្តីរបស់លោកនាយកវិទ្យាលល័យនេះ បានឲ្យដឹងថា លោកធ្លាប់បានដាក់សំណើរ ជាញឹកញាប់ដែរ ទៅក្រសួងអប់រំ និងតាមស្ថាប័នអង្គការនានា ប៉ុន្តែមិនឃើញ មានការឆ្លើយតបមកវិញឡើយ។ លោកបានត្អូញត្អែរទៀតថា សាលានេះ ឃើញតែទីតាំង និងបរិស្ថានទេដែលមានសភាពស្រស់ស្អាត តែតាមពិតទៅ បើបានចូលមកមើលផ្ទាល់ គេនឹងយល់ថា វិទ្យាល័យបសេដ្ឋមានសភាពកំសត់តោកយ៉ាកខ្លាំង គួរឲ្យចង់ស្រក់ទឹកភ្នែក ព្រោះតែភាពជរាជ្រុល នៃអាគារសិក្សាទាំងនេះ៕