បក្ស​សង្គ្រោះ​ជាតិ៖ សមាសភាព គ.ជ.ប ត្រូវ​តែ​ថ្មី​ទាំង​អស់

តាមកិច្ចព្រមព្រៀងរវាងគណបក្សធំៗទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ គណបក្សសង្គ្រោះជាតិ នឹងធ្វើការ​ផ្លាស់ប្តូរសមាសភាព គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ចាស់ទាំង៩រូបចេញ។ ឯ​សមាស​ភាព​ថ្មី ជំនួសដោយមន្រ្តីឯករាជ្យ តាមការបោះឆ្នោតរបស់សមាជិកសភា ក្រោយការស្បថចូលសភា របស់គណបក្ស​សង្គ្រោះជាតិ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៤ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 24, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នយោបាយ - ភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោត ព្រោះតែគណបក្សសង្គ្រោះជាតិ មិនអាចទទួលយក​លទ្ធផល ដែលបានប្រកាស ឬរៀបចំដោយ គ.ជ.ប ក្រោយការបោះឆ្នោតនោះទេ។ បក្សប្រឆាំងបានចាត់ទុកលទ្ធផល នៃការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក ជាការក្លែងបន្លំ ដោយមន្រ្តីមានអំណាចមួយចំនួន ក្នុង គ.ជ.ប។

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក រស់ សួរ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាល្ងាចថ្ងៃទី២៥ ខែកក្កដានេះថា ពេលនេះគណបក្សកំពង់ធ្វើការរៀបចំឯកសារ និងជ្រើសរើសសមាសភាពមន្រ្តីចំនួនបីរូប ថែមទៀត ក្រៅពីលោក គួយ ប៊ុនរឿន ដើម្បីដាក់ទៅរដ្ឋសភាដើម្បីអនុម័ត ក្រោយពេលតំណាងរាស្រ្តបក្សសង្គ្រោះជាតិ ចូលកាន់​តំណែងជាផ្លូវការ។

លោកបន្តថា ជាពិសេសជាងនេះទៅទៀតនោះ គណបក្សសង្គ្រោះជាតិបានគិតគូរហើយ មិនចង់ឲ្យមានសមាសភាព​ចាស់នៃ គ.ជ.ប បន្តនៅកាន់តំណែងនោះទេ។ លោកបានបញ្ជាក់ថា បើនៅមានវត្តមានអ្នកចាស់ដដែល បញ្ហាក្រោយ​ការបោះឆ្នោតនៅតែកើតមានដដែល។ មិនអាចធ្វើការដោះស្រាយបានល្អនោះទេ។ «មិនចង់ឲ្យមានអ្នកចាស់​នៅ​ហ្នឹង​ទេ ត្រូវធ្វើការផ្លាស់ប្តូរដាក់អ្នកថ្មី ដែលឯករាជ្យវិញ។ (...) ជារូបមន្តថ្មី នៃការជ្រើសរើសសមាសភាព គ.ជ.ប ដែលកើត​ចេញពីកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដានេះ។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីមន្រ្តីជាន់ខ្ពស់នៃគ.ជ.ប បានទេនាល្ងាចនេះ។ មន្រ្តីគណបក្ស​សង្គ្រោះជាតិដដែល បានបញ្ជាក់បន្ថែមថា ពេលនេះគ.ជ.ប បានទទួលនូវសេចក្តីជូនដំណឹង ស្តីពីការផ្លាស់ប្តូរ​សមាស​ភាពនោះហើយ។ លោកបញ្ជាក់ថា ពិសេសឈ្មោះបេក្ខជនតំណាងរាស្រ្ត មណ្ឌលកំពង់ចាមជំនួសលោក គួយ ប៊ុនរឿន នោះគឺលោក សម រង្ស៊ី ដែលបានចាត់ចែងរួចរាល់កាលពីម្សិលម៉ិញ។

មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចសុំការបញ្ជាក់ពីបែបបទ និងការ​កំណត់​សមាសភាពថ្មីនៃសមាជិក គ.ជ.ប មកពីគណបក្សមួយនេះបានទេ នៅល្ងាចនេះ។

មន្ត្រីជាន់ខ្ពស់របស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត លោក មាន សាទិ ធ្លាប់បានទទួលស្គាល់នូវភាពកម្សោយ និង​អសមត្ថភាពរបស់ថ្នាក់ដឹកនាំ ក្នុងការគ្រប់គ្រងស្ថាប័ន គ.ជ.ប ឲ្យមានអំណាច និងឯករាជ្យភាពនោះ។ ក្នុងសន្និសីទ​សារព័ត៌មានកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤កន្លងមក លោកធ្លាប់បានលើកឡើងថា បើគណបក្សទាំងពីរមាន​ការឯកភាពគ្នា នាពេលខាងមុខ លោកសង្ឃឹមថា នឹងមានច្បាប់ថ្មីសម្រាប់គ្រប់គ្រង និងផ្តល់ឱកាសច្រើន​ដល់គ.ជ.ប ថ្មីនោះ។ «ខ្ញុំសង្ឃឹមថា “ច្បាប់” ក្រោយនឹងខ្លាំង ឲ្យអំណាចទៅ គ.ជ.ប គ្រប់គ្រងលើស្ថាប័ននានា ដើម្បីឲ្យក្លាយជា “ខ្លាមែនទែន” កុំឲ្យជា “ខ្លាក្រដាស ឬខ្លាងាប់” ដូចពួកខ្ញុំទៀតបាទ! (...) ខ្ញុំសង្ឃឹមថា នីតិវិធីលើកក្រោយ នឹងសំអាង​លើច្បាប់លើកក្រោយ ដែលល្អជាងហ្នឹង។»

ចំណែកសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោតនេះ ក៏ធ្លាប់បានលើកជាច្រើន នូវគុណវិបត្តិរបស់​មន្រ្តីមួយចំនួន ក្នុង គ.ជ.ប ពិសេសថ្នាក់ដឹកនាំតែម្តង។ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បី​ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤នេះ ធ្លាប់ធ្វើការរិគន់ខ្លាំងៗថា៖ «បើ គ.ជ.ប ត្រឹមត្រូវ អំណាចដែលបានមក ក៏ត្រឹមត្រូវដែរ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...