អំ សំអាត៖ ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខណៈ​នេះ ជា​សម្ពាធ​នយោបាយ

យ៉ាងហោចណាស់ប្រជាពលរដ្ឋចំនួន១៤ នាក់/អង្គ ដែលត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់។ ការចាប់ខ្លួននេះ ត្រូវបាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា ជា​លំអាន​ចាស់​របស់​រដ្ឋាភិបាល ដែលកំពុងបន្តដំណើរដាក់សម្ពាធ ឬ​រុញ​ទៅ​ក្នុង​រឿង​នយោបាយ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី១២ វិច្ឆិការ ២០១៤
  • កែប្រែចុងក្រោយ: November 12, 2014
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីច្បាប់ គ.ជ.ប ដែល​បាន​ឈាន​ទៅ​រក​ការ​បញ្ចប់ កិច្ច​ពិភាក្សា​ក្រុម​ការងារ​បច្ចេក​ទេស និង​ការ​រុញ​ដាក់​ថ្នាក់​ដឹក​នាំ ជា​អ្នក​សម្រេច​ចុង​ក្រោយ​នោះ ស្រាប់​តែ​​កើត​មាន​ការ​ចាប់​ខ្លួន​ពលរដ្ឋ និង​ព្រះ​សង្ឃ រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន សកម្ម​ជន​គណបក្ស​ប្រឆាំង ជា​បន្ត​បន្ទាប់។

មន្ត្រីជាន់ខ្ពស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត បានថ្លែង​ចាត់​ទុក​ករណី​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ និង​ព្រះ​សង្ឃ ព្រម​ទាំង​សកម្ម​ជន​គណបក្ស​ប្រឆាំង​នោះ ជា​ការ​ផ្សារ​ភ្ជាប់​ទៅ​នឹង​រឿង​នយោបាយ។ លោក​បាន​ធ្វើការ​ពន្យល់​ថា ដោយ​បញ្ហា​ច្បាប់ គ.ជ.ប នៅ​មិន​ទាន់​មាន​ការ​ត្រូវ​គ្នា​ទាំង​មូល​នោះ វា​អាច​​ជា​មូល​ហេតុ​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន ក្នុង​ការ​ចាប់​បង្ខំ​ឲ្យ​មាន​ការ​ទទួល យក​នូវ​ផ្នែក​ណា​មួយ ដែល​មិន​ទាន់​ត្រូវ​គ្នា​នៃ​ច្បាប់​នេះ ពី​គណបក្ស​ប្រឆាំង។ លោក​បាន​ថ្លែង​ថា៖ «នេះ​ជា​ធម្មតា​ដែល​យើង​ឃើញ ជា​សម្ពាធ​មួយ​ដើម្បី​ចរចា​ផ្នែក​នយោបាយ»។

មន្ត្រីជាន់ខ្ពស់អង្គការសិទ្ធិមនុស្សលីកាដូ រូបនេះលើកឡើងថា សម្រាប់ក្រុមអ្នកបឹងកក់ បើគ្រាន់តែជាបញ្ហា ធ្វើឲ្យស្ទះចរាចរនោះ មិនអាចឈានដល់ការចាប់ខ្លួន និងកំណត់ឲ្យមានទោសក្នុងពន្ធនាគារយ៉ាងដូច្នេះទេ។ ព្រោះ​ថា ពួកគាត់ក៏មិនបានធ្វើអ្វី ដែលនាំឲ្យមានការរាំងស្ទះ ដល់ចរាចរធ្ងន់ធ្ងរនោះដែរ។ ហើយអ្វីដែល​ពួក​គាត់បានធ្វើ និងស្នើសុំនោះ គ្រាន់តែស្វែងរកជំនួយ ក្នុងការដោះស្រាយបញ្ហា«ទឹកលិច» នៅតំបន់បឹងកក់ ដែល​ជាផ្ទះរបស់ពួកគាត់កំពុងរស់នៅប៉ុណ្ណោះ។ រីឯខាងអាជ្ញាធរ មិនបានធ្វើការដោះស្រាយសម្រាប់ពួកគាត់ឡើយ តែបែរជាធ្វើការចាប់ខ្លួនពួកគាត់ និងបន្តចាប់ខ្លួនបន្ថែមទៀត។

មន្រ្តីសិទ្ធិមនុស្សដដែល បានបន្ថែមថា យ៉ាងណាក៏ដោយ ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បានបើក​សវនាការ «បិទទ្វារ» ដោយសម្រេចចោទប្រកាន់ ទៅលើស្រ្តីទាំងនោះក្នុងបទចោទ «បង្កឧបសគ្គ​ដល់​ចរាចរណ៍»។ ពួកគេត្រូវទទួលទោសក្នុងម្នាក់ៗ ជាប់ពន្ធនាគារពេញមួយឆ្នាំ (គ្មានការព្យួរទោស) និងពិន័យ​ជា​ប្រាក់ពីរលានរៀល។

សូមរំលឹកថា អ្នកបឹងកក់ទាំងប្រាំពីរនាក់ ដែលបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកានោះត្រូវបាន​ឃុំខ្លួន​នៅពន្ធនាគារព្រៃស។ ក្នុងថ្ងៃដដែលវេលាម៉ោងជាង១០ព្រឹកនោះ លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ ក៏ត្រូវចាប់ខ្លួន ក្នុងបទចោទដោយឡែក ពីបទផ្ដើម​គំនិតឲ្យមានហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងដឹកនាំ​ចលនា​កុបកម្មខុសច្បាប់។

លោក មាជ សុវណ្ណរ៉ា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការសាកសួរជាលើកទីពីរ ក្នុងបទចោទ​តែមួយ និងសម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃសរ។ លោកអាចជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំ បើតុលាការរកឃើញថា លោកពិតជាមានទោសមែននោះ។

ឯពលរដ្ឋជាស្រ្តីបីនាក់ផ្សេងទៀត និងព្រះសង្ឃមួយអង្គ ក៏ត្រូវបានចាប់ខ្លួនបន្តបន្ទាប់ក្នុងថ្ងៃទី១១ ខែវិច្ឆិកា​ដដែល ដោយរង់ចាំការសម្រេច របស់តុលាការក្នុងថ្ងៃទី១២ ខែវិច្ឆិកានេះ។ ហើយព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ក៏មានព្រះសង្ឃពីរអង្គផ្សេងទៀត ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនពីវត្តសាមគ្គីរង្សី ដោយគ្មានបញ្ជាក់ពី​មូលហេតុ​ឡើយ។

សូមទស្សនាកិច្ចសម្ភាសលោក អំ សំអាត ជាមួយអ្នកសារព័ត៌មាន កាលពីព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ម្សិល​ម៉ិញ​នេះ ដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...