សម រង្ស៊ី៖ ត្រូវដោះស្រាយតាម«ច្បាប់» មិនមែន«បង្ហូរឈាមរវាងខ្មែរនិងខ្មែរ»ទេ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ វិច្ឆិការ ២០១៤
- កែប្រែចុងក្រោយ: November 12, 2014
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងទំព័រហ្វេសប៊ុករបស់លោក ដែលមានឈ្មោះថា សម រស្ស៊ី (Sam Rainsy) ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានបង្ហាញនូវគោលជំហរធំៗចំនួនពីរ ទីមួយ ការចូលទៅបំពេញតួនាទីនៅក្នុងរដ្ឋសភា និងទីពីររបៀបដោះស្រាយបញ្ហា នៅរដ្ឋសភាតាមនីតិវិធីច្បាប់។
ទំនងលើកឡើងឆ្លើយតប ទៅនឹងការចាប់ខ្លួន ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិនោះ លោក សម រង្ស៊ី ស្នើឲ្យមានការដោះស្រាយគ្រប់បញ្ហា នៃរឿង ដែលត្រូវតែធ្វើឡើងទៅតាមច្បាប់ មិនមែនតាមបែបហិង្សា និងការប្រទ្រូសប្រត្រាយគ្នាឡើយ។ លោកសរសេរថា៖ «ត្រូវធ្វើតាមនីតិវិធីច្បាប់ ដោយមានការជជែកគ្នា និងដោយសន្តិវិធី»។
មេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ បានសរសេរបញ្ជាក់ថែមទៀតថា៖ «យើងត្រូវលើកតម្កើងវប្បធម៌សន្ទនា ដែលចៀសវាងការបង្ហូរឈាមរវាងខ្មែរនិងខ្មែរ ហើយនាំមកនូវការចេះគោរពគ្នា ទៅវិញទៅមក។ ដូច្នេះ ទោះជាការតស៊ូរបស់គណបក្សសង្គ្រោះជាតិ មិនមានលក្ខណៈប្រទ្រូសប្រត្រាយ ដូចកាលយើងធ្វើមហាបាតុកម្មក៏ដោយ ក៏យើងនៅតែរក្សា គោលជំហររបស់យើងដដែល។ ហើយខិតខំជានិច្ច ក្នុងការបំពេញឆន្ទៈប្រជារាស្រ្ត ដែលទាមទារយុត្តិធម៌ និងសិទ្ធិសម្រេចវាសនារបស់ខ្លួន ដោយខ្លួនឯង តាមរយៈការបោះឆ្នោតត្រឹមត្រូវ សេរី និងយុត្តិធម៌ ។»
លោក សម រង្ស៊ី ក៏បានអះអាងបន្ថែមដែរ ពីជំហររបស់ខ្លួន ដែលបាននឹងកំពុងចូលរូមក្នុងរដ្ឋសភា ក្រោយកិច្ចព្រមព្រៀងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ថា មិនមែនជាការចូលរួមក្នុងរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ។ តែវាជាការចូលទៅធ្វើការ ក្នុងរដ្ឋសភាជាតិ ដែលតំណាងឲ្យអំណាចនីតិបញ្ញត្តិ ដោយគ្រាន់តែទៅយកតំណែងជាតំណាងរាស្រ្ត តាមឆន្ទៈប្រជារាស្រ្ត ដែលបានបោះឆ្នោតផ្តល់តំណែងទាំងនោះ ឲ្យប៉ុណ្ណោះ៕