ប្រសិនបើបក្សកាន់អំណាចចាញ់ឆ្នោត នៅកម្ពុជាដូចនៅភូមា...
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១០ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 12, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចំពោះភាពជោគជ័យ នៃការបោះឆ្នោតរបស់គណបក្សប្រឆាំង នៅប្រទេសភូមានេះ លោក សម រង្ស៊ី មេបក្សប្រឆាំងនៅកម្ពុជា ក៏បានសរសេរសារមួយយ៉ាងខ្ លីក្នុងទំព័រហ្វេសប៊ូករបស់លោកថា ជ័យជំនះ នៃគណបក្សសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) នៃប្រទេសភូមា ជាដំណឹងវិជ្ជមានមួយ សម្រាប់លទ្ធិប្រជាធិបតេយ្យ ទូទាំងពិភពលោក ជាពិសេសសម្រាប់ប្រទេសកម្ពុជា។
កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមកនេះ គណបក្សកាន់អំណាច នៃប្រទេសភូមា បានបង្ហាញ និងទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតជាសាកល ជាលើកដំបូង ក្នុងរយៈកាលជាង២៥ឆ្នាំមកនេះ។ លោក ហតៃ អូ (Htay Oo) ប្រធានស្ដីទីគណបក្សកាន់អំណាច នៃប្រទេសភូមា តាមរយៈទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ថា៖ «យើងចាញ់ហើយ។ ការរាប់សន្លឹកឆ្នោត គឺកំពុងបន្ដនៅឡើយ ហើយលទ្ធផលជាផ្លូវការ ក៏មិនទាន់ប្រកាសដែរ។ ប៉ុន្ដែបើតាមលទ្ធផលបណ្ណោះអាសន្ន បានឲ្យដឹងថា គណបក្សអ្នកស្រី អ៊ុងសាន ស៊ូជី បាននាំមុខ ក្នុងការបោះឆ្នោតនេះហើយ។»
លោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ ក៏បានលើកឡើងដែរថា ការបោះឆ្នោត ភាពជោគជ័យ និងការទទួលស្គាល់ការបរាជ័យ របស់បក្សកាន់អំណាចបែបយោធា នៃប្រទេសភូមានេះ នឹងធ្វើឲ្យប្រជារាស្រ្តខ្មែរយកជាគំរូ សម្រាប់ការបោះឆ្នោត នៅកម្ពុជាក្នុងឆ្នាំ២០១៨ ខាងមុខ។ លោកបានបញ្ជាក់ទៀតថា ការផ្លាស់ប្តូរនៅភូមា ជា«សញ្ញាវិជ្ជមាន» នៃការផ្លាស់ប្តូរនៅកម្ពុជា នាឆ្នាំ២០១៨។
តំណាងរាស្រ្តគណបក្សប្រឆាំង បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ប្រជាពលរដ្ឋកម្ពុជា នឹងស្អប់ខ្ពើម អ្នកគម្រាមថា មានសង្រ្គាម ដូចប្រជាពលរដ្ឋភូមាដែរ រួចប្តូរអ្នកគម្រាមបង្កសង្គ្រាម នោះចេញ។ គម្រាមមានសង្រ្គាមកាន់ច្រើនដង ចាញ់ឆ្នោតកាន់តែឆាប់ មើលឧទាហរណ៏ នៅភូមាជាគំរូស្រាប់។ NLD ឈ្នះភ្លូកទឹកភ្លូកដី ២០១៥ CNRP នឹងឈ្នះភ្លូកទឹកភ្លូកដី ឆ្នាំ២០១៨។ ពេលនោះ ខ្មែរនឹងចេញផុត ពីឥទ្ធិពលយួននៅកម្ពុជា ក្តីស្រមៃរបស់ ហូជីមិញ នឹងរលាយសាបសូន្យ។ ជោគជ័យនៃការផ្លាស់ប្តូរនៅភូមា ជាជោគជ័យនៃការផ្លាស់ប្តូរនៅកម្ពុជា។ របបយោធានិយម និងរបបផ្តាច់ការ ប្រជាជនតែងតែស្អប់ខ្ពើម និងផ្លាស់ប្តូរចេញ។ សង្ឃឹមថា ឆ្នាំ២០១៨ មេដឹកនាំខ្មែរ ហ៊ានទទួលស្គាល់ការពិតថា ខ្លួនចាញ់ឆ្នោត និងមិនបង្កសង្រ្គាម ដោយគិតពីសេចក្តីសុខ របស់រាស្រ្តជាធំ ជាជាងអំណាចខ្លួនឯង តម្កល់ជាតិជាធំ ដូចមេដឹកនាំភូមា។»
លោក សំអាន បានស្រង់សម្តីអ្នកស្រី អ៊ុងសាន ស៊ូជី ម្ចាស់ពានរង្វាន់ណូបែល សន្តិភាព (ឆ្នាំ១៩៩១) ដែលជាមេដឹកនាំគណបក្សប្រឆាំង នៅភូមា មកបញ្ជាក់ថា៖ «១សន្លឹក(ឆ្នោត)ប្រហារជិវិតរបបផ្តាច់ការ។ (...) កុំទុកឲ្យភាពភ័យខ្លាច រារាំងអ្នក។»
ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋថា ក៏បានលើកឡើងថា បើការបោះឆ្នោតនៅន្រទេសភូមា ហើយគណបក្សរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ឈ្នះឆ្នោត នោះពិតជាគំរូល្អមួយ សម្រាប់ប្រទេសកម្ពុជា។ ព្រោះគណបក្ស ដែលទទួលបានការគាំទ្រច្រើន ពីប្រជាពលរដ្ ឋពិតជាទទួលបាននូវយុត្តិធម៌ ដោយសេរី បើទោះបីរដ្ឋាភិបាលយោធា ជាអ្នកក្តោបក្តាប់អំណាច និងបើទោះជាមេដឹកនាំយោធាថ្មីៗនេះ បានគម្រាមថា «បើខ្លួនចាញ់ នឹងមានសង្គ្រាម ដូចលោក ហ៊ុន សែន គម្រាមនៅកម្ពុជា» ក៏ដោយ។
ប្រធានគណបក្សអំណាចខ្មែរ បានលើកឡើងការបោះឆ្នោត នៅភូមានោះ ពិតជាសំខាន់ណាស់ សម្រាប់ជាបទពិសោធន៍ថ្មីមួយ នៃការបោះឆ្នោតនៅកម្ពុជា នាពេលខាងមុខនេះ។ លោកលើកឡើងទៀតថា៖ «តែបើចាញ់អត់សង្គ្រាមវិញ វារឹតតែជាគំរូល្អមួយ សម្រាប់ការផ្លាស់ប្តូរ សម្រាប់ឲ្យអ្នកនយោបាយខ្មែរ ពិសេសគណបក្សកាន់អំណាចនេះ ត្រូវទទួលស្គាល់ការពិត។ (...) ដូចលោក ហ៊ុន សែន លោកឡើងថា បើលេងកុំខឹង បើខឹងកុំលេង។»
អ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក សារទរចំពោះការបោះឆ្នោត នៅប្រទេសភូមា ក្នុងឆ្នាំ២០១៥ និងការបោះឆ្នោត នៅប្រទេសថៃ ក្នុងឆ្នាំ២០១៦ ជាឧទាហរណ៍មួយសម្រាប់កម្ពុជា ក្នុងការផ្លាស់ប្តូរមុខមាត់ថ្មី ក្រោយការបោះឆ្នោត ឆ្នាំ២០១៧ និង២០១៨ ខាងមុខនេះ តាមរយៈការប្រគល់អំណាច ដោយសន្តិវិធី។
លោក កែម ឡី បានសរសេរថា៖ «ករណីរបបយោធាភូមា ទទួលលទ្ធផលបោះឆ្នោត២០១៥នេះ និងប្រទេសថៃរៀបចំបោះឆ្នោតជាថ្មី នៅឆ្នាំ២០១៦ កម្ពុជាអាចមានការផ្លាស់ប្តូរ មុខមាត់ថ្មី ដែលមេដឹកនាំ “ពិបាកបំផុត” ក្នុងការប្រើប្រាស់ សារនយោបាយគំរាមពលរដ្ឋខ្មែរ ពីរឿងសង្គ្រាម និងចៀសមិនផុត ពីការរៀបចំយន្តការផ្ទេរអំណាច ដោយសន្តិវិធី នៅថ្នាក់មូលដ្ឋាន នៅឆ្នាំ២០១៧ និងថ្នាក់ជាតិនៅ២០១៨។ (...) នយោបាយនៅភូមា និងថៃ ជាកត្តាស្លាប់រស់ នៃនយោបាយខ្មែរ។ (...) មេដឹកនាំដែលឆ្លាត ជាមេដឹកនាំដែលចុះចេញពីអំណាច ពេលដែលខ្លួនមានអំណាចបំផុត និងមានប្រជាប្រិយភាពបំផុត។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី លោកផៃ ស៊ីផាន នារសៀលនេះបានទេ ដោយពុំអាចភ្ជាប់ទំនាក់ទំនងបាន។ គេមិនបានឃើញរដ្ឋាភិបាលកម្ពុជា ប្រតិកម្មអ្វីជាផ្លូវការ ទៅនឹងការឈ្នះឆ្នោត របស់គណបក្សប្រឆាំងនៅប្រទេសភូមាឡើយ។ ទំព័រហ្វេសប៊ុក របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាទំព័រហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល មិនឃើញមានការលើកឡើងអ្វី ជុំវិញការទទួលស្គាល់ ពីភាពបរាជ័យ របស់គណបក្សកាន់អំណាច ស្និតនឹងមេដឹកនាំយោធា នៅក្នុងការបោះឆ្នោតសកល នៅប្រទេសភូមាននោះឡើយ។ គណបក្សកាន់អំណាចភូមា ដែលធ្លាប់ជាមិត្ត របស់គណបក្សប្រជាជនកម្ពុជា ហើយដែលធ្លាប់ត្រូវបានលោក ហ៊ុន សែន រំលឹកយកមកថ្លែង ជាញយដង៕
--------
» ទស្សនាបន្ថែម នូវការបកស្រាយរបស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ៖
-----------------