ហោ ណាំហុង ពន្យល់​​ពី​ចំណុចសំខាន់ ក្នុង​ជម្លោះ​ទឹកដី​ជា​មួយ​ថៃ

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (techno) ថ្ងៃទី១០ វិច្ឆិកា ២០១៥ បានអបអរសាទរ ចំពោះខួបពីរឆ្នាំ(១១ ខែវិច្ឆកា ឆ្នាំ២០១៣) នៃការទទួលជ័យជំនះ លើប្រទេសថៃ នៃសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងការបកស្រាយសាលក្រម ឆ្នាំ១៩៦២។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១០ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 12, 2015
  • ប្រធានបទ: ទឹកដី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាថ្មីម្ដងទៀត រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអះអាងជាសាធារណៈថា រដ្ឋាភិបាលកម្ពុជា ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើការប្តេជ្ញាចិត្តការពារបូរណភាពទឹក ដោយមិនឲ្យមានការបាត់បង់ មួយ​ចង្អាមណាឡើយ មិនថាផ្នែកណាមួយ ឬជ្រុងណាមួយ នៃប្រទេសកម្ពុជានោះទេ។

ថ្លែងនៅក្នុងពិធីអបអរសាទរ អបអរសាទរ ចំពោះខួបពីរឆ្នាំ (១១ ខែវិច្ឆកា ឆ្នាំ២០១៣) នៃការទទួលជ័យជំនះ លើប្រទេសថៃ នៃសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងការបកស្រាយសាលក្រម ឆ្នាំ១៩៦២ រៀបចំឡើង ដោយយុវជននៃវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (Techno) និងមានការចូលរួម ពីយុវជន​និស្សិត ប្រមាណជាង៥០០នាក់នោះ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានលើកយកមកពន្យល់ នូវបទពិសោធន៍សំខាន់ៗមួយចំនួន ដែលទាក់ទងនឹងការតវ៉ាតាម​ផ្លូវច្បាប់ របស់កម្ពុជា ដើម្បីទាមទារ ការគ្រប់គ្រងប្រាសាទព្រះវិហារ ពីប្រទេសថៃមកវិញ។

លោករដ្ឋមន្ត្រីបានរំលឹកថា កម្ពុជាទទួលបានឯករាជ្យ ពីប្រទេសបារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយ​អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ។ នៅឆ្នាំ១៩៥៤ ថៃបានចូលមកកាន់កាន់ ប្រាសាទព្រះវិហារតែម្តង។ មកដល់ឆ្នាំ១៩៥៩ ខែតុលា ថ្ងៃទី៦ អតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ ក៏បានប្តឹងទៅតុលាការយុត្តិធម៌​អន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញពីបទពិសោធន៍ នៃយុទ្ធសាស្ត្រផ្លូវ​ច្បាប់​នានា ក្នុងការការពារប្រាសាទ និងតំបន់ប្រាសាទព្រះវិហារ នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ តាមរយៈសាលក្រមឆ្នាំ១៩៦២ របស់តុលាការយុត្តិធម៌អន្តរជាតិ និងដំណើរការតតាំងក្តី នៅតុលាការក្រុង​ឡាអេ កាលពីឆ្នាំ២០១៣កន្លងមកនេះ។

បឋកថាផ្នែកអង្គហេតុ លោក ហោ ណាំហុង ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ បានធ្វើការរំលឹកថា៖ «តុលាការ​បានសំអាងថា ថៃបានទទួលយកផែនទីឧបសម្ព័ន្ធ១ មានន័យថាបាន ទទួលស្គាល់ខ្សែ​នៅលើផែនទីនោះ ថា​ជាខ្សែព្រំដែនរវាងប្រទេសទាំងពីរ។ ថៃពុំបានតវ៉ាឡើយ ហើយបានស្នើសុំ១៥ច្បាប់បន្ថែមទៀត។ (...) ក្នុង​ឱកាសទស្សនកិច្ ចនៅប្រាសាទព្រះវិហារក្នុងឆ្នាំ១៩៣០ របស់ព្រះអង្គម្ចាស់ដាមរ៉ុង (Damrong) បារាំង​បាន​ទទួល នៅប្រាសាទព្រះវិហារ ដោយមានទង់ជាតិ របស់បារាំង។ អនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ បាន​បង្កើត​គណៈកម្មការចំរុះមួយ ដើម្បីធ្វើការខណ្ឌសីមាព្រំដែន ហើយគណៈកម្មការនេះ បានគូសផែនទី​ឧបសម្ព័ន្ធ១ នៅឆ្នាំ១៩០៨។ តុលាការបដិសេធទឡ្ហីករណ៍ថៃ ដែលថាខ្សែព្រំដែន ដើរតាមខ្សែបែងចែកទឹក ដូច​បាន​លើក​ឡើង​ក្នុងអនុសញ្ញាឆ្នាំ១៩០៤។»

ឯផ្នែកអង្គច្បាប់ លោក ណាំហុង បានពន្យល់ថា៖ «ប្រាសាទព្រះវិហារ ស្ថិតក្នុងទឹកដី ក្រោមអធិបតេយ្យ​ភាព​របស់កម្ពុជា។ ប្រទេសថៃ មានកាតព្វកិច្ច ដកទ័ព ប៉ូលីស និងកំលាំងយាមល្បាតរបស់ខ្លួន ចេញពីប្រាសាទ និងតំបន់ជុំវិញប្រាសាទ ក្នុងទឹកដីកម្ពុជា។ ថៃមានកាតព្វកិច្ច ត្រូវប្រគល់វត្ថុទាំងអស់ មកឲ្យកម្ពុជាវិញ។»

តាមរយៈសាលក្រម របស់តុលាការយុត្តិធម៌អន្តរជាតិ ថ្ងៃ១៥ មិថុនា ១៩៦២ នេះ លោក ហោ ណាំហុង បាន​លើកឡើងថា ភាគីថៃ បានទទួលយល់ព្រមទទួលយក អង្គហេតុ និងអង្គច្បាប់ នៃសាលក្រមនេះ។ លោកថា បច្ចុប្បន្ននេះ ប្រាសាទព្រះវិហារ បានក្លាយជាសម្បត្តិ បេតិកភណ្ឌពិភពលោក​ហើយ។

ក្នុងកម្មវិធី «បទពិសោធន៍ នៃយុទ្ធសាស្រ្តផ្លូវច្បាប់ ដើម្បីការពារប្រាសាទ និងតំបន់ប្រាសាទព្រះវិហារ នៅ​តុលាការ​យុត្តិធម៌អន្តរជាតិ នៅក្នុងរយៈពេលកន្លងមក» លោក ហោ ណាំហុង ចុងបញ្ចប់នៃបឋកថា លោក​បាន​ធ្វើការ​អះអាងថា៖ «ការបកស្រាយ នៅតុលាការយុត្តិធម៌ អន្តរជាតិ បានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា រាជ​រដ្ឋាភិបាល​កម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្រ្តី បានប្តេជ្ញាការពារបូរណភាពទឹកដី របស់កម្ពុជា​ទាំង​ខាង​លិច ខាងកើត និងខាងជើង សូម្បីផ្ទៃដី៤,៦គម២ ក៏ចំណាយថវិកា និងពេលវេលា ទៅតវ៉ា​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែរ។»

--------------------------------


» សូមស្តាប់ការបកស្រាយទាំងស្រុងដូចខាងក្រោម៖

------------------------------------

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...